ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

​កម្ពុជា-ចិន​៖ ​ទំនាក់​ទំនង​ដែល​ផ្ដល់​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​
 
ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង) @Belt&Road News

ថ្ងៃ​អង្គារ ទី​០១​តុលា​ស្អែក​នេះ គឺជា​ខួប​គម្រប់​៧០​ឆ្នាំនៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ អ៊ឹម រចនា សូម​ឆ្លៀត​ឱកាស​នេះ រំលឹក​ជូន​លោក​អ្នក​អំពី​ប្រវត្តិ​ទំនាក់​ទំនង​ការទូត​រវាង​​​ចិននិង​កម្ពុជា​។ ជា​ទំនាក់​ទំនង​ចាស់​វស្សា ដែល​គេ​មើល​ឃើញ​ថា ផ្ដល់​​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​​។ 

ថ្វី​ត្បិត​តែ​កម្ពុជា​និង​ចិន​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវ​ការ​នៅ​​ខែ​កក្កដា ឆ្នាំ​១៩៥៨​ ក៏​ពិត​មែន ប៉ុន្តែ​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ គឺ​សម្ដេច សីហនុ និង​នាយករដ្ឋ​មន្ដ្រី​ចិន ជូ អេនឡាយ បាន​ជួប​គ្នា និង កសាង​ទំនាក់ទំនង​មិត្ត​ភាព​តាំងពី​ឆ្នាំ​១៩៥៥​មក​ម្ល៉េះ​។ គឺ​នៅ​ពេល​ដែល​លោក​ទាំង​ពីរ ចូល​រួម​នៅ​ក្នុង​សន្និសីទ​បណ្ដា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​បានឌុង ប្រទេស​ឥណ្ឌូនេស៊ី​។

អតីត​លេខា​ផ្ទាល់​សម្ដេច​ សីហនុ លោក Julio Jeldres បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយនៅ​ឆ្នាំ​២០១២​ថា សម្ដេច​ សីហនុ សព្វ​ព្រះ​ទ័យ​លោក ជូ អេនឡាយ ព្រោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​មហា​អំណាច​ចិន​រូប​នេះ ចេះ​ដាក់​ខ្លួន ឱនលំទោន គោរព​ទ្រង់​។ គារវកិច្ច​ដ៏​ទន់​ភ្លន់​របស់​លោក ជូ អេនឡាយ បាន​ធ្វើ​ឲ្យ​សម្ដេច​ឪ សីហនុ ទ្រង់​មាន​ព្រះ​ទ័យ​យល់​ថា ចិន​ដែល​ជា​ប្រទេស​មហា​អំណាច ផ្ដល់​តម្លៃ​ស្មើ​មុខ​ស្មើ​មាត់​ដល់​ព្រះ​អង្គ និង កម្ពុជា​។

ទំនាក់ទំនង​ពិសេសជាមួយ​ថ្នាក់​ដឹក​នាំ​ចិន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ទ្រង់ សីហនុ ​សម្រេចព្រះ​ទ័យ​​យាង​ទៅ​ជ្រក​កោន​នៅ​ទីក្រុង​ប៉េកាំង​ ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ព្រះ​អង្គ នៅ​ថ្ងៃ​ទី​១៨​មីនា​ឆ្នាំ​១៩៧០​។

ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​បន្ត​មាន​ជាប់​លាប់ បើ​ទោះ​បី​ជា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​ខ្មៅ​ងងឹត​​ក៏​ដោយ​។ នៅ​ក្នុង​របប​ខ្មែរ​ក្រហម ចិន​បានផ្ដល់​ជំនួយ​និង​​បញ្ជូន​អ្នក​ជំនាញ​ការ​ចន្លះ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​នាក់ ឲ្យ​មក​ធ្វើ​ការ​នៅ​កម្ពុជា ធ្វើ​ជា​ទាហាន កម្មករ វិស្វករ វេជ្ជបណ្ឌិត និង​សាស្ត្រាចារ្យ​។ ប៉ុន្តែ​ជំនួយ​របស់​ចិន ដល់​ពួក​ខ្មែរ​ក្រហម​ត្រូវ​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​១៩៩៣​។

ក្នុង​ឆ្នាំ​១៩៩៣ នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ក្បាល​ពី​របស់​កម្ពុជា ចិន​ពី​ដំបូងបង្កើត​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែ​ក្រោយ​មក​នៅ​ពេល​ដែល​បក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ចាប់​ផ្ដើម​ចុះ​ខ្សោយ ក្រុង​ប៉េកាំងបាន​​ងាក​ទៅ​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្ដង។ នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៦ ចិន​បាន​បញ្ជូន​បក្សី​ស្លាប​ដែក​មក​ទទួល​លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​។ បន្ទាប់​ពី​នោះ​មក ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​រវាង​ប៉េកាំង​និង​ភ្នំពេញ បាន​ស្ដែង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​តាម​រយៈ ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ចជា​ញឹក​ញាប់​រវាង​​ប្រមុខ​ដឹក​នាំ​និង​មន្ដ្រី​ជាន់​ខ្ពស់​នៃ​​ប្រទេស​ទាំង​ពីរ និង​ជំនួយ​របស់​ចិន​ដល់​កម្ពុជា​។

រហូត​មក​ទល់ឥឡូវ ប្រទេស​ចិន​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​បរទេស​ធំ​ជាង​គេ​សម្រាប់​កម្ពុជា។ ប្រទេស​ចិន​បាន​សន្យាជួយ​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​៦០០​លាន​ដុល្លារ​អាមេរិក ចាប់​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១ ក៏​ដូច​ជា​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្សាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ដល់​៥​លាន​នាក់​ក្នុង​ឆ្នាំ​នេះ​និង​ឆ្នាំ​បន្ទាប់​។ នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ចិន​នៅ​កម្ពុជា​វិញ គឺ​មាន​ជាង​៦​ពាន់​៤​រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ កើន​ឡើង​ជាង​១៥​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ ផ្អែក​តាម​ជំនួយ​និង​ពាណិជ្ជកម្ម​របស់​ចិន​នេះ គេ​ស្ទើរ​តែ​អាច​និយាយ​បាន​ថា សេដ្ឋកិច្ច​កម្ពុជា មិន​អាច​កាត់​ផ្ដាច់​ពី​ប្រទេស​ចិន​បាន​ឡើយ​។

ក្រៅ​ពី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​ពី​សម្ព័ន្ធភាព​ជាមួយ​ចិន ក៏​មាន​ដែរ​ផល​ប្រយោជន៍​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​។ តាម​រយៈ​ការ​ពង្រឹង​ទំនាក់​ទំនងគ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន កម្ពុជា​បាន​បន្ត​កាត់​បន្ថយ​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ខ្លួន​។

ប្រទេស​ចិន​វិញ​។ ចិន​ត្រូវ​ការ​ការ​គាំទ្រ​ពី​កម្ពុជា​ដែរ សម្រាប់​គោលនយោបាយចិន​តែ​មួយ​ គោល​នយោបាយ​​ខ្សែ​ក្រវាត់​មួយ វិថី​មួយ និង​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដើម្បី​ឈាន​ទៅ​តភ្ជាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​។ ហើយ​តាម​រយៈ​ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​កម្ពុជា​ ចិន​ចង់​បន្ថយ ឬ​ខ្ទប់​ឥទ្ធិពល​របស់​អាមេរិក​នៅអាស៊ី​ប៉ាស៊ីហ្វិក និង​​ពង្រីក​ឥទ្ធិពល​របស់​ខ្លួននៅ​ក្នុង​តំបន់​អាស៊ាន​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង​ចិន​និង​កម្ពុជា ភូមា ឡាវ និង​ថៃ បាន​ធ្វើ​ឲ្យ​ចិន​ឈរជើង​យ៉ាង​មាំ​ថែម​ទៀត ប្រឈម​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ​វៀតណាម និង​ហ្វីលីពីន​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ