អានតួអត្ថបទ
កម្ពុជា

ស្ពាន​ជ្រោយ​ចង្វារ​ទី​១ នឹង​ត្រូវ​បិទ​ចរាចរ​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​១​តុលា ដើម្បី​ជួស​ជុល

ស្ពាន​ជ្រោយ​ចង្វារ​ទី​១ នឹង​ត្រូវ​បិទ​ចរាចរ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​​ទី​០១​តុលា​ត​ទៅ ដើម្បី​ជួស​ជុល​កែ​លម្អ​ឡើង​វិញ​។ សាលា​រាជធានី​ភ្នំពេញ និង​អង្គការ JICA បាន​ស្នើ​សុំ​ការ​យោគ​យល់​ពី​ប្រជាពលរដ្ឋ ចំពោះ​ការ​កក​ស្ទះ​ចរាចរណ៍ដែល​អាច​កើត​មាន​នៅ​ក្នុង​អំឡុង​ពេល​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ​ទី​១​នេះ​។

ស្ពាន​មិត្តភាព​កម្ពុជា-​ចិន (ស្ពាន​ជ្រោយ​ចង្វារ​ទី​២) និង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វារ​ទី​១) មើល​ពី​ត្រើយ​ម្ខាង​។
ស្ពាន​មិត្តភាព​កម្ពុជា-​ចិន (ស្ពាន​ជ្រោយ​ចង្វារ​ទី​២) និង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វារ​ទី​១) មើល​ពី​ត្រើយ​ម្ខាង​។ រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ការ​ជួស​ជុល​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ឬ​ស្ពាន​ជ្រោយ​ចង្វារ​ទី​១ នឹង​អូស​បន្លាយ​ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០១៧ រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​២០១៩​។ ក្នុង​អំឡុង​ពេល​ជួស​ជុល​នេះ ស្ពាន​មិត្តភាព​កម្ពុជា-ចិន ឬ​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ចរាចរ​ទាំង​ទិស​ចេញ​និង​ទិស​ចូល​រាជធានី​ភ្នំពេញ​។ យ៉ាង​ណា​ក៏​ដោយ ទាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ទាំង​អង្គការ JICA ដែល​ទទួល​ខុស​ត្រូវ​លើ​ការងារ​ជួស​ជុល​នេះ រំពឹង​ទុក​រួច​ជា​ស្រេច​ហើយ​ថា ការ​កក​ស្ទះ​ចរាចរណ៍​នឹង​កើត​មាន​ដោយ​ចៀស​មិន​ផុត​។

ដូច្នេះ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ ក៏​ដូច​ជា​ចំណុច​ក្បាល​ស្ពាន​ទាំង​សង​ខាង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​ការទិស​ដៅ​ចរាចរណ៍​បន្ថែម ដោយ​ក្នុង​នោះ រថយន្ត​ធុន​ធំ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​ពង្វាង​បត់​ចូល​តាម​ផ្លូវ​លីយ៉ុងផាត់​។ ចំណែក​យានយន្ត​គ្រប់​ប្រភេទ​ដែល​ចូល​ក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៦ មក​ដល់​ចំណុច​ថ្នល់​កែង ត្រូវ​បត់ស្ដាំ ធ្វើ​ចរាចរ​តាម​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ឆ្ពោះ​ទៅ​ផ្សារ​ព្រែក​ក្ដាម និង​បន្ត​ដំណើរ​ចូល​ទីក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥​វិញ​។ ក្នុង​ករណី​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​តំបន់​ការដ្ឋាន​ធ្ងន់ធ្ងរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានតម្រូវ​ឲ្យ​អ្នក​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​អនុវត្ត​តាម​ការ​បង្វែរ​ទិស​ចរាចរណ៍​របស់​សមត្ថកិច្ច​ជំនាញ​។

ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ក្រុង​ភ្នំពេញ​កំពុង​តែសាងសង់​ស្ពាន​បាឡេ ឆ្លង​ទន្លេ​សាប ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ផង​ដែរ ដោយ​ស្ពាន​បាឡេ​នោះ មាន​ទីតាំង​នៅ​ត្រង់​ចំណុច​ឃ្លាំង​សាំង​សូគីម៉ិច​។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់​ចាំ​រយៈ​ពេល​៦​ខែ​ ទម្រាំ​តែ​ការ​សាងសង់​ស្ពាន​បាឡេ​នោះ​ចប់​សព្វ​គ្រប់​។​

សូម​រំឭក​ជូន​ថា ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន ឬ​ស្ពាន​ជ្រោយ​ចង្វារ​ទី​១ ត្រូវ​បាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ​១៩៦៧​។ នៅ​ក្នុង​សម័យ​សង្គ្រាម ស្ពាន​នេះ​រង​ការ​​បំផ្លិចបំផ្លាញ​ឲ្យ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​។ ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជួស​ជុល​និង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៦​។​ អង្គការ JICA របស់​ជប៉ុន​បាន​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន ស្ពាន​ដែល​មាន​វ័យ​ជាង​៥០​ឆ្នាំ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ​ពុំ​មាន​សុវត្ថិភាព​សម្រាប់​ការ​ដឹក​ជញ្ជូន​និង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ឡើយ​​។ ហើយ​ចំពោះ​ការ​ជួស​ជុល​ស្ពាន​ជ្រោយ​ចង្វារទី​១នា​ពេល​​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​ជាង​៣០​លាន​ដុល្លារ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ