អានតួអត្ថបទ
កម្ពុជា

មហោស្រព​ភាពយន្ត​អន្ដរជាតិកម្ពុជា​ឆ្នាំ​នេះ មាន​កុន​បញ្ចាំង​១៣៨​ចំណងជើង

មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា​លើក​ទី​៧ ឆ្នាំ​២០១៧ ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​មាន​បញ្ចាំង​ខ្សែ​ភាពយន្ត​ចំនួន​១៣៨​ចំណង​ជើង​។ ការ​ចាក់​បញ្ចាំង​ធ្វើ​ឡើង​នៅ​ទីតាំង​ចំនួន​៩​ផ្សេង​គ្នា ទូទាំង​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៩​មីនា​។ សម្រាប់​ក្រសួង​វប្បធម៌ មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្នុង​ការ​លើក​ស្ទួយ​និង​គាំទ្រ​ដល់​ឧស្សាហកម្ម​ភាពយន្ត​របស់​ខ្មែរ​។

ផ្សាយពាណិជ្ជកម្ម

មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា ដែល​ជា​ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ​របស់កម្ពុជា បាន​វិល​ត្រឡប់​មក​វិញ​ហើយ បន្ទាប់​ពី​ខក​ខាន​មិន​បាន​រៀបចំ​កាល​ពី​ឆ្នាំ​២០១៦​។

ត្រឡប់​មក​វិញ​ឆ្នាំ​នេះ មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ធំ​ជាង​មុន​ និង​សម្បូរ​បែប​ជាង​មុន ដោយ​មាន​ខ្សែ​ភាពយន្ត​​​ចំនួន​១៣៨​ចំណង​ជើង ចាក់​បញ្ចាំង​លើស​ពី​១៦០​លើក ​​នៅ​ទីតាំង​ចំនួន​៩​ផ្សេង​គ្នា ទូទាំង​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ  ខ្សែ​ភាពយន្ត​អំពី​ប្រទេស​កម្ពុជា មាន​ជា​អាថិ៍ ភាពយន្ត​ឯកសារ​បទ​ចម្រៀង​ចុង​ក្រោយ​របស់​ព្រះ​មហាក្សត្រ ជា​ការ​ផ្ដិត​ទុក​ព្រះ​រាជពិធី​បូជា​ព្រះ​សព​ព្រះ​បាទ​ នរោត្តម ​សីហនុ នៅ​ឆ្នាំ​២០១២។ រឿង​សតិ​ជាប់​ទ្រុង និយាយ​ពី​ការ​ប្រឈម​មុខ​គ្នា​រវាង​វេជ្ជសាស្ត្រ​និង​ការ​ព្យាបាល​បែប​បុរាណ​។ រឿង​ប៉ុបពី​ទៅ​ហូលីវូដ ផ្ដោត​លើ​ការ​រត់​គេច​ខ្លួន​របស់​កម្លោះ​ទីក្រុង​ទៅ​ជនបទ ដែល​ពោរពេញ​ដោយ​រឿង​ភ្ញាក់​ផ្អើល​និង​សំណើច​។ រឿងការពារ​ឧក្រិដ្ឋជន រឿង​កោះពេជ្រ រឿង​បត់​ឆ្វេង​បត់​ស្ដាំ រឿង​នារី​វេទមន្ត រឿង​វិកល​ចរិត និង​រឿង​ស្នេហ៍​ស្វ័យគុណ​៤​​។

ចំណែក​ភាពយន្ត​អន្ដរជាតិ​វិញ មាន​តាំង​ពី​រឿង Moonlight ជា​ភាពយន្តល្អ​ជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​អូស្កា​ផ្នែក Best Picture។ រឿង La La Land ដែល​ស្រវា​បាន​ពាន​រង្វាន់​អូស្កា​៦ នៅ​ឆ្នាំ​២០១៧​នេះ​។ និង​រឿង Jackie ស្ដ្រី​ទី​១​របស់​អាមេរិក បន្ទាប់​ពី​ហេតុការណ៍​បាញ់​សម្លាប់​ប្រធានាធិបតី John F. Kennedy។ ក្រៅ​ពី​នោះ​ក៏​មាន​ផង​ដែរ​ ភាពយន្ត​មក​ពី​ប្រទេស​នានា​ទូទាំង​ពិភពលោក ដូច​ជា​ប្រទេស​ថៃ ​ឡាវ ​វៀតណាម ជប៉ុន កាណាដា អង់គ្លេស រ៉្វាន់ដា និងឆេកូស្លូវ៉ាគី​​ជា​ដើម សរុប​ទាំង​អស់​​​៤០​ប្រទេស។

ក្រៅ​ពី​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា​នា​ឆ្នាំ​នេះ ក៏​មាន​រួម​បញ្ចូល​ផង​ដែរ ការ​តាំង​ពិព័រណ៍សិល្បៈ «ស្រមោល​អន្ទោល​តាម​ប្រាណ» ដោយ លាង ស៊ីកន ម៉ក់ រ៉េមីស្សា និង ស៊ូ សុភី​, បទបង្ហាញ​​ពីការ​ផលិត​ភាពយន្ត​ដោយ​អ្នក​ជំនាញ​អន្ដរជាតិ និង កម្មវិធី​ជជែក​ពិភាក្សាអំពី​យុត្តិធម៌​ក្រោយ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​និង​រ្វ៉ាន់ដា​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ