អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាពយន្ត​ខ្មែរ​រីក​ចម្រើន​ ទាមទារ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិស័យ​ភាពយន្ត​ខ្មែរ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​សន្ទុះ​ឡើង​ជាង​មុន​បន្តិច ​ទាំង​ចំនួន​អ្នក​ទស្សនា​ភាពយន្ត​ ទាំង​ចំនួន​ភាពយន្ត។ ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​វិញ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ភាពយន្ត​នៃ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ដូច​ជា​ភាពយន្ត​កូរ៉េ និង​ភាពយន្ត​ថៃ​ជា​ដើម។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ ​អ្នក​ជំនាញ​បាន​សំណូមពរ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ទៀត ដើម្បី​រក្សា​កំណើន​នៃ​ការ​ផលិត​ភាពយន្ត​ខ្មែរ និង​ជា​ពិសេស​ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​រីក​ចម្រើន​ប្រកប​ដោយ​គុណភាព​។

រៀង កិលេស ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត លុច្ស នា​ពេល​កន្លង​មក​
រៀង កិលេស ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត លុច្ស នា​ពេល​កន្លង​មក​ © ចាន់​លីដា
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ​២០១៤​កន្លង​ទៅ​ គឺ​ជា​ឆ្នាំ​ដ៏​ល្អ​ប្រសើរ​សម្រាប់​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ។ ភាពយន្ត​ខ្មែរ​ទាំងភាគ​ ទាំង​ដុំ ទាំង​ខ្នាត​តូច និង​ខ្នាត​ធំ បាន​រីក​លូតលាស់​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​នោះ ភាពយន្ត​ខ្មែរ​ជាង​២០​រឿង ​ត្រូវ​បាន​ផលិត​និង​ដាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​នានា ក្នុង​រាជធានី​ភ្នំពេញ។ កុន​ខ្មែរ​នៅ​ឆ្នាំ​២០១៤​នោះ​ ទាក់ទាញ​អ្នក​ទស្សនា​បាន​ដល់​ទៅ​ជាង​២​លាន​៥​សែន​នាក់ កើន​ឡើង​១​លាន​នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ ​ដែល​ចំនួន​អ្នក​ទស្សនា​ភាពយន្ត​ខ្មែរ​មាន​តែ​ប្រមាណ​១​លាន​៥​សែន​នាក់​ប៉ុណ្ណោះ​។

ទស្សនិកជន ជា​ពិសេស​យុវជន​ខ្មែរ កាន់​តែ​ចាប់​អារម្មណ៍​ទស្សនា​កុន​ខ្មែរ​ជា​បន្ត​បន្ទាប់ ទន្ទឹម​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ផលិតករ​ភាពយន្ត​ខ្មែរ​ដែរ។ ផលិតករ​កុន​ខ្មែរ ដែល​បាន​រួម​គ្នា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្ដារ​វិស័យ​ភាពយន្ត​ខ្មែរ ឲ្យ​រីក​ចម្រើន​លូតលាស់​ឡើង​វិញ ដើម្បី​ប្រជែង​ជាមួយ​ខ្សែ​ភាពយន្ត​បរទេស​ ដែល​កំពុង​តែ​វាយ​លុក​ខ្លាំង​នៅ​តាម​រោងកុន​ទំនើប​ៗ​របស់​កម្ពុជា។

មាន​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​ជំរុញ​ឲ្យ​ការ​ផលិត​កុន​ខ្មែរ​កើន​ឡើង​ ជា​អាថិ៍​ដូច​ជា ​ការ​កើន​ឡើង​នៃ​រោងកុន ការ​កើន​ឡើង​នៃ​ផលិតករ​ភាពយន្ត​ ការ​រៀបចំ​មហោស្រព​ភាពយន្ត ការ​រៀបចំ​ការ​ប្រកួត​ប្រជែង​ភាពយន្ត និង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ជា​ដើម។

បើ​ទោះ​បី​ជា​ការ​ផលិត​ភាពយន្ត​ខ្មែរ​មាន​ការ​កើន​ឡើង​ក៏​ដោយ ក៏​អ្នក​ជំនាញ​សង្កេត​ឃើញ​ថា និន្នាការ​នៃ​ការ​ផលិត​កុន​របស់​ផលិតករ​ខ្មែរ ហាក់​ដូច​ជា​មិន​មាន​ភាព​សម្បូរ​បែប​នៅ​ឡើយ​ទេ។ ភាពយន្ត​ខ្មែរ​ដែល​ត្រូវ​បាន​ផលិត​និង​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន ភាគ​ច្រើន​គឺ​ជា​រឿង​ខ្មោច និង​រឿង​កំប្លែង។ មែន​ទែន​ទៅ ​ការ​ផលិត​រឿង​ខ្មោច ​និង​រឿង​កំប្លែង មិន​មែន​ជា​បញ្ហា​នោះ​ទេ។ កុន​រឿង​ខ្មោច និង​កុន​រឿង​កំប្លែង ​អាច​យក​ទៅ​ចាក់​បញ្ចាំង​បាន​នៅ​គ្រប់​ទិសទី ដោយ​មិន​ប្រកាន់​ពេល​វេលា​ទៀត​ផង​។ អ្នក​ទស្សនា​ចូល​ចិត្ត​រឿង​ខ្មោច និង​រឿង​កំប្លែង ព្រោះ​មើល​ឆាប់​យល់​ពី​អត្ថន័យ​នៃ​រឿង ជាង​រឿង​ស្នេហា​និង​រឿង​សង្គម​ផ្សេង​ៗ។

ជា​ថ្មី​ម្ដង​ទៀត ការ​ផលិត​រឿង​ខ្មោច និង​រឿង​កំប្លែង មិន​មែន​ជា​បញ្ហា​នោះ​ទេ។ សម្រាប់​វិស័យ​ភាពយន្ត​កម្ពុជា ​បញ្ហា​នៅ​ត្រង់​ថា គុណភាព​នៃ​ភាពយន្ត​ដែល​ផលិត គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ភាពយន្ត​នៃ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ដូច​ជា​ភាពយន្ត​កូរ៉េ និង​ភាពយន្ត​ថៃ​ជា​ដើម។ សាច់​រឿង ការ​សម្ដែង និង​ការ​ដឹក​នាំ​ជា​ដើម គឺ​សុទ្ធ​តែ​មាន​ចំណុច​ខ្វះ​ខាត ដែល​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​ជំនាញ។

ផលិតករ​ខ្មែរ​តែង​តែ​បន្ទោស​ថា បញ្ហា​ថវិកា​និង​ការ​លួច​ចម្លង គឺ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ផលិត​កុន​បាន​ល្អ​។ ប្រសិន​បើ​មាន​ថវិកា​គ្រប់​គ្រាន់ និង​ប្រសិន​បើ​គ្មាន​ការ​លួច​ចម្លង សួរ​ថា​តើ​ផលិតករ​ភាពយន្ត​ខ្មែរ ​ពិត​ជា​អាច​ធ្វើ​​កុន​ល្អ​មួយ​បាន​មែន​ឬ​? ថវិកា​និង​ការ​លួច​ចម្លង គ្រាន់​តែ​ជា​កត្តា​ប្រឈម​ប៉ុណ្ណោះ ​ព្រោះ​មែន​ទែន​ទៅ មាន​បញ្ហា​ចម្បង​សំខាន់​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ភាពយន្ត​ខ្មែរ​គ្មាន​គុណភាព។

កុន​ខ្មែរ​គ្មាន​គុណភាព ព្រោះ​ផលិតករ​ខ្មែរ​ភាគ​ច្រើន​ចេះ​ផលិត​ភាពយន្ត​តាម​គ្នា​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល ឬ​ការ​សិក្សា​អ្វី​ច្បាស់​លាស់​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​ឡើយ។ កង្វះ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​នៅ​ក្នុង​វិស័យ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ជួប​ការ​លំបាក។ ទន្ទឹម​នឹង​សមត្ថភាព​ដែល​មាន​កម្រិត ផលិតករ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន ហាក់​ដូច​ជា​មិន​បាន​បើក​ចិត្ត​ទទួល​យក​ការ​រិះគន់ ឬ​ការ​បណ្ដុះ​បណ្ដាល​ឡើយ​ ដោយ​យល់​ថា បទ​ពិសោធ​របស់​ខ្លួន គ្រប់​គ្រាន់​ហើយ​សម្រាប់​ផលិត​ភាពយន្ត។ ការ​យល់​ឃើញ​ដូច្នេះ បាន​រារាំង​ពួក​គេ​ពី​ការ​អភិវឌ្ឍ​ខ្លួន និង​ស្នាដៃ​របស់​ខ្លួន​ឲ្យ​មាន​គុណភាព​ល្អ​ប្រសើរ​ឡើង​។

​ប្រសិន​បើ​ភាពយន្ត​ខ្មែរ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ដូច​សព្វ​ថ្ងៃ​ ដោយ​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ​នោះ ការ​គាំទ្រ​នឹង​ថយ​ចុះ​ជាក់​ជា​ពុំ​ខាន។ ហើយ​ប្រសិន​បើ​ការ​គាំទ្រ​ថយ​ចុះ ការ​ផលិត​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ ដើម្បី​រក្សា​កំណើន​នៃ​ការ​ផលិត​កុន​នៅ​កម្ពុជា កុន​ខ្មែរ​ចាំ​បាច់​ណាស់​ត្រូវ​បង្កើន​គុណភាព​របស់​ខ្លួន។ ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ក៏​ដូច​ជា​ផលិតករ​ភាពយន្ត​ដែល​មាន​ជំនាញ ត្រូវ​រួម​គ្នា​បង្កើន​ការ​បណ្ដុះ​បណ្ដាល​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​ ទៅ​កាន់​ផលិតករ​ភាពយន្ត​ផ្សេង​ៗ​ដែល​នៅ​ខ្វះ​ខាត​។ ចំណែក​ផលិតករ​កុន​ខ្មែរ​ក្រោយ​ៗ ក៏​ត្រូវ​តែ​បើក​ចិត្ត ទទួល​យក​ការ​បណ្ដុះ​បណ្ដាល​បន្ថែម ដើម្បី​បង្កើន​គុណភាព​កុន​របស់​ខ្លួន​ផង​ដែរ​។ កុន​ខ្មែរ​ត្រូវ​តែ​រីក​ចម្រើន​ប្រកប​ដោយ​គុណភាព​ល្អ​ជាង​នេះ ដើម្បី​ប្រឈម​នឹង​ការ​ហូរ​ចូល​នៃ​ខ្សែ​ភាពយន្ត​បរទេស​យ៉ាង​គំហុក​ដូច​សព្វ​ថ្ងៃ​នេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ