អានតួអត្ថបទ
កម្ពុជា

អ្នក​សារព័ត៌មាន​ប្រជា​ពលរដ្ឋ​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ច្រើន​ ខណៈ​បញ្ហា​ប្រឈម​នៅ​តែ​មាន​

លោក អ៊ុក គឹមសេង អនុ​រដ្ឋា​លេខាធិការ​ក្រួសង​ព័ត៌មាន​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​ចូល​រួម​ផ្តល់​ព័ត៌មាន​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ចូល​ក្នុង​កម្ម​វិធី​វិទ្យុ ​និង​ចែក​រំលែក​ព័ត៌​មាន​តាម​បណ្តាញ​សង្គម​ ដែល​ពួកគាត់​ទាំង​នោះ ​គឺ​ជា​ប្រជា​ពលអ្នក​រដ្ឋសារព័ត៌​មាន ​ហើយ​បាន​ចូល​រួម​ចំណែក​ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​។ ​តែ​យ៉ាង​ណាមិញ ​ការ​ចូល​រួម​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គាត់​នេះ ​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន។​

អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ផ្សាយអត្ថបទតាមបណ្តាញសង្គម
អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ​ផ្សាយអត្ថបទតាមបណ្តាញសង្គម @RFI/Phearak
ផ្សាយពាណិជ្ជកម្ម

អ្នកស្រី នៅ ស្រីល័ក្ខ ជាតំណាង​ប្រជា​ពលរដ្ឋអ្នក​សារព័ត៌មាន​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ដូច​ជា​អ្នក​ស្រី ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ហាម​ឃាត់​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ទេ ​ក្នង​ព្រឹត្តិ​ការណ៍​មួយ​ចំនួន​។ ​យ៉ាង​ណាមិញ ​អ្នក​ស្រីថា​អត្ថបទ​ ដែល​អ្នក​ស្រីយក​មក​ចុះ​ផ្សាយ​នោះ ​មិន​មាន​បញ្ហា​នោះ​ទេ។​ បើ​ទោះបី​ជា​អ្នក​ស្រី​ជា​ប្រជា​ពលរដ្​ឋសារព័ត៌មាន​មែន ​តែ​ក៏​មាន​ការ​បង្ហាត់​បង្រៀន​មួយ​ចំនួន​ដូច​ជា​របៀប​សរសេរ​អត្ថបទ​សារព័ត៌មាន​ របៀប​ថត​រូប​ក្នុង​ស្ថាន​ភាព​ផ្សេងៗ ​ដើម្បី​អាច​ផលិត​បាន​ព័ត៌​មាន​មួយ។​

លោក​ អ៊ុក ​គឹម​សេង ​តំណាង​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ក្នុង​វេទិកា​ប្រចាំឆ្នាំ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ ថា​ប្រជា​ពលរដ្ឋ​អ្នក​សារព៌ត័មាន​បាន​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គាត់​តាម​បណ្តាញ​សង្គ​ម​ ហើយ​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន ​តែ​ក៏​មាន​ការ​ចែក​រំលែក​ព័ត៌មាន ​ដែល​មាន​ចរិត​បែប​ឃោសនា​អូសទា​ញផង​ដែរ។ ​ដូច្នេះ​លោក​សុំ​ឲ្យ​មាន​ការ​ចែក​រំលែក​ពី​អ្នក​សារព័ត៌​មាន​អាជីព​ទៅ​ប្រជា​ពល​រដ្ឋ​សារ​ព័ត៌​មាន ​និង​និស្សិត​សារ​ព័ត៌​មាន ​ឲ្យ​យល់​ដឹង​ពី​តម្លៃ​ព័ត៌​មាន ​ដើម្បី​កុំឲ្យ​ពួក​គាត់​ធ្លាក់​ទៅ​ក្នុង​ការ​បំផ្លាញ​សមិទ្ធ​ផល​របស់​សង្គម។​

លោក ​ប៉ែន បូណា និពន្ធ​នាយក​ទូរទស្សន៍​ភីអិន​អិន ​ដែល​ជា​អ្នក​សារព័ត៌​មាន​អាជីព​មួយ​រូប ​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ ​មាន​ការ​បណ្តុះ​បណ្តាល​ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ឲ្យ​ពួក​គាត់​កាន់​តែ​យល់​ពី​អាជីព​នេះ ​ដោយ​សារ​តែ​អ្នក​សារ​ព័ត៌​មាន​ត្រូវ​តែ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​មួយ។​ បើ​គាត់​មិន​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ទេ ​គឺ​គាត់​មិន​អាច​បំពេញ​តួនាទី​នេះ ​ឲ្យ​ចំទិស​ដៅ​បាន​ទេ ​ពោល​គឺ​គាត់​មិន​អាច​រាយការណ៍ព័ត៌មាន​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ក្នុង​សង្គម​បាន​ទេ។​

សូ​ម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃទី៨ ​ខែវិច្ឆិកានេះ ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​(CCIM)​បាន​រៀប​ចំ​វេទិកា​ប្រចាំ​ឆ្នាំ​ស្តី​ពី ​ទំនាក់​ទំនង​រវាង​ អ្នក​សារព័ត៌មាន​អាជីព ​ប្រជា​ពល​រដ្ឋ​អ្នក​សារព័ត៌មាន​ និង ​និស្សិត​សារព័ត៌​មាន ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវរី។​ ជា​វេទិកា ​ដែល​រៀប​ចំឡើង​នៅ ​ក្នុង​គោល​បំណង​ ពង្រីក​ទំនាក់​ទំនង ​ការ​ផ្សារភ្ជាប់​គ្នា ​បញ្ហា​ប្រឈម និង ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ក្នុង​វិស័យ​សារព័ត៌មាន ​នៅ​ក្នុង​ចំណោម​អ្នក​សារព័ត៌មាន​ប្រជាពលរដ្ឋ ​ស្ថាប័នសារព័ត៌​មាន​ និង ​អ្នកសារព័ត៌​មាន​អាជីព ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​១៥០​នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ