ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
general

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ចេញ​វិធាន​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ដងផ្លូវ​ចំនួន ១១​ខ្សែ

media  
អង្គ​​ប្រជុំ​​គណៈ​បញ្ជា​ការ​​ឯកភាព​​រដ្ឋបាល​​រាជធានី​ភ្នំពេញ @FB

រដ្ឋបាល​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០៨ សីហា​ម្សិលមិញ​នេះ បាន​ចេញ​សេចក្តី​ណែនាំ​មួយដល់​សាធារណជន ឲ្យ​បានដឹង​ពី​យុទ្ធនាការ ក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់ និង​របៀប​រៀបរយ ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ។ ការ​ប្រកាស​នេះបាន​ធ្វើ​ឡើង បន្ទាប់​ពី​សាលាក្រុង​បាន​សម្រេច​តាមរយៈ​កិច្ច​ប្រជុំមួយ ក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ លើ​កំណាត់​ផ្លូវ​គំរួ​ចំនួន ១១​ខ្សែ កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា កន្លង​ទៅនេះ។

អត្ថបទ​ដោយ៖ ប៊ុន សៅ​សុភ​នាថ និង តាន់ គឹម​ច័ន្ទ​វាសនា

នៅក្នុង​លិខិត​របស់​ខ្លួន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សាលាក្រុង​ភ្នំពេញ​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន ទាក់ទងនឹង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ ចំពោះ​ប្រជា​ពលរដ្ឋ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល ក៏ដូចជា​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថរាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ទាំង​មូល។

វិធានការ​ទាំងនោះ​រួមមាន ណែនាំ​កុំអោយ​ប្រជា​ពលរដ្ឋ​ចត​យានយន្ត​នៅលើ​ទូ្រង​ផ្លូវ ហាម​ដាច់ខាត​មិន​អោយធ្វើការ​ហ៊ុំព័ន្ធ​ការដ្ឋាន​លើ​ចិញ្ចើម​ផ្លូវ​លើសពី​មួយ​ភាគ​បី ចំណែកឯ​ការ​ធ្វើ​អាជីវកម្ម​វិញ គឺ​អាច​ប្រើប្រាស់​ចំណែក​ចិញ្ចើម​ផ្លូវ​ត្រឹម ឬ​មិន​អោយ​លើស​មួយ​ភាគ​បី ដោយ​ទុក​ចំណែក​ផ្លូវពីរ​ភាគ​បី​សម្រាប់​ថ្មើរ​ជើង និង​បម្រើ​អោយការងារ​សណ្តាប់​ធ្នាប់​និង​ចរាចរណ៍។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី៩ សីហា​ថា យុទ្ធនាការ​រក្សា​សណ្តាប់​ធ្នាប់​នេះ​ នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ក្នុង​រយៈ​ពេល ២​សបា្តហ៍ ក្រោយ​ពីការ​ចេញ​សេចក្តី​ប្រកាស។ ក្នុង​ករណី​ប្រជាពលរដ្ឋ​មិន​គោរព​តាម​ការ​ណែនាំ នោះ​សាលាក្រុង​នឹង​ចាត់​វិធានការ​រដ្ឋបាល ពោល​គឺ បើសិន​ជា​នៅតែ​មាន​ការ​ចត​យានយន្ត​លើ​ទ្រូង​ផ្លូវ​ អាជ្ញាធរ​នឹង​ប្រើប្រាស់​ឡាន​ស្ទូច ដើម្បី​ស្ទូច​យក​យានយន្ត​ទាំង​នោះ ទៅ​ទុក​នៅ​ស្នងការ ឬ​នៅ​អធិការដ្ឋាន និង​ឲ្យ​នគរបាល​ធ្វើ​ការ​ព្រមាន។ បើ​តាម​លោក ភក្តី នេះ​គឺ​ជាជម្រើស​ចុង​ក្រោយ​ បន្ទាប់​ពី​សាលាក្រុង​បាន​សំណូម​ពរ ឲ្យ​ប្រជាពលរដ្ឋ​គោរព​តាម​ការ​ណែនាំ។

សូម​ជំរាប​ថា ការ​សម្រេច​បាន​យុទ្ធនាការ​ដោះស្រាយ​ចរាចរណ៍ និង​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​នេះ ធ្វើឡើង​ក្រោយ​ពី​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាព កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ ២០១៧ ដោយ​សម្រេច​ជ្រើស​យក​ផ្លូវចំនួន ១១​ខ្សែ ដែល​ជា​មហាវិថី​សំខាន់ ធ្វើ​ជា​អាទិភាព​គំរូ។ ផ្លូវ​ទាំង ១១​ខ្សែ​នោះ រួមមាន៖ មហា​វិថី​សហព័ន្ឋរុស្ស៊ី មហា​វិថី​ព្រះមុនីវង្ស មហា​វិថី​កម្ពុជា​ក្រោម មហា​វិថី​ម៉ៅសេទុង មហា​វិថី​ព្រះសីហនុ​និង​មហា​វិថី​នេរុហ៍ មហា​វិថី​ព្រះ​នរោត្តម មហា​វិថី​ព្រះមុនីរេត វិថី​ឧកញ៉ា​ទេពផន មហា​វិថី​ហ្សាលដឺហ្គោល ផ្លូវ​លេខ​២៧១និង​ផ្លូវ​លេខ​៧០ និង តិរវិថី​ព្រះស៊ីសុវត្ថិ។ យ៉ាង​ណា​មិញ នេះ​គឺ​ជា ដំណាក់​កាល​ដំបូង ដែល​សាលា​ក្រុង​ត្រូវ​អនុវត្ត​លើ​ផ្លូវ​អាទិភាព​ទាំង​១១​ខ្សែ តែ​អាជ្ញាធរ​នឹង​បន្ត​អនុវត្ត​ទៅដល់​គ្រប់​ផ្លូវ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ