អានតួអត្ថបទ
កម្ពុជា-សង្គម

​អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល គោរព​គោល​ការណ៍​ណែ​នាំ​និង​បទ​បញ្ជា​

លោក ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ស្នើ​ដល់​​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ទាំង​អស់ ឲ្យ​គោរព​គោលការណ៍​ណែនាំនិង​បទ​បញ្ជា ក៏​ដូច​ជា​គិត​គូរ​ពី​ផល​ប្រយោជន៍​សាធារណៈ​ជា​ធំ។ សំណើ​របស់​លោក ឃួង ស្រេង ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុងវេទិកា​ភាព​ជា​ដៃ​គូ​រវាងរដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​០៩ មេសា ​ម្សិលមិញ នៅ មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​។ 

អភិបាលរាជធានីភ្នំពេញ ស្នើឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គោរពគោលការណ៍ណែនាំនិងបទបញ្ជា
អភិបាលរាជធានីភ្នំពេញ ស្នើឲ្យសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គោរពគោលការណ៍ណែនាំនិងបទបញ្ជា @AKP
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​សំណូមពរ​ឲ្យ​​​ធ្វើ​សកម្មភាព​ដោយ​គោរព​គោលការណ៍​ណែនាំ​ បទ​បញ្ជា និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​ហើយ អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ត្រូវបន្ត​ការ​ឧបត្ថម្ភ​គាំទ្រ និង​ចូល​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ការ​ផ្ដល់​សេវា​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កិច្ច ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។

បើ​តាម​លោក ឃួង ស្រេង គិតត្រឹមឆ្នាំ២០១៩ អង្គការ​សមាគម​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​សរុប ៥៥២៣​អង្គ​ភាព និង​សមាគម​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​បរទេស​ដែល​បាន​ចុះ​អនុ​ស្សរណៈ​នៅ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​មាន​ចំនួន ៤១៩​អង្គភាព ក្នុង​នោះ​អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​និង​សហគមន៍ ដែល​មាន​មូល​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៧២៩​អង្គ​ភាព​។

​លោក ឃួង ស្រេង បាន​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នេះ កំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន ស្របតាមច្បាប់ជាធរមានដោយ គ្មានការហាមឃាត់ ការរារាំងណាមួយឡើយ។ យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​វេទិកា​​ភាព​ជា​ដៃ​គូ​រវាងរដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​០៩ មេសា លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ធ្វើ​សកម្មភាព​ ដោយ​តម្កល់​​ផល​ប្រយោជន៍​សាធារណៈ និង​ឧត្តម​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ប្រាស​ចាក​ពី​គោលការណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​។ ហើយ​ដើម្បី​សម្រេច​ការងារ​នេះ​បាន វា​ចាំ​បាច់​ត្រូវ​មាន​ភាព​ជា​ដៃ​គូ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល ដោយ​ក្នុង​នោះ​ត្រូវមានភាពប្រាកដនិយម មានទំនុកចិត្ត គោរពសិទ្ធិគ្នា គាំទ្រគ្នា និងយោគយល់អធ្យាស្រ័យគ្នា ព្រមទាំងរៀនសូត្រ និងចេះចែករំលែកបទពិសោធន៍​រវាងគ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់និងឥតលាក់លៀម។

សូម​ជម្រាប​ជូន​ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សាលា​រាជធានី​ភ្នំពេញ រៀបចំ​ឲ្យ​មាន​​វេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូល​ដ្ឋានរាជធានីភ្នំពេញ ដើម្បី​ជជែក​រក​ដំណោះស្រាយ​លើបញ្ហាប្រឈមនានា នៅពេលដែលពួកគេបំពេញការងារ។ រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរៀបចំព្រឹត្តិការណ៍នេះជា​លើក​ដំបូង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ