សង្គមស៊ីវិល៖ នីតិវិធីតុលាការលើអតីតអ្នកកាសែតអាស៊ីសេរី ធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ
អង្គការសង្គមស៊ីវិលនៅក្នុងស្រុកជិត៤០ស្ថាប័ន នៅថ្ងៃទី៤ខែតុលានេះ បានចេញសេចក្ដីថ្លែងរួមមួយដោយបង្ហាញការខកចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញ ដែលបន្តនីតិវិធីស៊ើបអង្កេតលើសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីចំនួនពីរនាក់។ បើតាមក្រុមអង្គការសង្គមស៊ីវិល មួយផ្នែកនៃនីតិវិធីស៊ើបអង្កេតនេះបានធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៩
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ទី០៣តុលា បានបញ្ជាឱ្យបើកការស៊ើបអង្កេតបន្ថែមលើអតីតអ្នកកាសែតទាំងពីរនាក់ គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ ឡើងវិញ ក្រោយពីសំណុំរឿងពួកត្រូវបានជំនុំជម្រះរួចរាល់។
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា នីតិវិធីនេះ ប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រមទាំងរំលេចឲ្យឃើញនូវការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា។ សេរីភាពសារព័ត៌មាននៅកម្ពុជាដែលពួកគេអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍ថា នៅមានកម្រិតតិចតួច តាំងពីមានការរឹតត្បិតនៅមុនឆ្នាំ២០១៧មក។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន។ ក្រុមអង្គការដដែល បានបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតបរិយាកាសល្អប្រសើរមួយសម្រាប់អ្នកសារព័ត៌មាន។
បន្ថែមពីលើកង្វល់របស់អង្គការសង្គមស៊ីវិលនៅក្នុងស្រុក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬ ហៅថា Reporters Without Borders បានអំពាវនាវឲ្យតុលាការបញ្ចប់ជាបន្ទាន់ ដំណើរការគ្រប់បែបយ៉ាង ប្រឆាំងនឹងអ្នកកាសែតទាំង ២នាក់នេះ។ តាមអង្គការនេះ ការមិនព្រមបញ្ចប់ចំណាត់ការតុលាការលើអតីតអ្នកកាសែតទាំង ២នាក់នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធយុត្តិធម៌កម្ពុជា ស្ថិតនៅក្រោមការបង្គាប់បញ្ជាពីរដ្ឋាភិបាល ដែលធ្វើឲ្យប៉ះពាល់ដល់អាជីពជាអ្នកសារព័ត៌មានរបស់អ្នកកាសែតទាំង២នាក់ និងបង្ហាញពីការបំភិតបំភ័យដល់អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា។
សូមជម្រាបជូនថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម «ចាត់របៀប» ឱ្យបើកការស៊ើបអង្កេតលើចំណុចមួយចំនួនបន្ថែមទៀតក្នុងសំណុំរឿងរបស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីចំនួនពីរនាក់គឺលោក អួន ឈិន និងលោក យាង សុធារិន្ទ។ សម្រាប់អង្គការសង្គមស៊ីវិលនៅកម្ពុជា ចំណាត់ការចុងក្រោយរបស់តុលាការ បង្ហាញពីការខ្វះខាតភស្តុតាងរឹងមាំប្រឆាំងអ្នកទាំងពីរ តាមរយៈបទចោទផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ” និងបទ “ផលិតនិងកាន់កាប់រូបភាពអាសអាភាស”។ ម្យ៉ាងទៀតការបន្តនីតិវិធីស៊ើបអង្កេត គឺតឹកតាងបញ្ជាក់ថា មិនមានភស្តុតាងគ្រប់គ្រាន់ដាក់ទោសពួកគេ ដូចខ្លឹមសារដែលមានចែងនៅក្នុងមាត្រា៣៨នៃរដ្ឋធម្មនុញ្ញ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ