អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិ​​ ចង់​ឲ្យ​​រដ្ឋាភិបាល​ពិភាក្សា​​ជា​​សាធារណៈ​និង​​បញ្ចេញ​​សេចក្តីព្រាង​ច្បាប់​ចុង​ក្រោយ ស្តី​ពី​​សមាគម​និង​​អង្កការ​​មិនមែន​​រដ្ឋាភិបាល​​

អង្គការ​សង្គម​ស៊ីវិល​មួយចំនួន តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង ២៧០ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ទី៤​ឧសភា​នេះ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​មួយ នៅ​ការិយាល័យ​អង្គការ Oxfamក្រុងភ្នំពេញ។ ជា​សន្និសីទ ដើម្បី​បង្ហាញ​ពី​ការព្រួយបារម្ភ និង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការពិភាក្សា​ជា​សាធារណៈ​ម្តងទៀត និង​បញ្ចេញ​សេចក្តីព្រាងច្បាប់​ចុងក្រោយ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​បាន​ពង្រាង​តាំងពី​ឆ្នាំ ១៩៩៥ និង​បាន​ពន្យា​ពេល កាលពី​ចុងឆ្នាំ ២០១១ ប៉ុន្តែ​ចាប់ផ្តើម​ប្រញាប់​អនុម័ត​នៅក្នុង​ខែឧសភា ដ៏​ឆាប់​ខាងមុខនេះ។

ស្លាកសញ្ញារបស់សង្គមស៊ីវិលឲ្យរដ្ឋាភិបាលឈប់ហើយពិភាក្សា។
ស្លាកសញ្ញារបស់សង្គមស៊ីវិលឲ្យរដ្ឋាភិបាលឈប់ហើយពិភាក្សា។ RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត នៅ​ថ្ងៃទី៤ឧសភា​នេះ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែល​តំណាង​ឲ្យអង្គការសង្គមស៊ីវិលជាង២៧០បានសម្តែងក្តីព្រួយបារម្ភពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី ៧មេសា ឆ្នាំ២០១៥កន្លងទៅ ថា​នឹងត្រូវ​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ខែឧសភា​ឆ្នាំ ២០១៥នេះ ហើយនឹង​ត្រូវ​ដាក់ជូន​រដ្ឋសភា ធ្វើការ​អនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ។

 លោក​តឹក វណ្ណា​រ៉ា ប្រធាន​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​ថ្លែងថា ការព្រួយបារម្ភ​កើតឡើង​ក៏​ព្រោះតែ​គម្រោង​នៃ​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ គឺមាន​លក្ខណៈ​បន្ទាន់ ដោយ​មិនមាន​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​ឡើយ។

 តាម​លោក​តឹក វណ្ណា​រ៉ា អ្វីដែល​សង្គម​ស៊ីវិល ចង់បាន​ដើម្បី​ឲ្យ​អស់ចិត្ត​នៅពេលនេះ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សេចក្តីព្រាងច្បាប់​ជា​ផ្លូវការ​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដល់​សាធារណៈជន ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ច្បាប់​នេះ។

មួយទៀត គឺ​រដ្ឋាភិបាល​គួរតែ​បើកទូលាយ​ឲ្យ​មានការ​ពិគ្រោះ​យោបល់ ដោយ​តម្លាភាព​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូចដែល​បានធ្វើ​កន្លងមក និង​ពិចារណា​នូវ​ការព្រួយបារម្ភ​របស់​អង្ក​ការ​សង្គម​ស៊ីវិល ព្រមទាំង​ទទួលយក​នូវ​ទស្សនៈ​ពី​សាធារណៈជន លើ​សេចក្តីព្រាងច្បាប់​នេះ។

លោក​ខៀវ សុ​ភ័​គ្រ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់ថា រដ្ឋាភិបាល​មិនអាច​ផ្តល់ជូន​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​សេចក្តីព្រាងច្បាប់​ចុងក្រោយ​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​ធ្លាប់បាន​បង្កើត​ការពិភាក្សា​ថ្នាក់ជាតិ ចំនួន ២ដង​រួចមកហើយ ចំពោះ​សេចក្តីព្រាងច្បាប់​នេះ គឺ​កាលពី​ឆ្នាំ ២០០១ និង​ឆ្នាំ ២០១១។
អង្គការ​សង្គម​ស៊ីវិល​ចំនួន​ជាង ២៧០ ដែលមាន​អង្គការ​អន្តរជាតិធំៗ ចំនួន ៥០ផង បាន​បញ្ជាក់ថា ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​ចុងក្រោយ​នោះ វា​នឹង​អាចជា​ការគំរាមកំហែង​លើ​សេរីភាព ក្នុងការ​បង្កើត​សមាគម និង​លទ្ធភាព​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​ផ្តល់ជំនួយ​ដល់​កម្ពុជា។

តាម​សង្គម​ស៊ីវិល មាត្រា​ដែល​គេ​ព្រួយបារម្ភ​បំផុត ក្នុង​សេចក្តីព្រាងច្បាប់​នេះ គឺ​ទាក់ទង​នឹង​ការដាក់កំហិត​លើ​លទ្ធភាព​របស់​អង្គការ​អន្តរជាតិ ក្នុងការ​អនុវត្ត​កម្មវិធី​ឲ្យ​មាន​ប្រសិទ្ធភាពកំហិត​ប្រតិបត្តិការ​របស់​អង្គការ​មូលដ្ឋាន និង​ការចុះបញ្ជី​របស់​អង្គការ សមាគមផ្សេង។

លោក​អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ បានបញ្ជាក់​ក្នុង​សន្និសីទ​នោះ​ថា ប្រសិនបើ​សេចក្តីព្រាងច្បាប់​នោះ ត្រូវបាន​អនុម័ត តែ​មិន​បម្រើ​ប្រយោជន៍​តាម​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ, អង្គការ​សង្គម​ស៊ីវិល នឹងធ្វើ​ការតស៊ូ​មតិ​ដោយ​សន្តិវិធី តាមរយៈ​គម្រោង​ផ្តល់ជំនួយផ្សេងៗ ក្រោយពី​ច្បាប់​នោះ​ចេញ​ជា​រូបរាង។

គួរ​ជម្រាបជូន​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​តាក់តែង​ដោយ​ព្រះមហាក្សត្រ កាលពី​ឆ្នាំ ១៩៩៥ ហើយ​ត្រូវបាន​រដ្ឋាភិបាល បើក​ឲ្យ​មានការ​ពិភាក្សា​ថ្នាក់ជាតិ នៅ​ឆ្នាំ ២០០១ និង២០១។ ប៉ុន្តែ​នៅ​ចុងឆ្នាំ ២០១១ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​ពន្យា​ពេល​ការអនុម័ត។ រហូតដល់​ដើមខែ​មេសា ឆ្នាំ២០១៥នេះ លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ ក៏បាន​រំលឹក​តម្រូវការ​នៃ​ច្បាប់​នេះ ហើយ​បន្ទាន់​នឹង​អនុម័ត​នៅក្នុង​ខែឧសភា​នេះ​តែម្តង៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ