អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទំនាក់​ទំនង​រកាំរកូស​រវាង​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាលកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​លើ​មន្ដ្រី​ទាំង​៤​រូប​នៃ​សមាគម​អាដហុក នា​ពេល​ថ្មី​ៗ​នេះ បាន​​​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់​ទំនង ក៏​ដូច​ជា​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ​។ នេះ​មិន​មែន​ជា​រឿង​ប្លែក​ទេ ព្រោះ​មែន​ទែន​ទៅ កិច្ច​សហការ​ល្អ​ប្រសើរ ព្រម​ទាំង​ភាពជឿ​ទុក​ចិត្ត​គ្នា មិន​ដែល​មាន​ទេ រវាង​សង្គម​ស៊ីវិល និង​​​រាជរដ្ឋាភិបាល​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

@ACU
ផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ ដើម្បី​បម្រើ​​ប្រជា​ពលរដ្ឋ​​។ អង្គការ​សង្គម​ស៊ីវិល​ក៏​ដូច្នោះ​ដែរ​។ តួនាទី​របស់​សង្គម​ស៊ីវិល គឺ​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ និងផល​ប្រយោជន៍​​សាធារណៈ។ មាន​តួ​នាទី​ដូច​គ្នា រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល គួរ​តែ​ចាប់​ដៃ​គ្នា​ធ្វើ​ការ។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ នៅ​កម្ពុជា ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំង​ពីរ​​ដែល​មាន​តួនាទី​ដូច​គ្នា​នេះ បែរ​ជាជួប​ភាព​រកាំ​រកូស​យ៉ាង​ខ្លាំង​។

កន្លង​មក រាជ​រដ្ឋាភិបាល បាន​បង្ហាញ​ពី​និន្នាការ​មិន​ត្រូវ​គ្នា​ជាមួយ​សង្គម​ស៊ីវិល​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជា​រឿយ​ៗ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​អង្គការ​សង្គម​ស៊ីវិល​។ ក្រៅ​ពី​នោះ ​អាជ្ញាធរ​ ជា​រឿយ​ៗតែង​តែ​ប្រើ​អំណាច​របស់​ខ្លួន រំខាន​ការងារ និង​ការ​ជួបជុំ​នានា​របស់​សង្គម​ស៊ីវិល​។ ការ​រំខាន​ទាំង​នោះ​​ស្ដែង​ចេញ​តាម​រយៈ​ការរឹត​ត្បិត ការ​ហាម​ឃាត់ ការ​ពង្រាយ​កម្លាំង​ព័ទ្ធ​ និង​ពេល​ខ្លះ ឈាន​ទៅ​ដល់ការឃាត់​ខ្លួន​និង​ឃុំ​ខ្លួន​ថែម​ទៀត​ផង​។ ការ​តស៊ូ​មតិ ការ​សម្ដែង​ទស្សនៈ ព្រម​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល តែង​តែ​ត្រូវ​បាន​រឹត​ត្បិត​ដោយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អាជ្ញាធរ អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន មាន​សកម្មភាព​ដូច​ជា​គណបក្ស​ប្រឆាំង ដែល​តែង​តែ​រិះគន់​ ដើម្បី​សុំ​ជំនួយ​បន្ថែម​ពី​បរទេស​តែ​ប៉ុណ្ណោះ​។

ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ក៏កម្រ​​បង្ហាញ​ពី​ភាព​ជឿ​ទុក​ចិត្ត​របស់​ខ្លួន ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដូច​គ្នា​ដែរ​។ ប្រតិកម្ម​ខ្លាំង​ៗ ការ​រិះ​គន់ និង​ការ​មិន​ចូល​រួម​របស់​សង្គម​ស៊ីវិល​ជាមួយ​អាជ្ញាធរ តែង​តែ​កើត​មាន​ជា​ញឹក​ញាប់​។ ទាំង​នេះ​បាន​បង្ហាញ​ពី​ភាព​ចុះ​ខ្សោយ​នៃ​ទំនាក់​ទំនង ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​។

មែន​ទែនទៅ អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចូល​រួម​ធ្វើ​ឲ្យ​ប្រសើរ និង​កាត់​បន្ថយ​នូវ​វិសមភាព ក៏​ដូច​ជា​ភាព​ក្រីក្រ​របស់​ប្រទេស​។ អង្គការ​សង្គម​ស៊ីវិល ជា​តួ​អង្គ​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​ប្រទេស​។ ហើយ​រដ្ឋាភិបាល គឺ​ជា​ភាគី​ដែល​ត្រូវ​បំពេញ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​មាន​បរិយាកាស​អំណោយផល​សម​ស្រប​ដល់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា និង​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​។

សំណួរ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​កិច្ច​សហការ​ដ៏​ប្រសើរ​មួយ មិន​ដែល​កើត​ឡើង​សោះ ​រវាង​អង្គការ​សង្គម​ស៊ីវិល​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច? ហេតុ​អ្វី​បាន​ជា​ភាគី​ទាំងនេះ តាំង​ខ្លួន​ជា​សត្រូវ​នឹង​គ្នា ទាំង​​ដែល​​មាន​គោលដៅ​រួម​គ្នា​តែ​មួយ គឺ​ចូល​រួម​អភិវឌ្ឍ​ប្រទេស​?

ប្រសិន​បើ​គេ​ពិត​ជា​ចង់ចូល​រួមអភិវឌ្ឍ​ប្រទេស ឬ​ចូល​រួម​​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​មែន​នោះ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល អាច​ជួប​ប្រជុំ​ទល់​មុខ​គ្នា ស្ដាប់​គ្នា និង​ពិភាក្សា​គ្នា ដើម្បី​​​ស្វែង​រក​ដំណោះ​ស្រាយ​។ នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​អាជ្ញាធរ​ចូល​ចិត្ត​ស្ដាប់តែ​​ពាក្យ​ពិរោះ​ពិសារ ការ​បរិហារ​រិះគន់ ព្រម​ទាំង​ការ​ធ្វើ​បាតុកម្ម​តវ៉ា ហាក់​ដូច​ជា​មិន​បាន​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​អ្វី​ទេ ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ក្ដៅ​ក្រហាយ និង​ពន្យឺត​ពន្យារ​ពេល​ការ​ដោះ​ស្រាយ​បញ្ហា​តែ​ប៉ុណ្ណោះ​។ ភាគី​ទាំង​សង​ខាង គួរ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាមួយ​គ្នា ចៀសវាង​ប្រកាន់​ទិដ្ឋិ​ជាប់​ជានិច្ច​ថា មាន​តែ​ខ្លួន​ទេ ដែល​យល់​ត្រូវ និង​ធ្វើ​ត្រូវ​ជាង​គេ​។

ការរក​ឲ្យ​ឃើញ​ភាពជា​ដៃគូ​រវាង​សង្គម​ស៊ីវិល​និង​រាជរដ្ឋាភិបាល​​កម្ពុជា ​ពិត​ជាមាន​សារៈ​សំខាន់​​​ណាស់​​ សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ​ន៍​ប្រទេស។ ភាពទន់ភ្លន់​និង​ការសម្របសម្រួល​ត្រូវគេ​មើលឃើញថា​ជា​គន្លឹះ​ដើម្បី​សម្រេច​គោលដៅ​នេះ។ ផ្ទុយទៅវិញ ប្រសិនបើ​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល ដែល​អះអាងថា​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ដូចគ្នា តែ​បែរជា​តាំងខ្លួន​ជា​គូបដិបក្ខ បន្តទៀត​នោះ ​វា​គឺជា​បរាជ័យ​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត។

ត​ទៅ​នេះ ដល់​ពេល​ហើយ​ដែល​អង្គការ​សង្គម​ស៊ីវិល និងរាជរដ្ឋាភិបាល ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបទ​​នៃ​ការ​ធ្វើ​ការ​របស់​ខ្លួន ហើយ​ងាក​មក​ពួត​ដៃ​គ្នា​ធ្វើ​ការ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។ ប្រសិន​បើ​ សង្គម​ស៊ីវិល​និង​អាជ្ញាធរ នៅ​តែ​គ្មាន​កិច្ច​សហការ​ល្អ​ប្រសើរ​រវាង​គ្នា​ទេ នោះ​បញ្ហា​ប្រទេស​ជាតិ​រាប់​រយ​ជំពូក​ដែល​នៅ​សេស​សល់ ក៏​ប្រហែល​ជា​មិន​អាច​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​បាន​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ