អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ស្វាគមន៍​ការ​បន្ធូរ​ដៃ​របស់ ក្រសួង​មហា​ផ្ទៃ​ករណី​ស៊ើប​អង្កេត​បដិវត្តន៍​ពណ៌

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​សម្ដែង​ការ​ធូរ​ចិត្ត​បន្តិច ​នៅ​ពេល​ដែល​ក្រសួង​មហា​ផ្ទៃ​បង្ហើប​ពី​គម្រោង នឹង​រំសាយ​ការ​ស៊ើប​អង្កេត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពាក់​ព័ន្ធ​សំណុំ​រឿង​បដិវត្តន៍​ពណ៌។ បដិវត្តន៍​ពណ៌​ដែល​អាជ្ញាធរ​តែង​តែ​លើក​ឡើង​ថា ពួក​គេ​គឺ​ជា​ក្រុម​តែ​មួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​(ឆ្វេង) និង លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល(ស្តាំ)
លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​(ឆ្វេង) និង លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល(ស្តាំ) @RFI
ផ្សាយពាណិជ្ជកម្ម

«យើង​ស្វាគមន៍​នៅ​ពេល​ដែល​រដ្ឋាភិបាល រំសាយ​ការ​ចោទ​ប្រកាន់​លើ​អង្គការ​សង្គម​ស៊ីវិល​ជា​ពិសេស​អង្គការ​ខុមហ្វ្រែល​តែ​ម្ដង ក្នុង​រឿង​បដិវត្តន៍​ពណ៌» នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល។ បើ​តាម​លោក សុធារ៉ា ជំហរ​រដ្ឋាភិបាល​បែប​នេះ​គឺ​ជា​អ្វី​ដែល​លោក​ចង់​បាន។ ​ជា​ថ្មី​ទៀត​លោក​ យឿង សុធារ៉ា អះអាង​ថា ខុមហ្វ្រែល​គ្រាន់​តែ​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​នាំ​មក​នូវ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ។ ហើយ​អ្វី​ដែល​ខុមហ្វ្រែល​បាន​ធ្វើ​នា​ពេល​កន្លង​មក​គឺ​តាម​ច្បាប់​ទាំង​ស្រុង។

សូម​បញ្ជាក់​ថា អង្គការ​ខុមហ្វ្រែល​​ក៏​ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ ដោយ​សុំ​ឲ្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​បញ្ឈប់​ការ​យក​ ស្ថាប័ន​របស់​ខ្លួន​ទៅ​ចង់​ភ្ជាប់​ជាមួយ​គណបក្ស​នយោបាយ​ និង​ចេតនា​ធ្វើ​បដិវត្ដន៍​ពណ៌​នៅ​កម្ពុជា​ទៀតទៅ​។

ចំណែក​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​មាន​យោបល់​ថា ពាក្យ​បដិវត្តន៍​ពណ៌​ខ្លះ​គឺ​ផ្ដើម​ចេញ​ពី​ការ​លាប​ពណ៌​ដែរ។ ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​គិត​លើ​បច្ចេកទេស ឬ​ក៏​របៀប​ធ្វើ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន។ នេះ​បើ​តាម​លោក សន ជ័យ ។ លោក​ជឿ​ជាក់​ថា សង្គម​ស៊ីវិល​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​អ្វី​ទេ។

សូម​បញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ​តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក ខៀវ សុភ័គ បាន​ថ្លែង​ប្រាប់ កាសែត​ក្នុង​ស្រុក​ថា​ ក្រសួង​នឹង​រំសាយ​ចោល​វិធានការ​ដែល​ធ្លាប់​កំណត់​គោល​ដៅ​នៃ​ការ​ស៊ើប​អង្កេត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។ ប៉ុន្តែ​សមត្ថកិច្ច​នឹង​ឃ្លាំ​មើល​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ជា​បន្ត​ទៀត។ បើ​តាម​អ្នក​វិភាគ​មើល​ឃើញ​ថា អ្វី​ដែល​ក្រសួង​ធ្វើ​នា​ពេល​នេះ​ដោយ​សារ​តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ព្រោះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពី​មុន​ត្រូវ​បាន​ទាញ​ភ្ជាប់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ក្រុម​តែ​មួយ​​នាំ​មក​នូវ​បដិវត្តន៍​ពណ៌​តាម​រយៈ​ការ​ទទួល​ជំនួយ​ពី​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ