អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​នយោបាយ សុំ​នៅ​ក្រៅ​ឃុំ មិន​បាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ម្សិល​មិញ តុលាការ​កំពូល​ បាន​សម្រេច ​ច្រាល​ចោល​បណ្តឹង​សារ​ទុក្ខ​ ចំពោះ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ របស់​មន្ត្រី​អង្គការ​អង្គការ​អាដ​ហុក ៤នាក់។ នេះ​មិន​មែន​ជា​លើក​ទី ១ទេ ដែល​តុលាការ​ខ្មែរ សម្រេច​មិន​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល អាច​នៅ​ក្រៅ​ឃុំ​បាន។ នា​ពេល​កន្លង​ទៅ សូម្បី​តែ​សកម្មជន​នយោបាយ​មួយ​ចំនួន​ និង​មន្ត្រី​សិទ្ធិមនុស្ស​ផ្សេង​ទៀត ក៏​លំបាក​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បាន​ដែរ។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កន្លង​ទៅ។​
លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កន្លង​ទៅ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ជា​ការ​សង្កេត​ រាល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​នយោបាយ ឲ្យ​តែ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ដាក់​ពន្ធនាគារ​ហើយ គឺ​គេ​កម្រ​នឹង​ឃើញ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ណាស់​ បើ​ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ តាំង​ពី​សាលា​ដំបូង​ សាលា​ឧទ្ធរណ៍ រហូត​ដល់​តុលាការ​កំពូល​ ក៏​ដោយ​ចុះ​។

ជាក់​ស្តែង​ ការ​សម្រេច​ច្រាល​ចោល​បណ្តឹង​សារ​ទុក្ខ​របស់​មន្ត្រី​អង្គការ​អាដហុក ទាំង​៤ រូប គឺ​ជា​ឧទាហរណ៍​ស្រាប់។ នេះ​គេ​នៅ​មិន​ទាន់​គិត​រាប់​ដល់ ករណី​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ របស់​សកម្មជន​នយោបាយ ដូច​ជា លោក មាជ សុវណ្ណារ៉ា, ព្រឹទ្ធ​សមាជិក ហុង សុខហួរ និង​អ្នក​តំណាង​រាស្ត្រ អុំ សំអាន, សកម្មជន​សិទ្ធិ​ដី​ធ្លី​ ទេព វន្នី​ រួម​ទាំង​អ្នក​ទោស​ផ្សេង​ទៀត ដែល​គេ​ហៅ​បញ្ចូល​ថា អ្នក​ទោស​នយោបាយ ។

ចំពោះ​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម និង​ចំពោះ​មេធាវី​ការ​ពារ​ក្តី​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៤​នាក់​នោះ, ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ទៅ​លើ​កូន​ក្តី​របស់​ខ្លួន រហូត​ទៅ​ដល់​ជាង​ ១០​ខែ​មក​នេះ គឺ​ការ​រំលោភ​នីតិ​វិធី។ ដ្បិត​ថា បើ​តាម​ច្បាប់ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន គឺ​យ៉ាង​យូរ​ ត្រឹម​ ៤​ខែ សម្រាប់​បទ​ល្មើស​មជ្ឈិម ឬ​ ៦​ខែ សម្រាប់​បទល្មើស​ឧក្រិដ្ឋ។ ក្នុង​រយៈ​ពេល​នេះ ចៅ​ក្រម​ស៊ើប​សួរ ត្រូវ​សម្រេច​ថា ដោះ​លែង​ជន​ត្រូវ​ចោទ​ជា​បណ្តោះ​អាសន្ន ឬ​មួយ ក៏​ត្រូវ​បញ្ចូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ។ ក៏​ប៉ុន្តែ ការ​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​ ដល់​ទៅ​ជាង​ ១០​ខែ​មក​នេះ គឺ​លើស​រយៈ​ពេល​ហើយ គឺ​ឃើញ​ថា រំលោភ​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ យ៉ាង​ពិត​ប្រាកដ​មែន។

នេះ​បើ​គ្រាន់​តែ​មើល​តែ​មួយ​ភ្លែត។ ក៏​ប៉ុន្តែ បើ​ផ្អែក​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាត្រា​ ២០៨ និង​ ២០៩ ថិរវេលា​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន គឺ​អាច​ត្រូវ​ពន្យារ​ពេល​ បាន​ ២​ដង ម្តង​ ៦​ខែ បើ​មាន​សំអាង​ហេតុ​ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់ ស្រប​តាម​ការ​ចាំ​បាច់។ តាម​ន័យ​នេះ បើ​ករណី​ការ​ចោទ​ប្រកាន់​ជា​បទ​ឧក្រិដ្ឋ ចៅក្រម​ស៊ើប អាច​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន រហូត​ដល់​ទៅ​ ១៨​ខែ ឬ​១​ឆ្នាំ​កន្លះ ឯណោះ។

យ៉ាង​ណា​ក៏​ដោយ ការណ៍​ដែល​អាច​ពន្យារ​ពេល​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទៅ​បាន គឺ​ទាល់​តែ​បទ​ល្មើស​នោះ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​គុក ស្មើ​ឬ​លើស​ពី​១​ឆ្នាំ។ ឧទាហរណ៍​ជាក់​ស្តែង​ បទ​ល្មើស​សូក​ប៉ាន់​សាក្សី ជា​បទ​ល្មើស​ឧក្រិដ្ឋ ដែល​ត្រូវ​ធ្លាក់​ទៅ​លើ​សកម្មជន​សង្គម​ស៊ីវិល​ទាំង​ ៤​រូប​នោះ​ ​គឺ​ផ្អែក​តាម​មាត្រា​ ៥៤៨ នៃ​ក្រម​នីតិវិធីព្រហ្ម​ទណ្ឌ, ចំពោះ​ជន​ត្រូវ​ចោទ បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ពិត​មែន គឺ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ពី​ ៥​ទៅ​ ១០​ឆ្នាំ​។ ដូច្នេះ បើ​ពិនិត្យ​មើល​ទិដ្ឋភាព​ច្បាប់ ចំពោះ​រឿង​ថិរវេលា​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននេះ​ គឺ​តុលាការ​ នៅ​តែ​មាន​ហេតុផល​ច្បាប់​រឹង​មាំ ដើម្បី​ចេញ​អំណាច​ឃុំ​ឃាំង​ពួក​គេ​បាន​ត​ទៅ​ទៀត។  

ផ្ទុយ​ទៅ​វិញ​ បើ​មើល​តាម​ទិដ្ឋភាព​នយោបាយ និង​ពិនិត្យ​ចំពោះ​ដើម​ចម​នៃ​សាច់​រឿង ដែល​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ពួក​គេ​វិញ គឺ​វា​ចេញ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​នឹង​នារី​ម្នាក់ ឈ្មោះ​ស្រីមុំ ដែល​បាន​អូស​បន្លាយ​ រហូត​ឈាន​ទៅ​ដល់​ការ​យក​មេឃុំ​ម្នាក់ មន្ត្រី​គ.ជ.ប.ម្នាក់​ និង​មន្ត្រី​សង្គមស៊ីវិល ដល់​ទៅ​៤​នាក់ ទៅ​ញាត់​ពន្ធនាគារ។

ក៏​ប៉ុន្តែ​ ​នៅ​ពេល​នេះ ស្រី​មុំ​ ក៏​រួច​ខ្លួន លោក​មេឃុំ​ម្នាក់​នោះ ក៏​ត្រូវ​ដោះ​លែង ហើយ​លោក កឹម សុខា ក៏​មាន​សេរីភាព​ ចេញ​ពី​បន្ទប់​ ៤​ម៉ែត្រ​៤​ជ្រុង​, នៅ​ឡើយ​តែ​មន្ត្រី​សង្គម​ស៊ីវិល ៤​នាក់ និង​មន្ត្រី​គ.ជ.ប ម្នាក់ ដែល​បន្ត​ជាប់​ក្នុង​ពន្ធនាគារ​។ ចំពោះ​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​ ​និង​អ្នក​ច្បាប់​មួយ​ចំនួន គឺ​ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លះ​ដែរ ដែល​ក្នុង​សំណុំ​រឿង​នៃ​ដើម​ហេតុ​តែ​មួយ បុគ្គល​ខ្លះ​ត្រូវ​បាន​ដោះ​លែង​យ៉ាង​ស្រួល តែ​អ្នក​ខ្លះ​ទៀត គឺ​ត្រូវ​បន្ត​នៅ​ជាប់​ឃុំ​ក្នុង​ចម្រឹង​ដែក​នៅ​ឡើយ។​

ដល់​ចំណុច​នេះ សួរ​ថា​តើ​ហេតុ​អ្វី​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ទាំង​នោះ អាច​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​សិន ហើយ​ចាំ​ការ​កោះ​ហៅ​សួរ​ឆ្លើយ ត​តាំង​គ្នា​តាម​ផ្លូវ​តុលាការ​ត​ទៅ​ទៀត​ទៅ?

ចម្លើយ​នៃ​សំណួរ​នេះ ​គឺ​មាន​នៅ​ក្នុង​មាត្រា​ ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​មូល​ហេតុ​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដោយ​មាន​ការ​ចាំ​បាច់ ៦​ចំណុច។

១-ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទ​ល្មើស​កុំ​ឲ្យ​កើត​ជា​ថ្មី។

២-ដើម្បី​រារាំង​ កុំ​ឲ្យ​មាន​ការ​គាប​សង្កត់​លើ​សាក្សី ឬ​ជន​រង​គ្រោះ ឬ​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា រវាង​ជន​ត្រូវ​ចោទ និង​អ្នក​សម​គំនិត។

៣-ដើម្បី​រក្សា​ភស្តុតាង ឬ​តម្រុយ​ជា​សម្ភារៈ។

៤-ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី។

៥-ដើម្បី​ការពារ​សន្តិសុខ​ឲ្យ​ជន​ត្រូវ​ចោទ។

៦-ដើម្បី​ធានា​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ កុំ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​ ដែល​បណ្តាល​មក​ពី​បទ​ល្មើស​។

ហើយ​មូល​ហេតុ​ធំ​ផ្សេង​ទៀត គឺ​ទំនង​ជា​ខ្លាច​ក្រែង ជន​ត្រូវ​ចោទ រត់​ភៀស​ខ្លួន​ទៅ​បរទេស​ ផុត​ពី​ដែន​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ស្រុក។ ក៏​ប៉ុន្តែ បើ​តាម​ភាព​ពិត​ជាក់​ស្តែង​ ទោះបី​ជា​មាន​ស្លាប​ហោះ ក៏​ស្ទើរ​តែ​ហើរ​ពុំ​រួច​ដែរ​។ ដ្បិត​ថា នៅ​កម្ពុជា​ សូម្បី​តែ​នរណា​ម្នាក់​ហោះ​ហើរ​ចេញ​ចូល​ទៅ​ណា​មក​ណា​ ជាមួយ​នរណា​ ក៏​គេ​អាច​ស៊ើប​ដឹង​គ្រប់​ទាំង​អស់​ដែរ។ ដូច្នេះ គឺ​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ។

          ចំណែក​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​អស់​នោះ គឺ​ប្រាកដ​ជា​បាន​ចេះ​ដឹង​ច្បាប់​ទម្លាប់​ល្មម​គួរ​សម​ដែរ ហើយ​ទំនង​ជា​មិន​អាច​គេច​វេស​ពីការ​កោះ​ហៅ​របស់​តុលាការ​ ក្នុង​ការ​សាក​សួរ​នោះ​ឡើយ​ ប្រសិន​បើ​ពួក​គេ​ បាន​រស់​នៅ​ក្រៅ​ឃុំ​ មែន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ