ជាលើកដំបូងហើយដែលក្រុមអង្គការសង្គមស៊ីវិល និងសមាគម ដែលធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជាបានបញ្ចេញប្រតិកម្មរួមគ្នា ជុំវិញការប្តឹងដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រជែងគីឡូធ្ងន់ជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។
នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួននៅថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិល យល់ឃើញថាជាយកថាហេតុការរំលាយគណបក្សប្រជែងនេះ រហូតមិនអាចចូលរួមប្រកួតការបោះឆ្នោតនឹងនាំឲ្យមានបញ្ហានៃភាពត្រឹមត្រូវតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិនៃការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ករណីការរំលាយ និងការបែងចែកអាសនៈនៃគណបក្សសង្គ្រោះជាតិ គឺមិនគោរពសម្លេងឆន្ទៈប្រជាពលរដ្ឋប្រមាណ ៣លាននាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍។
ក៏ប៉ុន្តែ អ្នកនាំពាក្យក៏ដូចជាមន្ត្រីសំខាន់ៗរបស់គណបក្សបក្សប្រជាជនកម្ពុជា តែងលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ ចំនួន ៤ ក្នុងនោះ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងបើកផ្លូវឲ្យមានការបែងចែកអាសនៈគណបក្សមួយ ទៅឲ្យគណបក្សផ្សេងទៀតនោះ គឺដើម្បីឲ្យច្បាប់ទាំង ៤នេះ មានសង្គតភាព ឬភាពស៊ីសង្វាក់ជាមួយច្បាប់ស្ដីពីគណបក្សនយោបាយ និងវិសោធនកម្មជាបន្តបន្ទាប់ ដែលនៅជាធរមាន ធានាស្ថេរភាពនយោបាយឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងនៅកម្ពុជា។
ទោះយ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលនិងសមាគមក្នុងស្រុក ដែលក្នុងនោះមានអង្គការឃ្លាំមើលការបោះឆ្នោត Comfrel និង Nicfic ផងនោះ ចាត់ទុកថា ការរំលាយគណបក្សប្រកួតប្រជែងការបោះឆ្នោត និងការអនុវត្តនៃការបែងចែកអាសនៈតាមរូបមន្តថ្មីនៃការធ្វើវិសោធនកម្មច្បាប់នឹងនាំឲ្យបាត់បង់ការប្រកួតប្រជែងការបោះឆ្នោត ដោយភាពត្រឹមត្រូវតាមច្បាប់ជាតិ និងអន្តរជាតិ និងយុត្តិធម៌ ហើយក៏នឹងនាំឲ្យធ្លាក់ចុះខ្លាំងនៃដំណើរការប្រជាធិបតេយ្យជាមួយគុណភាពពហុបក្សនៅកម្ពុជា៕