អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​និង​មួយ​ចំនួន​ទៀត​បិទ​ទូរស័ព្ទ​បន្ទាប់​ពី​ការ​ព្រមាន

យ៉ាង​ហោច​ក៏​មាន​ថ្នាក់​ដឹក​នាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ចំនួន​៣​រូប​ដែរ ដែល​បាន​ស្ថិតនៅ​ក្រៅ​ប្រទេស ខណៈ​កាល​ពី ថ្ងៃពុធ​​មាន​​ការ​​បញ្ជា​​ពី​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​ស៊ើប​អង្កេត​ភាព​ស្រប​ច្បាប់​របស់​បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​នេះ។ តែ​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត បញ្ជាក់​ថា​ការ​ស្ថិត​នៅ​ក្រៅ​ប្រទេស​របស់​មេ​ដឹក​នាំ​អង្គការ​ទាំង​នោះ មិន​ទាក់​ទង​ទៅ​នឹង​ការ​ព្រមាន​របស់​រដ្ឋាភិបាល​​​ទេ។

បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​
បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​ Phearak Soeung
ផ្សាយពាណិជ្ជកម្ម

តាម​ការ​រៀប​រាប់​ត្រួសៗ​របស់ លោក សំ គន្ធាម៉ី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា(Nicfec) មាន​មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ចំនួន​៣​រូប បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស។ អ្នក​ទាំង​៣ នោះ​គឺ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(Comfrel) លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងលោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស។

វត្តមាន​របស់​អ្នក​ទាំង​បី នៅ​ក្រៅ​ប្រទេស​ចំ​ពេល​ដែល មាន​ការ​ព្រមាន​ចាត់​វិធានការ​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ទៅ​លើ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ចំពោះ​ភាព​ស្រប​ច្បាប់ ខណៈ​ដែល​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្តុំ​នៃ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៤០ ឃ្លាំ​មើល​និង​សង្កេតការណ៍​ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក៏​ប៉ុន្តែ​លោក សំ គន្ធាម៉ី បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​អង្គការ​ទាំង​នោះ បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​មុន​ថ្ងៃ​ទី​២៥​មិថុនា ដែល​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវ​ការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ទៅ​ទៀត។

សូម​រំលឹក​ថា នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៦៦ ថ្ងៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ដែល​បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​ខោក​ក្បាល គ.ជ.ប ផ្ទុយ​គ្នា​ពី​ការ​លើក​ឡើង​របស់​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​ដទៃ​ទៀត តែ​ដូច​គ្នា​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​គណបក្ស​ប្រឆាំង ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ភាព​ស្រប​ច្បាប់​នៃ​បន្ទប់​ស្ថានការណ៍​មួយ​នេះ។

ក៏​ប៉ុន្តែ​ភ្លាម បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ក៏​បាន​ចេញ​សេច​ក្តី​បញ្ជាក់​ដែរ​ថា បន្ទប់​ស្ថាន ការណ៍​គឺ​ជា​ការ​ប្រមូល​ផ្តុំ​មតិ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដើម្បី​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ ហើយ​បន្ទប់​ស្ថានការណ៍​នេះ ត្រូវ​រំសាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ