អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល៖ ករណី​ចោរ​ឆក់​កំពុង​លេច​ធ្លោ​ខ្លាំង​នៅ​ភ្នំពេញ

កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​មិថុនា​ ប្ដី​ប្រពន្ធ​ពីរ​នាក់​បាន​ស្លាប់ និង​កូន​ប្រុស​តូច​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​សកម្មភាព​ឆក់​ទ្រព្យ​សម្បត្តិ​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ ស្លាប់​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្ទាប់​ពី​ពួក​គេ​បាន​ដេញ​តាម​ចោរ។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​២៥​មិថុនា ស្ត្រី​ជា​គ្រូ​បង្រៀន​ភាសាចិន​ម្នាក់​បាន​ស្លាប់​ដោយ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ពេល​ចោរ​ឆក់​កាបូប​របស់​គាត់​នៅ​ខណ្ឌ​ទួល​គោក។ ទន្ទឹម​នឹង​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ករណី​ចោរ​ឆក់​កំពុង​លេច​ធ្លោ​ខ្លាំង​នៅ​ភ្នំពេញ។

ក្រុម​គ្រួសារ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់ ដោយ​សារ​ចោរ​ឆក់
ក្រុម​គ្រួសារ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់ ដោយ​សារ​ចោរ​ឆក់ @facebook
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នៃ​អំពើ​ចោរ​ឆក់​តាម​ដង​ផ្លូវ​នេះ​វា​ហាក់​ដូច​ជា​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត និង​ក្រោយ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ នេះ​គឺ​ជា​ការ​កត់​សម្គាល់​របស់​លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា។ ប្រឈម​បញ្ហា​នេះ លោក សន ជ័យ បារម្ភ​ពី​កំហឹង​ប្រជាពលរដ្ឋ​ឈាន​ទៅ​ដល់​ការ​សម្លាប់​ចោរ ក៏​ថា​បាន​ប្រសិន​បើ​ការ​អន្តរាគមន៍​របស់​សមត្ថកិច្ច​នៅ​មាន​កម្រិត។

លោក សន ជ័យ បាន​កត់​សម្គាល់​ទៀត​ថា ការ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ក្នុង​ករណី​ចោរ​ឆក់​មិន​បាន​ធ្វើ​ឡើង​ភ្លាមៗ​ឬ​ត្រៀម​បង្កា​ទុក​មុន​ទេ។

ចំណែក លោក យ៉ង គឹមអេង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​រិះគន់​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រដ្ឋាភិបាល អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធិភាព ។ មួយ​ចំណុច​ក្នុង​ចំណោម​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​ប្រាំ​បី​ចំណុច គឺ​លុប​បំបាត់​ករណី​ចោរ​ឆក់​ឬ​ប្លន់។ តែ​ផ្ទុយ​ទៅ​វិញ​កម្លាំង​សមត្ថកិច្ច​គ្មាន​ការ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ឆ្លើយ​តប​នៅ​ពេល​ករណី​ឆក់​នេះ​កើត​ឡើង។

ឆ្លើយ​តាម​ការ​លើក​ឡើង​ទាំង​នេះ លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​អះអាង​ថា ចំពោះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ដុត​ដៃ​ដុត​ជើង​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ការ​ទប់​ស្កាត់​នៅ​តាម​ភូមិ​សាស្ត្រ​សំខាន់ៗ​រួច​ហើយ ក៏​ប៉ុន្តែ​ចន្លោះ​ប្រហោង​នៅ​តែ​កើត​មាន​ចំពោះ​តំបន់​ដែល​គ្មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ទើប​ក្រុម​ចោរ​ឆ្លៀត​ឱកាស​ពេល​នោះ​តែ​ម្ដង។

ដោយ​ឡែក​ចំពោះ​ករណី​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ស្លាប់ និង​កូន​ប្រុស​តូច​ម្នាក់​បាន​រង​របួស​ដោយ​សារ​ចោរ​ឆក់​កាបូប កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​មិថុនា​នោះ លោក អេង ហ៊ី បាន​អះ​អាង​ថា កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​ស្វែក​រក​មុខ​សញ្ញា​ចោរ​ដើម្បី​ពួក​គេ​មក​ដាក់​ទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ