អានតួអត្ថបទ
កម្ពុជា

មនុស្ស ជាង ២០ នាក់ ​របួស និង​ ២ នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​អំពើហិង្សា​រវាង​អតីត​ក្រុម​អ្នក​បើក​បរ​ឡាន​ក្រុងកាពីតូល និងរ៉ឺម៉ក​កង់​បី

អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង នៅ​ព្រឹក​ថ្ងៃទី ៦ ខែ កុម្ភៈ រវាង​ក្រុម​រ៉ឺមក​កង់​បី​របស់​សមាគម​ដើម្បី​អភិវឌ្ឍន៍កម្ពុជា និង ក្រុម​អ្នក​បើក​បរ​ឡាន​ក្រុង​ដឹក​អ្នក​ដំណើរ របស់​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល។ ជា​អំពើហិង្សា ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ២០ នាក់ រង​របួស​ធ្ងន់​ស្រាល និង ២ នាក់ ផ្សេង​ទៀត ត្រូវបាន​ចាប់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា ការ​តវ៉ា​របស់​អតីត​ក្រុម​អ្នក​បើក​បរ​ឡាន​ក្រុង​នេះ បាន​ចាប់​ផ្តើម​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៥ ក្រោយ​ពួក​គេ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ។(អត្ថបទដោយ សរ ពិសី)

ការប៉ះទង្គិចគ្នា រវាងអតីតក្រុមអ្នកបើកបររថយន្តក្រុងកាពីតូល និង ក្រុមរ៉ឺម៉កកង់បី នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦
ការប៉ះទង្គិចគ្នា រវាងអតីតក្រុមអ្នកបើកបររថយន្តក្រុងកាពីតូល និង ក្រុមរ៉ឺម៉កកង់បី នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦ @CLC
ផ្សាយពាណិជ្ជកម្ម

សហភាព​ការងារ​កម្ពុជា បាន​ថ្កោល​ទោស​ចំពោះ​អំពើហិង្សា​រវាង​ក្រុម​បាតុករ​ដែល​ជា​អតីត​អ្នក​បើក​បររថយន្ត​ក្រុង​កាពីតូល​ និង​ក្រុម​អ្នក​ប្រឆាំង​បាតុករ​រាប់​សិប​នាក់ ដែល​ប្រដាប់​ដោយ​ដំបង នៅ​ព្រឹក​ថ្ងៃ​ទី ៦ មករា ។

សហភាព​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អ្នក​តវ៉ា​មិន​តិច​ជាង​២០​នាក់​ទេ ដែល​បាន​រង​របួស​ធ្ងន់​និង​ស្រាល និង​ខ្លះ​បែក​ក្បាល​ហូរ​ឈាម ហើម​ឆ្អឹង ដោយ​សារ​ក្រុម​ប្រឆាំង​បាតុកម្ម​របស់​ក្រុម​ហ៊ុន​កាពីតូល បានសម្រុក​ចូល​មក​វាយ​ក្រុម​អ្នក​បើក​ឡាន ដែល​ឈរ​តវ៉ា នៅ​ក្បែរ​ផ្សារ​អូរ​ឬស្សី​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈ​ពេល​ជិត​១​ខែ​មក​ហើយ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​។

សហភាពការងារកម្ពុជា បានថ្កោលទោស និងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ដែល នៅ កន្លែងកើតហេតុផ្ទាល់ ចាប់ខ្លួនជន​ល្មើសមកផ្តន្ទាទោស​និងផ្តល់យុត្តិធម៌ជូន​ដល់ពួក​គេ ពាក់ ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​សហភាព​ការងារ​កម្ពុជា លោក ឯ សុភាស់ ប្រធាន​សមាគម​​រួម​គ្នាដើម្បី​អភិវឌ្ឍន៍​កម្ពុជា ឆ្លើយ​តប​ថា ការ​តវ៉ា​របស់​អតីត​ក្រុម​អ្នក​បើក​បរ​រថយន្ត​ក្រុង ដោយ​គិត​តែ​ពី​ផលប្រយោជន៍​របស់​ខ្លួន​នោះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ជា​ពិសេស ក្រុមអ្នក​រត់​រ៉ឺម៉ក​កង់​បី ដែល​ពឹង​ផ្អែក​ទៅ​លើ​ដំណើរ​ការ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​កាពីតូល​។

លោក បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អំពើហិង្សា​នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ផ្ទុះ​ឡើង​ដោយ​សារ​តែ​ ការ​តវ៉ា​របស់អតីត​ក្រុម​អ្នក​បើកបរ​រថយន្ត​កាពីតូល ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ផលប្រយោជន៍ ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណូល​របស់​សមាជិក​ក្រុម​អ្នក​រត់​រ៉ឺម៉ក​កង់​បី ចំនួន ១៥០ នាក់។

ជាមួយ​គ្នា​នេះ​ដែរ លោក ឯ សុភាស់ បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​អំពើហឹង្សា​ដែល​បាន​កើត​ឡើង​នៅ​ព្រឹកថ្ងៃទី ៦ មករា នេះ ក៏​បាន​បណ្តាល​ឲ្យ​សមាជិក របស់​លោក រង​របួស​ធ្ងន់​ស្រាល ចំនួន ៧ នាក់​ផង​ដែរ។​
សូម​រំឮក​ជូន​ថា ភាព​ចម្រូង​ចម្រាស់​រវាង ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​កាពីតូល និង ក្រុម​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ពី​សំណាក់​អតីត​អ្នក​បើក​បរ​រថយន្ត​ក្រុង បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៥ បន្ទាប់​ពី​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​កាពីតូល បាន​បញ្ឈប់​ការងារ អ្នក​បើក​បរឡាន​ក្រុង​ចំនួន ៤៥ នាក់។ ​ជា​ការ​បញ្ឈប់​ដែល​ខាង​ក្រុមហ៊ុន​ អះ​អាង​ថា ពួក​គេ​ទាំ​ងនោះ មិន​គោរពតាម​លក្ខខ័ណ្ឌ​ការងារ​។

លោក អាត់ ធន់ ក្នុង​នាម​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំ ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ ថា​ លោក នឹង​នៅ​តែ​ស្វែង​រក មធ្យោបាយ​ដើម្បី​ឲ្យ កម្មករ និយោជិត ទាំង ៤៥ នាក់ ទទួល​បាន​ដំណោះស្រាយ​យ៉ាង​សម​ស្រប​មួយ​ពី​ខាង​ក្រុម​ហ៊ុនដឹកអ្នកដំណើរមួយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ