មនុស្ស១០នាក់បានស្លាប់ដោយសារតែគ្រោះធម្មជាតិ គិតត្រឹមរយៈពេល៤ខែក្នុងឆ្នាំ២០១៩
យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់និងមនុស្សជាង១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ដោយសារតែគ្រោះធម្មជាតិ គិតត្រឹមរយៈពេល៤ខែក្នុងឆ្នាំ២០១៩នេះ។ មន្រ្តីជំនាញនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគូសបញ្ជាក់ថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ចំនួនមនុស្សស្លាប់និងរបួសនេះ មានការកើនឡើងខ្ពស់គួរឲ្យបារម្ភ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងអាកាសធាតុក្ដៅបែបនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៧
ថ្លែងមកកាន់វិទ្យុបារាំងនៅថ្ងៃសុក្រនេះ លោក កែវ វី អ្នកនាំពាក្យនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ទោះជាស្ថានភាពអាកាសធាតុប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងរដូវក្ដៅក៏ដោយ តែបាតុភូតធម្មជាតិដូចជា ខ្យល់កន្ត្រាក់ ឬរន្ទះបាញ់ជាដើម ងាយកើតមានជាងរដូវវស្សាទៅទៀត។ ជាក់ស្ដែង នៅថ្ងៃទី១៧ខែមេសា ភ្លៀងលាយខ្យល់កន្ត្រាក់បានវាយប្រហារលើតំបន់ខ្លះនៅក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ហើយ បានបំផ្លាញផ្ទះសម្បែង ពលរដ្ឋអស់ជាង១០០ខ្នង តែមិនមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតទេ។
តាមរយៈហេតុការណ៍នេះ ត្រូវបានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បូកបញ្ជូលនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួន ដោយគិតត្រឹមរយៈពេល៤ខែក្នុងឆ្នាំ២០១៩នេះ យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និងមនុស្សជាង១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល។ក្រៅពីស្លាប់និងរបួស ផ្ទះពលរដ្ឋក្នុងខេត្តក្រុងចំនួន២១បានដួលរលំក្នុងរូបភាពធ្ងន់ធ្ងររហូតដល់ទៅជិត៣០០ខ្នងផ្ទះ។
យ៉ាងណាមិញអ្នកនាំពាក្យនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអះអាងថា ស្ថានភាពអាកាសធាតុក្ដៅនៅឆ្នាំ២០១៩ ដែលអាចវិវត្តន៍ទៅជាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ មិនធ្ងន់ធ្ងរដូចឆ្នាំ២០១៦ឡើយ។
ទោះជាបែបណាក៏ដោយ ក្រសួងធនធានទឹកបានអំពាវនាវជាថ្មី ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។ នេះក៏ដោយសារតែ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ខែមេសា បណ្តារាជធានី ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែចុះខ្សោយ និងកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង។ ចំណែកសីតុណ្ហភាពអតិបរមា នឹងបន្តកើនឡើងក្នុងចន្លោះពី ២៧ ដល់ ៤០អង្សារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ