អានតួអត្ថបទ
កម្ពុជា

នៅកម្ពុជា គ្រាប់បែក​ចង្កោម​ពី៥​ទៅ​៧​លាន​គ្រាប់​ទៀត កំពុង​យាយី​អាយុ​ជីវិត​មនុស្ស

តាម​ការ​ប៉ាន​ប្រមាណប្រទេសកម្ពុជានៅ​មាន​គ្រាប់​បែក​ចង្កោមប្រហែល​ពី​៥ទៅ​៧លាន​គ្រាប់ទៀតដែល​មិន​ទាន់​ផ្ទុះនិង​រក​ពុំ​ទាន់​ឃើញហើយ​គ្រាប់​បែក​ចង្កោម​ទាំង​នោះក៏​កំពុង​យាយី​អាយុ​ជីវិត​មនុស្ស​រាល់​ថ្ងៃ​ផង​ដែរ។ សូម​បញ្ជាក់​ថាគ្រាប់​បែក​ចង្កោម​គឺ​ជា​សំណល់​គ្រាប់​បែក​ដែល​យន្តហោះ​កង​ទ័ព​អាមេរិក​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​អាមេរិក​-វៀតណាមហើយ​គ្រាប់​ទាំង​នោះ​​នៅ​មាន​សល់​ច្រើន​តាម​បណ្តោយ​ព្រំដែន​ខាង​កើត​របស់​កម្ពុជា​។

ភ្នាក់ងារ​ CMAC ​កាន់​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សល់​ពី​សម័យ​សង្រ្គាម
ភ្នាក់ងារ​ CMAC ​កាន់​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សល់​ពី​សម័យ​សង្រ្គាម ©ស៊ីវ ចាន់ណា/RFI
ផ្សាយពាណិជ្ជកម្ម

ជា​បឋម ​គួរ​ជម្រាប​ថា កាលពី​សម័យ​សង្គ្រា​ម​អាមេរិក​-វៀតណាមយន្តហោះទម្លាក់​គ្រាប់​បែក​របស់​កង​ទ័ព​អាមេរិកបាន​ទម្លាក់​គ្រាប់​បែក​ប្រមាណ​១៩.៥​លាន​គ្រាប់នៅ​តាម​ព្រំ​ដែន​កម្ពុជា​-វៀតណាម។ រហូត​មក​ទល់​នឹង​ពេល​នេះគឺនៅមាន​សល់​ប្រហែល​ពី​២៥ទៅ​៣០ភាគ​រយ​ទៀត​ដែលនៅ​មិន​ទាន់​ផ្ទុះនិង​រក​មិន​ទាន់​ឃើញ។ បើ​និយាយ​តែ​ពី​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​វិញ គេ​ប៉ាន់​ប្រមាណ​ថា​នៅ​សល់​ប្រហែលពី​៥ទៅ​៧លាន​គ្រាប់ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ហេង រតនា នាយក​​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជាឬហៅ​កាត់​ថា​អង្គការ​CMAC ។

តាម​ប្រភព​ដដែលបញ្ជាក់ថា ខេត្ត​ដែល​កំពុង​តែ​ប្រឈម​មុខ​ធំ​ជាង​គេ​គឺនៅ​ខេត្ត​ភាគ​ខាង​កើត​ប្រទេសកម្ពុជា​ ដូចជា​ ខេត្ត​ត្បូង​ឃ្មុំ ​កំពង់​ចាម ​ក្រចេះ ស្ទឹង​ត្រែង ព្រៃ​វែង និងស្វាយរៀងជា​ដើម​។

ចំណែក​ខេត្ត​ព្រះវិហារដែល​រង​ការ​បាញ់​ប្រហារ​ពី​ភាគី​កង​ទ័ព​ថៃកាល​ពី​ឆ្នាំ​២០០៨នោះ នៅ​មាន​គ្រាប់​បែក​ចង្កោម​ប្រមាណ​រាប់​ម៉ឺន​គ្រាប់​ទៀតដែល​នៅ​មិន​ទាន់​បោស​សម្អាត​នៅ​ឡើយ​ទេ។

ប្រឈម​មុខ​នឹង​បញ្ហា​នេះ កាល​ពី​ពេល​ថ្មីៗ ​រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​ថា​នឹង​ពិចារណា​ចុះ​ហត្ថលេខា​ចូល​ជា​រដ្ឋភាគី​របស់​អនុសញ្ញា​ស្ដីពី​គ្រាប់​បែក​ចង្កោម ឬ​អនុសញ្ញា​អន្តរជាតិ​អូស្លូ​។​ ជា​មួយ​គ្នា​នេះ លោក​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ឬ​ហៅ​កាត់​ថាអង្គការ​CMACថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ​លោក​គាំទ្រ ហើយ​លោក​យល់ថា ការ​ចូល​ជា​រដ្ឋភាគី​របស់​អនុសញ្ញា​នេះ គឺ​បង្ហាញ​ពី​ស្មារតី​សន្តិភាពស្អប់​ខ្ពើម​សង្គ្រាម រាំង​ខ្ទប់​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោមដែល​មហន្តរាយ​ជីវិត​មនុស្ស​សត្វ​រយៈ​ពេល​វែង ជា​ពិសេស​គឺ​ជា​កិច្ច​ការមនុស្ស​ធម៌​ ពោល​គឺ​មិន​បន្សល់​ទុក​សោក​នាដកម្ម​ដល់​ជន​ជំនាន់​ក្រោយ។

អនុសញ្ញា​ស្ដីពី​គ្រាប់​បែក​ចង្កោមត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រុង​អូស្លូ ប្រទេស​ន័រ​វ៉េស ក្នុង​ឆ្នាំ​២០០៨ ដែល​មាន​ប្រទេស​ចំនួន​៣០ ផ្ដល់​សច្ចាប័ន ចំណែក​ប្រទេស​១០៨ ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់ដោយ​បញ្ឈប់​ការ​ផលិតការ​ប្រើប្រាស់និងដឹក​ជញ្ចូន​គ្រាប់​បែក​ចង្កោម។ ​រីឯ​នៅ​ក្នុង​តំបន់​អាស៊ានគឺ​មាន​តែ​ប្រទេស​ឡាវ​មួយ​គត់ដែល​បាន​ចូល​ជា​រដ្ឋភាគី​នៃ​អនុញ្ញា​នេះ​មុន​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ