ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
កម្ពុជា

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៧រូបត្រូវបានស្នើផ្អាកសកម្មភាព នយោបាយ

media  
លោក គី តិច មេធាវីរដ្ឋាភិបាល។ @Ing Bunthorn

មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ភស្តុតាង​បន្ថែមទៀត​ទៅ​តុលាការ​កំពូល​នៅរសៀល​​ថ្ងៃចន្ទនេះ ដើម្បី​ប្តឹង​ឲ្យ​រំលាយ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។​ ជាមួយ​នឹង​ភស្តុតាង​បន្ថែមនេះ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​រដ្ឋាភិបាល ​ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​ ផ្អាក​សកម្ម​ភាព​នយោបាយ​របស់​មេដឹកនាំ​ និងក្រុម​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​សង្រ្គោះជាតិ​សរុប​ចំនួន​១១៧​រូប​ផងដែរ​។

មេដឹក​នាំ​គណ​បក្ស​សង្រ្គោះ​ជាតិ និង​មន្រ្តីជាន់​ខ្ពស់​ទាំង​១១៧​រូប ដែល​ត្រូវបាន​មេធាវីការ​ពារ​ក្តី​រដ្ឋាភិបាល​ស្នើឲ្យ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​នោះ រួមមាន លោក កឹម សុខា ប្រធាន​គណបក្ស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុ​ប្រធាន​បក្ស​។​ក្នុងនោះ​ក៏មាន​ដែរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឬទ្ធិ លោក សុន ឆ័យ រួមទាំង​លោក ម៉ៅ មុនីវណ្ណ និង​កញ្ញា កឹម មនោវិទ្យា ជាដើម​។​ប៉ុន្តែ​មិនមាន​ឈ្មោះ​លោក សម រង្ស៊ី នោះទេ។

លោក គី តិច ជា​មេធាវី​ការពារ​ក្តីឲ្យ​រដ្ឋាភិបាល​ បានប្រាប់​ក្រុម​អ្នកកាសែត​នៅមុខ​តុលាការ​កំពូល​ថា ការ​ដែល​មិនមាន​ឈ្មោះ​លោក សម​ រង្ស៊ី នៅក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​ផ្អាក​សកម្ម​ភាព​នយោបាយ​នេះដោយ​អះអាងថា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​ជា​ទណ្ឌិត បាន​លាឈប់​ពី​គណ​បក្ស​រួច​ទៅ​ហើយ។

​មិនខុស​ពីការ​អះអាង​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ថាគណ​បក្ស​សង្រ្គោះជាតិ​នឹង​ត្រូវ​រំលាយនោះ លោក គី តិច មាន​សង្ឃឹម​ថា ១០០%លោក​នឹង​ឈ្នះ​ក្តី ពោល​គណ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​រំលាយ​នៅពេលខាង​មុខ​។

ក៏ប៉ុន្តែ លោក សុន ឆ័យ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិថាលោក​មិន​អ្វី​ធ្វើ​អត្ថាធិប្បាយ​ច្រើន​នោះទេ ដោយ​គ្រាន់តែបារម្ភថា បើរំលាយ​គណបក្សប្រឆាំងមួយនេះគឺជាការ​បំបាត់​សិទ្ធិ​ប្រជាពលរដ្ឋរាប់លាននាក់ក្នុង​ការ​ជ្រើសរើស​គណបក្សណាមួយដែលខ្លួនពេញចិត្ត។

នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​កាលពី​ថ្ងៃ​អាទិត្យ​នៅទីក្រុង​ឡុងប៊ិច សហរដ្ឋអាមេរិក លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​ឲ្យ​បាន​ឆាប់ ដោយ​ថា ពេលនោះសម្ពាធ​ទាំង​អស់​នឹង​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី បានអះអាងថា បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​​មួយ​នេះ នឹងមិន​មាន​ភាព​ស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារ​អន្តរជាតិ​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត។

បើតាម លោក សម រង្ស៊ី គឺសមាជិក​ព្រឹទ្ធ​សភា​អាមេរិក​នឹង​រៀប​ចំ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាលកម្ពុជា​ តាម​រយៈ​ការ​ដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជីទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់​ការ​ផ្ដល់​ទិដ្ឋាការឲ្យ​ចេញចូល ឬក៏អាច​រឹប​​អូស​យក​ទ្រព្យ​សម្បត្តិ​ទៀតផង។

យ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា លោក ហ៊ុន សែន បានអះអាង​ថា លោកមិនខ្វល់ថាអ្នក​ណាទទួលស្គាល់ឬមិនទទួលស្គាល់លទ្ធផល​បោះឆ្នោតនៅកម្ពុជានាឆ្នាំក្រោយនោះទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ