អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការ​កំពូល បន្ត​រង​ចាំ​ការ​ដាក់​ឯកសារ​ឆ្លើយ​តប​ពី​បក្ស​សង្គ្រោះជាតិ ​ក្នុង​សំណុំ​រឿង​រំលាយ​បក្ស

អ្នកនាំពាក្យ​តុលាការកំពូល​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះថាតុលាការ​កំពុង​រង​ចាំ​ការ​ដាក់​ឯកសារពី​ខាង​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​មក​វិញ​នៅ​ក្នុង​​សំណុំ​រឿង​ប្ដឹង​រំលាយ​បក្ស។ចំណែក​គណបក្ស​សង្គ្រោះជាតិ​វិញ នៅ​តែ​រក្សា​ជំហរ​ដដែល​គឺ​មិន​ចាប់​អារម្មណ៍ ហើយ​ក៏​មិន​ដាក់​ឯកសារ​អ្វី​ទាំង​អស់​ទៅ​កាន់​តុលាការ​កំពូល​ដែរ គិត​មក​ដល់​ពេល​នេះ។

រូបថតៈ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
រូបថតៈ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ បាន​អះអាង​ថា ជំហរ​របស់​គណ​បក្ស​គឺ​នៅ​ដដែល​មិន​ដាក់​ឯកសារ​ឆ្លើយ​តប​ឡើយ និង​បណ្ដោយ​ឲ្យ​តុលាការកំពូល​ធ្វើអ្វី​ទៅ​តាម​ចិត្ត​ដែល​ចង់​ធ្វើ​ទៅ​ចុះ។ មូល​ហេតុ​ដែល​សង្គ្រោះជាតិ​មិន​ដាក់​ឯកសារ​ឆ្លើយ​តប ដោយ​សារ​តែ​គណបក្ស​យល់​ថា តុលាការ​កម្ពុជា​មិន​ទទួល​បាន​ជំនឿទុក​ចិត្ត​ពី​មជ្ឈ​ដ្ឋាន​​ជាតិ និង​អន្តរជាតិ។ នេះ​បើ​តាម​លោក ម៉ៅ មុនីវណ្ណ។

លោក ម៉ៅ មុនីវណ្ណ ក៏​បាន​លើក​ឡើង​ជា​ថ្មី​ដែរ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​​រំលាយ​មែន​នោះ វា​ស្មើ​នឹង​រំលាយ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​៣លាន​នាក់​ដែរ ហើយ​ពេលនោះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​ឯកោ​ដូច​ទសវត្សរ៍​ឆ្នាំ​៨០​វិញ។ ចំពោះ​លោក ម៉ៅ មុនី​វណ្ណ បើ​ស្ថានភាព​ស្រុក​ទេស​រុញ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្មាន​អ្វី​ត្រូវ​ពិចារណា ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី​មក​ជំនួស​ដែរ។ មិនបង្កើត​បក្ស​ថ្មី​ដោយ​យល់​ថា ប្រសិន​បើ​បក្ស​ថ្មី​បង្កើត​ឡើង​នឹង​មាន​ហេតុផល​ណា​មួយមក​លុប​បំបាត់​ទៀត​ដដែល។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះជាតិ​ក៏​កំពុង​រង​ចាំ​មើល​ពី​និតិវិធី​របស់​តុលាកា​រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ពី​ខាង​តុលាការ​កំពូល​ត្រឡប់​មក​វិញ លោក នៅ មុនីជោត អ្នក​នាំ​ពាក្យ​តុលា​ការ​បាន​ប្រាប់​វិទ្យុ​បារាំង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ក្នុងករណី​ដែល​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​មិន​ព្រម​ដាក់​ឯកសារ​ឆ្លើយ​តប​ទេ តុលាការនឹង​បន្ត​នីតិ​វិធី​ដែល​ស្រាប់។

គួររម្លឹកថា មេធាវី​របស់​ក្រសួង​មហាផ្ទៃ ដែល​ជា​ដើម​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី​៦​ខែ​តុលា​នេះ​ប្រមូល​​ភស្តុ​តាំង​ចំនួន​២១​កញ្ចប់​ ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល​ដោយ​រួម​មាន៖ សម្ដី​ផ្ទាល់​ខ្លួន​​របស់​លោក កឹម សុខា និង​វីដេអូ​ឃ្លីប​ចំនួន​បី ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​សហការ​និង​ត្រូវ​បាន​គាំពារ​ដោយ​បរទេស។ ក្រៅ​ពី​ប្ដឹង​រំលាយ​គណបក្សហើយ មេធាវី​​ក៏​បាន​ប្ដឹង​ព្យួរ​សកម្មភាព​គណបក្ស​សង្គ្រោះជាតិ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ផង​ដែរ​។

សម្រាប់​អ្នក​វិភាគ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​រង​ការ​រំលាយ​មែន​នោះ​នឹង​ប៉ះ​ពាល់​ដល់​​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ប៉ះ​ពាល់​ដោយ​សារ​តែ​គ្មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​មិន​ត្រូវបាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ