អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ពិចារណា​ចាត់​វិធាន​ការ​ដាក់​ពិន័យ​លើ​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មិន​ចូល​ប្រជុំ​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី ២៧ មិថុនា​នេះ ដោយ​បាន​សម្រេច​ពិចារណា​ចាត់​វិធាន​ការ​ពិន័យ ទៅ​លើ​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា។ វិធានការ​ពិន័យ អាច​ជា​ការ​កាត់​ប្រាក់​ខែ រួម​ទាំង​ការ​ដក​ហូត​រថយន្ត​ពី​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ផង​ដែរ។ សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ វិធាន​ការ​បែប​នេះ មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ។

សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​នៃ​ការ​ដាក់​វិធាន​ការ​ពិន័យ នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា បាន​ប្រគល់​ភារកិច្ច​នេះ​ទៅ​ឲ្យ​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា និង​អគ្គលេខាធិការ​ដ្ឋាន​នៃ​រដ្ឋសភា​ពិចារណា​សម្រេច។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ឈាង វុន អ្នក​នាំពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ឈាង វុន បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​នេះ​ថា ពេល​នេះ​រដ្ឋសភា កំពុង​តែ​ពិភាក្សា​អំពី​ការ​ដាក់​ពិន័យ ទៅ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​​សង្រ្គោះ​ជាតិ ដែល​មិន​ចូល​ធ្វើ​ការ​បំពេញ​តួនាទី របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ។

លោក ឈាង វុន បាន​អះអាង​ថា បើ​សមាជិក​សភា មក​ពី​គណបក្ស​ប្រឆាំង នៅ​តែ​បន្ត​ធ្វើ​បែបនេះ រដ្ឋសភា​អាច​នឹង​ពិចារណា​ផាក​ពិន័យ ដូចជា មិន​ឱ្យ​ចូលរួម​ប្រជុំ​សភា, ការ​កាត់​ប្រាក់​ខែ និង​ការ​ដក​ហូត​រថយន្ត​ត្រឡប់​មក​វិញ​ជា​ដើម។

ការ​អះអាង​របស់ លោក ឈាង វុន នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ទាំង​៥៥​រូប បាន​ប្រកាស​មិន​ចូល​ប្រជុំ​សភា​បន្ត​បន្ទាប់ ដោយ​អះអាង​ថា ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រឆាំង មិន​អាច​បំពេញ​ការងារ​របស់​ខ្លួន បាន​ត្រឹម​ត្រូវ​នោះ​ទេ។

ណា​ក៏​ដោយ លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់​ទុក​វិធាន​ការ​នេះ​ថា មិន​មែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ។ លោក​ថា អ្វី​ដែល​រដ្ឋសភា​ជាតិ ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​ធានាការ​គោរព​អភ័យ​ឯកសិទ្ធិ​របស់​សមាជិក​សភា​គ្រប់​ៗ​រូប។

គួរ​ជម្រាប​ជូន​ថា ការ​ត្រៀម​ដាក់​ពិន័យ​លើ​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​នេះ ដោយ​យោង​តាម​ប្រតិកម្ម​របស់​សមាជិក​រដ្ឋសភា សមាជិក​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ទៅ​នឹង​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​អ្នក​តំណាង​រាស្រ្ត និង​មិន​ចូល​រួម​កិច្ច​ប្រជុំ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់។ ប៉ុន្តែ​លោក សុន ឆ័យ បាន​អះអាង​ថា គណបក្ស​របស់​លោក​បាន​ដាក់​លិខិត​ដែល​មាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់ ទៅ​កាន់​រដ្ឋសភា​រួច​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ទេ។

សូម​បញ្ជាក់​ថា រដ្ឋសភា​ជាតិ នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤ តែ​មិន​មាន​របៀប​វារៈ ស្តីពី​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ