អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គ្រោះ​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​​គ្មានលោក សម រង្ស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី ជំនួស​លោក សម រង្ស៊ី​។ លោក សម រង្ស៊ី ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​តួ​អង្គ​សំខាន់​ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​។ បន្ទាប់​ពី​លោក​សម រង្ស៊ី ចាក​ចេញ​ពី​គណបក្ស និង​ស្រប​ពេល​ដែល​គណបក្ស​ត្រៀម​ខ្លួន​ទទួល​ប្រធាន​បក្ស​ថ្មី អនាគត​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​។ តើ​សង្គ្រោះ​ជាតិ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​គ្មាន​លោក សម រង្ស៊ី​?

លោក សម​ រង្ស៊ី អតីតប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ។
លោក សម​ រង្ស៊ី អតីតប្រ​ធាន​គណបក្ស​​សង្គ្រោះ​ជាតិ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​ ១៧​កក្កដា​ឆ្នាំ ​២០១២ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី និង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចាប់​ដៃ​គ្នា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ គឺ​ពេល​នោះ​ហើយ​ដែល​បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស ដែល​ធ្លាប់​តែ​វាយ​ប្រហារ​គ្នា ត្រូវ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​បាន​ជា​គណបក្ស​មួយ​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។

ការ​រួប​រួម​គ្នា​រវាង​បុគ្គល​ប្រឆាំង​រដ្ឋាភិបាល​ដ៏​ល្បី​ល្បាញ​ទាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង លោក កឹម សុខា ​នេះ​ហើយ ដែល​ជា​ចំណុច​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​បក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​សំណាក់​ម្ចាស់​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០១៣​។ សង្គ្រោះ​ជាតិ បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​តែ​មួយ​គត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សភា ដោយ​ទទួល​បាន​អាសនៈ​ចំនួន​ ៥៥ ខណៈ​បក្ស​កាន់​អំណាច​មាន​អាសនៈ​ចំនួន​ ៦៨​។

ឥឡូវ​នេះ លោក សម រង្ស៊ី លា​លែង​ចេញ​ពី​គណបក្ស​។ ចំណែក​សង្គ្រោះ​ជាតិ​កំពុង​ត្រៀម​ខ្លួន​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​។ ចង់​ឬ​មិន​ចង់ អនាគត​នៃ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិច​ស្រពិល​។ តើ​ប្រជាប្រិយ​ភាព​របស់​សង្គ្រោះ​ជាតិ​ពេល​គ្មាន លោក សម រង្ស៊ី នឹង​នៅ​ឋិតឋេរ​ឬ​យ៉ាង​ណា? ចុះ​បញ្ហា​ផ្ទៃ​ក្នុង​បក្ស​វិញ អាច​ជួប​ប្រទះ​ភាព​រង្គោះរង្គើ​ដែរ​ទេ?

មុន​នឹង​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ គេ​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​មួយ​ថា គណបក្ស​ប្រឆាំង ខ្លាំង​ព្រោះ​ការ​រួម​បញ្ចូល​គ្នា​រវាង​លោក កឹម សុខា និង ​លោក សម រង្ស៊ី ក៏​ពិត​មែន​។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ហេតុផល​តែ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​រឹង​មាំ​ទេ​។ ក្រៅពី​ការ​រួប​រួម​គ្នា​រវាង​លោក សម រង្ស៊ី និង លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង មាន​គោល​នយោបាយ​ដែល​វាយ​ចំ​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច។

នៅ​មុន​ពេល​បោះ​ឆ្នោត បក្ស​សង្គ្រោះ​ជាតិ​បាន​ឃោសនា​គោល​នយោបាយ​ផ្ដោត​លើ​ការ​ផ្លាស់​ប្ដូរ​ ដែល​មាន​ជា​អាថិ៍៖ ការ​តម្លើង​ប្រាក់​ខែ​មន្ដ្រី​រាជ​ការ​និង​កម្មករ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ជន​ចាស់​ជរា ការ​ផ្ដល់​ការ​ព្យាបាល​ជំងឺ​ដល់​អ្នក​ក្រីក្រ​ដោយ​ឥត​គិត​ថ្លៃ គោល​នយោបាយ​ដី​ធ្លី ការ​បញ្ចុះ​តម្លៃ​ជី​កសិកម្ម​និង​ប្រេង​សាំង​ជា​ដើម​។ គោល​នយោបាយ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​។ ក្នុង​ន័យ​នេះ សម្រាប់​ពលរដ្ឋ​ដែល​ស្រឡាញ់​​គោល​នយោបាយ​ខាង​ដើម ភក្ដីភាព​របស់​ពួក​គេ​ចំពោះ​បក្ស​ប្រឆាំង នៅ​តែ​មាន​ជានិច្ច បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី ក៏​ដោយ​។ នេះ​បើ​និយាយ​ពី​ប្រជាប្រិយភាព​។

នៅ​ក្នុង​សំណុំ​រឿង​ផ្ទៃ​ក្នុង​បក្ស​។ គេ​ដឹង​រួច​មក​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រសូត្រ​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​។ មនុស្ស​ទាំង​ពីរ​ក្រុម​នេះ ចូល​មក​ជ្រក​នៅ​ក្រោម​ដំបូល​សង្គ្រោះ​ជាតិ​រួម​គ្នា​ ដោយ​មាន​ការ​សម្រប​សម្រួល​ ផ្សះ​ផ្សារ​ពី​លោក សម រង្ស៊ី និង លោក កឹម សុខា ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​។ នៅ​ពេល​លោក សម រង្ស៊ី លែង​មានវ​ត្តមាន​ ទាំង​រូប​កាយ​និង​តួនាទី ​នៅ​ក្នុង​គណបក្ស​ដូច្នេះ តិច​ឬ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​គណបក្ស​ប្រឆាំង​នេះ រង្គោះ​រង្គើ​។

ក្នុង​បរិបទ​ដូច្នេះ ប្រធាន​និង​អនុ​ប្រធាន​បក្ស​ថ្មី​សម្រាប់​សង្គ្រោះ​ជាតិ​ ដែល​នឹង​ត្រូវ​ជ្រើស​តាំង​នា​ពេល​ខាង​មុខ ទាម​ទារ​ឲ្យ​ឆ្លង​កាត់​ការ​ពិនិត្យ​ពិចារណា​យ៉ាង​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត​។ តួអង្គ​នយោបាយ ដែល​ចូល​មក​ជំនួស​កន្លែង​លោក សម រង្ស៊ី ក្រៅ​តែ​ពី​ជា​បុគ្គល​ដែល​មាន​ប្រជាប្រិយភាព​ហើយ ថែមទាំង​ត្រូវ​ដើរ​តួ​នាទី​សំខាន់ ជា​អ្នក​ឱប​ក្រសោប​បក្ស​សង្គ្រោះ​ជាតិ​កុំ​ឲ្យ​បែក​បាក់​ថែម​ទៀត​។

នេះ​គឺ​ជា​វិញ្ញាសា​ថ្មី​មួយ​ទៀត ដើម្បី​វាស់​ស្ទង់​ពី​ភាព​រឹង​មាំរបស់​គណបក្ស​សង្គ្រោះ​ជាតិ។ តើ​គណបក្ស​នេះ​អាច​ឆ្លង​កាត់​ការ​សាក​ល្បង​ដ៏​លំបាក​មួយ​នេះ​បាន​ដែរ​ឬ​ទេ? តើ​ស្មារតី​សង្គ្រោះ​ជាតិ​របស់​បក្ស​ប្រឆាំង ពិត​ជា​ធំ​ធេង​ជាង​ផល​ប្រយោជន៍​សួន​តួ និង​ផល​ប្រយោជន៍​បក្ស​ពួក​ខ្លួន​មែន​ឬ​យ៉ាង​ណា? មាន​តែ​គណបក្ស​ប្រឆាំង​ទេ ទើប​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ