អានតួអត្ថបទ
កម្ពុជា

១ឆ្នាំ​កន្លង​ទៅ សម្រែក​រក​យុត្តិធម៌​នៅ​តែ​ឮ​កង​រំពង

គណ​បក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កម្មករ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ព្រឹត្តិការណ៍​នៅលើ​ផ្លូវ​វេ​ង​ស្រេង នៅ​ទី​ស្នាក់​កណ្តាល​របស់​បក្ស ក្នុង​ក្រុងភ្នំពេញ។ គ្រួសារ​ជនរងគ្រោះ​នៅតែ​ស្រែក​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ខណៈដែល​អ្នកនយោបាយ​ចូលរួម​រំ​លែង​ទុក្ខ និង​ថ្លែង​សារ​នយោបាយ​ដើម្បី​ពង្រឹង​ជំហរ​បក្ស។

CNRPប្រារព្ធពិធីបង្សុកូលដល់កម្មករដែលស្លាប់នៅលើផ្លូវវេងស្រេង
CNRPប្រារព្ធពិធីបង្សុកូលដល់កម្មករដែលស្លាប់នៅលើផ្លូវវេងស្រេង RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គ្រួសារ​ជនរងគ្រោះ​ខ្លះ​ឈរ​និង​ខ្លះទៀត​អង្គុយ​បត់​ជើង​នៅ​លើ​កៅស៊ូ​តង់ ដោយ​មាន​កាន់​រូបថត​ប្តី​និង​កូន​ដែល​បាន​ស្លាប់​ទៅ។ ពួកគេ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែង​ចំណាប់​អារម្មណ៍​និង​ទុក្ខសោក​ម្នាក់ម្តង។ ក្រៅ​ពី​ថ្លែង​ពី​កំហឹង សេចក្តី​ឈឺចាប់ និង​ការ​សោកស្តាយ ព្រមទាំង​បង្ហូរទឹកភ្នែក​នោះ គ្រួសារ​ជនរងគ្រោះ​ទាំងនោះ ក៏បាន​ស្រែ​កដ​ង្ហើ​យ​រក​យុត្តិធម៌​សម្រាប់​កម្មករ​ដែល​ស្លាប់​ទៅ​នៅក្នុង​ការធ្វើ​បាតុកម្ម។ ពិធី​នេះ មិនមាន​វត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

ក្រុមយុវជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក៏បាន​រៀបចំ​ញា​ត្តិ​ដើម្បី​ថ្លែង​ក្នុង​ពិធី​បង្សុកូល​នេះដែរ។ពួកគេ​បានរ​ម្លឹ​ង​ឡើងវិញ​ពី​ព្រឹត្តិការណ៍​កាលពី​មួយ១ឆ្នាំ​កន្លងទៅ​នៅលើ​ផ្លូវ​វេ​ង​ស្រេង និង​រៀបរាប់​ពី​ចំនួន​អ្នកស្លាប់ អ្នក​បាត់​ខ្លួន ពិការ និង​របួស ព្រមទាំង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ។ ក្នុង​នោះ​មាន​៥​នាក់​ស្លាប់ ៣៥​នាក់​ពិការ​និង​រងរបួស ហើយ​ជាង​២០​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន។  

យុវជន​និង​ថ្នាក់ដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​មាន​ការ​វែក​មុខ​ឃាតករ​និង​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​ព្រឹត្តិ​កាណ៍​នៅ​ថ្ងៃទី២ ទី៣ មករា​ឆ្នាំ២០១៤ កន្លង​ទៅ​នោះ។ មិន​តែ​ប៉ុណ្ណោះ ពួកគេ​បាន​សុំ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​ព្រះសង្ឃ សកម្មជន​របស់​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

លោក គង់ គាំ ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ថា ការ​រម្លឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នកស្លាប់ គឺជា​កាតព្វកិច្ច​របស់​មនុស្សជាតិ និង​ថា បក្សប្រឆាំង​ប្រារព្ធ​ពិធី​របៀបនេះ​រៀង​រាល់​ឆ្នាំ ដូចជា​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នៅ​សារមន្ទីរ​ទួលស្លែង​ជាដើម។

គួរ​កត់​សម្គាល់​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កម្មករ នៅលើ​ផ្លូវ​វេងស្រេង និង​បន្ទាប់​មក​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់​ទាំងពីរ​កន្លែង ដោយ​សំអាង​លើ​ការរក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍ និង​ចោទ​បក្សប្រឆាំង​ថា រៀបចំ​ពិធី​ដើម្បី​អាជីវកម្ម​នយោបាយ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក៏​សម្រេច​ធ្វើ​ពិធី​នៅ​ទី​ស្នាក់ការ​បក្ស នៅឯ​សង្កាត់​ចាក់អង្រែលើ​វិញ។ លោក ប៉ុល ហំ​ម ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចោទ​ការហាម​ប្រាម​របស់​សាលា​រាជធានី ដែល​មិន​ឲ្យ​ធ្វើ​ពិធី​នៅ​ផ្លូវ​វេងស្រេង និង​នៅ​ទីលាន​ប្រជាធិបតេយ្យ ថា​គឺ​ជា​ចំហាយ​នៃ​ភាព​កុ​ម្មុយ​នី​ផ្តាច់ការ ព្រមទាំង​ចោទ​ថ្នាក់ដឹកនាំ​ក្រុងភ្នំពេញ​ថា អសមត្ថភាព និង​គួរតែ​ពិចារណា​ចុះ​ចេញ​ពី​តំណែង​ទៅ។

ទាំង​លោក ប៉ុល ហំ​ម ទាំង​លោក គង់ គាំ សុទ្ធតែ​បាន​ថ្លែង​សារ​ឲ្យ​អ្នកចូលរួម​គាំទ្រ​ថា តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចូលប្រជុំ​សភា គឺ​ដើម្បី​ធ្វើកំណែទម្រង់​គ.ជ.ប. កែទម្រង់​អង្គការ​នីតិ​បញ្ញា​តិ ប្រព័ន្ធតុលាការ និង​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី។
ក្រៅ​ពី​ការ​ថ្លែង​រំលែង​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ លោកស្រី មួរ សុខ​ហួរ ក៏​អំពាវវនាវ​ឲ្យ​អ្នកគាំទ្រ​និង​កម្មករ​រក្សា​ជំហរ និង​ចូលរួម​ទាមទារ​យុត្តិធម៌ ដើម្បី​បញ្ចប់​វប្បធម៌​នីទណ្ឌភាព​នៅ​កម្ពុជា។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ នៅក្បែរ​ទី​ស្នាក់​បក្ស​សង្គ្រោះ​ជាតិ ចម្ងាយ​ប្រមាណ​ជាង៤​ឬ៥រយ​ម៉ែត្រ មាន​អាជ្ញាធរ​ឆុត​ខ្មៅ និង​ប៉ូលីស​ចរាចរ ចុះ​ពិនិត្យ​និង​សម្រួល​ចរាចរណ៍​ខុស​ប្លែក​ពី​ធម្មតា និង​ដោយមាន​រថយន្ត​ដឹក​រណាំង​បារ៉ាស​ផង​ដែរ។ នៅ​ទី​លាន​ប្រជាធិបតេយ្យ​ឯ​នោះ​វិញ ក៏​មាន​អាជ្ញាធរ ទាហាន​ឆុត​ខ្មៅ ដាក់​ប្រចាំ​ការ​មួយ​រយៈ​ទៀត​ផង។

គួរ​បញ្ជាក់​ថា ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​នៅ​ទីស្នាក់​ការ​បក្ស​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ មិនមាន​វត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដោយសារតែ​លោក​ទាំងពីរ​បានចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស និង​សម្រប​សម្រួល​ការ​ប្រេះឆា​របស់​សមាជិក​គណ​បក្ស​នៅ​អឺរ៉ុប ដូចជា​នៅ​ប្រទេស​បារាំង​ជាដើម៕

សេចក្តីរាយការណ៍ដោយ ហេង ឧត្តម

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ