អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ៖ គ្មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​អនុប្រធាន​ទាំង ៣​ទេ

គណបក្ស​សង្រ្គោះ​ជាតិ នឹង​រៀប​ចំ​ធ្វើ​សមាជ​វិសាមញ្ញ​ជា​ថ្មី នៅ​ថ្ងៃ​អង្គារ​ទី ២៥​ មេសា សប្តាហ៍​ក្រោយ​នេះ ដើម្បី​កែ​សម្រួល​លក្ខន្តិកៈ​ប្រការ ៤៧​ថ្មី​របស់​គណបក្ស​ឡើង​វិញ។ ការ​ធ្វើ​សមាជ​វិសាមញ្ញ​នេះ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់។ បើ​ទោះ​បី​ជា​សមាជ​គណបក្ស​ត្រូវ​ធ្វើ​សារ​ជា​ថ្មី ប៉ុន្តែ​គណបក្ស​នៅ​តែ​រក្សា​បេក្ខភាព​អនុប្រធាន​គណបក្ស​ទាំង​បី​រូប​ដដែល។

គណបក្ស​​សង្គ្រោះ​​ជាតិ៖ គ្មាន​​ការ​​ផ្លាស់​​ប្តូរ​​សមាសភាព​​អនុប្រធាន​​ទាំង ៣​​ទេ
គណបក្ស​​សង្គ្រោះ​​ជាតិ៖ គ្មាន​​ការ​​ផ្លាស់​​ប្តូរ​​សមាសភាព​​អនុប្រធាន​​ទាំង ៣​​ទេ @facebook
ផ្សាយពាណិជ្ជកម្ម

គ្មាន​ការ​ផ្លាស់​ប្តូរ​បេក្ខភាព​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​រូប​ទេ បើ​ទោះ​បី​ជា​គណបក្ស​ត្រូវ​ធ្វើ​សមាជ​វិសាមញ្ញ​សារ​ជា​ថ្មី​ម្តង​ទៀត​ក៏​ដោយ។ លោក​អេង ឆៃអ៊ាង អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា​ស្មារតី​របស់​គណៈកម្មាធិការ​នាយក​គណបក្ស មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ គឺ​គណបក្ស​នៅ​តែ​ផ្តល់​ការ​ជឿ​ទុក​ចិត្ត​ដល់​បេក្ខភាព​ទាំង​បី លោក​អេង ឆៃអ៊ាង លោក​ប៉ុល ហំម និង​លោក​ស្រី​មួ សុខហួរ ជា​អនុប្រធាន​គណបក្ស​ដដែល។ ប៉ុន្តែ​គណបក្ស​នឹង​មិន​ទាន់​ជ្រើស​រើស​ភ្លាមៗ​នោះ​ទេ​ដោយ​ទុក​ឱ្យ​ក្រសួង​មហាផ្ទៃ​ដែល​អាណាព្យាបាល​របស់​គណបក្ស​នយោបាយ ទទួល​ស្គាល់​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ថ្ងៃ​ទី ២៥ មេសា​ជា​មុន​សិន។

សមាជ​នេះ ធ្វើ​ឡើង​ក្នុង​គោល​ដៅ បើក​ផ្លូវ​ជ្រើស​រើស​អនុប្រធាន​គណបក្ស ៣​រូប ដែល​ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រំពឹង​ទុក​ថា សមាជ​ជា​ថ្មី​នេះ នឹង​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន​ខែ ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ។ សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ នឹង​សម្រេច​លើ របៀប​វារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស ត្រង់​ប្រការ ៤៧​ថ្មី។ សូម​រំលឹក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​ធ្វើ​សមាជ​វិសាមញ្ញ​ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី ២ មិនា បន្ទាប់​ពី​លោក សម រង្ស៊ី​ប្រធាន​គណបក្ស បាន​លា​ឈប់។

ចំពោះ​ការ​ធ្វើ​សមាជ​ថ្ងៃ​ទី ២៥ មេសា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀប​ចំ​ឡើង​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​នៅ​សង្កាត់​ចាក់​អង្រែ​លើ ដោយ​មាន​សមាជិក​ចូល​រួម​ប្រមាណ ១​ពាន់​នាក់​ដែល​សុទ្ធ​សឹង​តែ​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត​ក្រុង​តែ​ប៉ុណ្ណោះ។ សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ចំពោះ​ការ​រៀប​ចំ​នេះ ហើយ​នឹង​ដាក់​កម្លាំង​ការពារ​សណ្តាប់​ធ្នាប់​នៅ​បរិវេណ​សមាជ​វិសាមញ្ញ​ផង​ដែរ។ សមាជ​វិសាមញ្ញ​នេះ គឺ​មាន​ការ​ចូល​រួម​ពី​លោក​កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស និង​ភរិយា​លោក សម រង្ស៊ី លោក​ស្រី ជួឡុង ស៊ូមូរ៉ា​ផង​ដែរ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​គណបក្ស​សង្រ្គោះ​ជាតិ ប៉ុន្តែ​លោក​បាន​ផ្តាំ​ទៅ​កាន់​គណបក្ស​សង្រ្គោះ​ជាតិ​ថា សូម​កុំ​ឲ្យ​ធ្វើ​ខុស​ជា​លើក​ទី ២៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ