អានតួអត្ថបទ
កម្ពុជា-តុលាការ

បេក្ខជន​ចៅ​សង្កាត់​អូរចា​មក​ពី​គណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចំ​ថ្ងៃ​ឃោសនា​បោះឆ្នោត

តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ដើម​ខែ​ឧសភា​នេះ បាន​ចេញ​ដី​កា​កោះ​ហៅ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អាយុ ៣២​ឆ្នាំ ជា​បេក្ខនារី​ឈរ​ឈ្មោះ​ចៅ​សង្កាត់​អូរចា មក​ពី​គណបក្ស​សង្រ្គោះ​ជាតិឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​ ២៣ ឧសភា ក្នុង​នាម​ជា​ជន​សង្ស័យ។ នេះ​គឺ​ជា​ដីកា​កោះ​ជា​លើក​ទី ២ បន្ទាប់​ពី​ដី​កា​កោះ​ហៅ​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី ២០​មេសា ​ត្រូវ​បាន​នាង​ស្នើ​សុំ​ពន្យា​ពេល​ចូល​ខ្លួន។ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ថា ដីកា​កោះ​ហៅ​នេះ​ គឺ​ជា​ការ​ដាក់​សម្ពាធ​មក​លើ​បេក្ខជន​របស់​ខ្លួន។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជា​បេក្ខនារី​ឈរ​ឈ្មោះ​ចៅ​សង្កាត់​អូរចា មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជា​បេក្ខនារី​ឈរ​ឈ្មោះ​ចៅ​សង្កាត់​អូរចា មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ។
ផ្សាយពាណិជ្ជកម្ម

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បេក្ខនារី​ឈរ​ឈ្មោះ​ចៅ​សង្កាត់​អូរចាមក​ពី​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​នៅ​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី ២៣ ឧសភា ក្នុង​នាម​ជា​ជន​សង្ស័យ។ ជា​ពាក្យ​បណ្តឹង​ដែល​ប្តឹង​ដោយ​ឈ្មោះ សៅ ប៊ុនទិត្យ​ ជា​មន្ត្រី​នគរបាល​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​កន្លែង។ យ៉ាង​ណា​ក្តី បេក្ខនារី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ចៅ​សង្កាត់​អូរចា​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ បាន​អះអាង​ថា នាង​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​នេះ បើ​ទោះ​បីជា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏​ដោយ។

គួរ​ជំរាប​ជូន​ថា ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​វិវាទ​រហូត​ឈាន​ដល់​ក្តី​ក្តាំ​គ្នា​នៅ​ក្នុង​តុលាការ​នេះ បាន​ផ្តើម​ចេញ​ពី​ការ​តវ៉ា​ប្រឆាំង​របស់​ប្រជាពលរដ្ឋ ៥០​គ្រួសារ ទៅ​នឹង​ការ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៧។ សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​ប្រគល់​ដី​សាលា​មតេយ្យ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​អូរចារ សង្កាត់​អូរចា ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ទំហំ ១៤០៩​ម៉ែត្រ​ការ៉េ ទៅ​ឲ្យ​ឈ្មោះ សៅ ប៊ុនទិត្យ ជា​មន្ត្រី​ប៉ូលីស​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ជា​ដី​សហគមន៍​បរិច្ចាគ​ដើម្បី​សាង​សង់​ជា​សាលា​មតេយ្យ​សម្រាប់​កូន​ចៅ​របស់​ខ្លួន​រៀន​សូត្រ តាំង​ពី​ឆ្នាំ ២០១១​មក​ម្លេះ។

ការ​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដោយ​កាល​ណោះ នាង​គឺ​ជា​ចៅ​សង្កាត់​រង​ទី ២​សង្កាត់​អូរចាដោយ​បាន​ទៅ​ឃ្លាំ​មើល​ការ​អនុវត្ត​សាលក្រម​នេះ ប៉ុន្តែ​ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​តវ៉ា​នឹង​ការ​អនុវត្ត​សាលក្រម​នេះ​ទៅ​វិញ។ ក្រៅ​ពី​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅ​មាន​ប្រជាពលរដ្ឋ ១៣​នាក់​ទៀត ក៏​ត្រូវ​បាន​រង​បណ្តឹង​របស់​តុលាការ​ខេត្ត​បាត់ដំបង​ផង​ដែរ។

លោក​ស្រី មូរ សុខហួរ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង បាន​ចាត់​ទុក​ដីកា​កោះ​ហៅ​ម្តង​ហើយ​ម្តង​ទៀត​របស់​តុលាការ​ខេត្ត​បាត់​ដំបង​នេះ​ថា​ ជា​ការ​ដាក់​សំពាធ​ធ្ងន់​ធ្ងរ​មក​លើ​បេក្ខជន​របស់​លោក​ស្រី ចំ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ចាប់​ពី​ថ្ងៃ​ទី ២០ ឧសភា​ខាង​មុខ។ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បេក្ខនារីមាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​សង្កាត់​អូរចា​ក្នុង​ខេត្ត​បាត់ដំបង​នេះ។

សូម​បញ្ជាក់​ថា មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​មក​ដល់ មាន​បេក្ខជន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង ៣​នាក់​ហើយ ដែល​បាន​រង​ពាក្យ​បណ្តឹង​នៅ​ក្នុង​តុលាការ ហើយ​ក្នុង​នោះ​បេក្ខជន​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​របស់​តុលាការ​នៅ​ឡើយ។ សូម​បញ្ជាក់​ដែរ​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៤ មិថុនា ខាង​មុខ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១២​ចូល​រួម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ