អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ៖ វប្បធម៌​សន្ទនា​រអាក់​រអួល ច្រើន​ជាង​រលូន

វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អាយុ​ជាង​១​ឆ្នាំ​ហើយ​ ក្រោយ​រដ្ឋសភា​សម្រេច​បង្កើត​ក្រុម​ទាំង​ពីរ​នេះ​ឡើង។ ក្រោយ​រដ្ឋសភា​បង្កើត​ក្រុម​នេះ កាល​ពី​ខែ​មករា​ ២០១៥ គណបក្ស​បាន​វាយ​តម្លៃ​ខ្លួន​ឯង​ថា វប្បធម៌​សន្ទនា​រអាក់​រអួល​ច្រើន​ជាង​រលូន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គណបក្ស​ទាំងពីរ​ចុង​ក្រោយ​ប្រឈម​មុខ​ដាក់​គ្នា​កាត់​តែ​តឹង​តែង​ថែម​ទៀត​ផង។

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មាន​ភាព​រអាក់​រអួល​ច្រើន ជាង​រលូន ហើយ​ចុង​ក្រោយ​គឺ​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង។ លោក សុខ ឥសាន​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ក្រុម​វប្បធម៌​សន្ទនា​រវាង​សម្លេង​ភាគ​ច្រើន និង​ភាគ​តិច​នេះ បាន​ជួប​ភាព​រអាក់​រអួល​ច្រើន។

ការ​រអាក់​រអួល​នេះ គឺ​កើត​ឡើង​ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រួម​មាន​លោក​មាជ សុវណ្ណរ៉ា និង​ការ​ចាប់​ខ្លួន​លោក ហុង សុខហួរ ក្នុង​សំណុំ​រឿង​ព្រំដែន។ បន្ទាប់​មក​ទៀត​គឺ​ជម្លោះ​ពាក្យ​សំដី​រវាង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ស្ថាបនិក​វប្បធម៌​សន្ទនា។ ការ​កាត់​ទោស​លោក​សម រង្ស៊ី​ឱ្យ​ជាប់​ពន្ធនាគារ​និង​ការ​ធ្វើ​បាតុកម្ម​ទម្លាក់​លោក កឹម សុខា​ចេញ​ពី​ដំណែង​អនុប្រធាន​រដ្ឋសភា។ ទាំង​នេះ​បាន​បង្អាក់​ដំណើរ​វប្បធម៌​សន្ទនា​ស្ទើ​ស្មើ​សូន្យ ហើយ​គណបក្ស​ទាំង​ពីរ​ពេល​នោះ ក៏​បាន​លើក​ឡើង​ថា​វប្បធម៌​សន្ទានា គឺ​បាន​ក្ស័យ​ធន​ទៅ​ហើយ។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ទទួល​ស្គាល់​ចំណុច​ទាំង​នេះ​ថា ជា​កត្តា​រុញ​ឱ្យ​វប្បធម៌​សន្ទនា​របស់​គណបក្ស​ មាន​ភាព​រអាក់​រអួល។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ សំណុំ​រឿង​ទាំង​អស់​ត្រូវ​ដោះស្រាយ​តាម​វប្បធម៌​សន្ទនា ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ថា​សំណុំ​រឿង​ទាំង​អស់​ជា​ករណី​តុលាការ​ដែល​ត្រូវ​តែ​អនុវត្ត​ច្បាប់។ គោល​ជំហរ​ដែល​មិន​បន្ទន់​ដាក់​គ្នា​នេះ​ គឺ​ទើប​ធ្វើ​ឱ្យ​គណបក្ស​ទាំង​ពីរ​សម្រេច​បង្កើត​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ថា​ក្រុម​ដំឡើង​កម្រិត​វប្បធម៌​សន្ទនា​ផ្នែក​នយោបាយ កាល​ពី​ខែ​ធ្នូ​២០១៥ កន្លង​ទៅ​នេះ។ ហើយ​ក្រុម​ថ្មី​នេះ​ក៏​មិន​អាច​បន្ធូ​បន្ថយ​ស្ថាន​ភាព​នយោបាយ​ដែល​កំពុង​ឡើង​កំដៅ​នេះ​បាន​ផង​ដែរ។

ទន្ទឹម​នឹង​កំដៅ​នយោបាយ​នៅ​បន្ត​នេះ គណបក្ស​បក្ស​ទាំងពីរ​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​ស្អែក​នេះ បាន​បើក​ឱ្យ​មាន​ជំនួប​កំពូល​នៃ​ក្រុម​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​សា​ឡើង​វិញ ក្រោយ​ផ្អាក​មួយ​រយៈ។ ជា​ជំនួប​ដែល​ដឹកនាំ​ដោយ​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ យ៉ាង​ណា​ក៏​ដោយ របៀប​វារៈ​ដែល​គណបក្ស​ទាំង​ពីរ​បញ្ជាក់​មុន​ជំនួប​នោះ​គឺ បញ្ហា​នយោបាយ​ដែល​នៅ​សេស​សល់។ នៅ​ក្នុង​នោះ​គឺ​កញ្ចប់​សំណុំ​រឿង​សកម្មជន​គណបក្ស​ទាំង​១៥ ករណី​លោក សម រង្ស៊ី និង​លោក​​ ហុង ​សុខហួរ។ យ៉ាង​ណា​ក៏​ដោយ​សំណុំ​រឿង​នេះ នឹង​អាច​នៅ​តែ​តឹង​តែង​ព្រោះ​ថា​គណបក្ស​កាន់​អំណាច​ថា​ជា​រឿង​តុលាការ ដោយ​ឡែក​បក្ស​ប្រឆាំង​ថា​ ជា​រឿង​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ