អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​​ចរចា​ CPP ​និង ​CNRP ​នឹង​បន្ត​ជួបគ្នា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ខណៈ​ការ​ចរចារ​នៅ​ខ្វែង​គំនិត​គ្នា

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​នឹង​ជួបគ្នា​បន្ត​ទៀត​នៅ​ថ្ងៃ​ចន្ទ​ទី៥​ខែ​មករា​ខាងមុខ​នេះ​ ដើម្បី​ទំ​លុះ​ទំលាយ​ភាព​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​មួយចំនួន​ក្នុង​មាត្រា​៥៣-៥៤ ​ក្នុង​ជំពូក​៦​ នៃ"សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ"។

ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ (ស្តាំ) និងគណបក្សប្រជាជនកម្ពុជា (ឆ្វេង)។
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២ ​ខែ​មករា​ម្សិលមិញ​នេះ​ បាន​បន្ត​ពិភាក្សា​គ្នា​លើ ​"សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ"។ ​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​ បាន​បន្ត​ពិភាក្សា​លើ​ជំពូក​ទី៦​ ត្រង់​មាត្រា​ ៥៣​ ចាស់​ ដែល​និយាយ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ត្រូវ​ធ្វើ​ប្រតិភូកម្ម​អំណាច ​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។​ នៅ​ត្រង់​មាត្រា​នេះ​ ភាគី​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​៤​ចំណុច​ ក្នុង​នោះ​រួមមាន​ ទី១​. ការ​ដៅ​អត្តសញ្ញាណ​របស់​អ្នក​បោះឆ្នោត​, ទី២.​ ការ​កំណត់​ពេល​វេលា​សម្រាប់​ចុះ​ឈ្នោះ​បោះឆ្នោត​, ទី៣. មិនទាន់​បាន​កំណត់​ភាព​ច្បាស់លាស់​សម្រាប់​ឯកសារ​ចុះឈ្មោះ​បោះឆ្នោត​ និង​ទី៤​. ការ​កំណត់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​របស់​អ្នក​តំណាង​រាស្ត្រ។

បំពេញ​តួនាទី​តំណាង​ គជប​ ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ មន្ត្រី​ គជប​ ធ្វើ​ប្រធាន​ ហើយ​ស្មៀន​ឃុំ​សង្កាត់​ ជា​អនុប្រធាន។ ​ការ​ចុះឈ្មោះ​ និង​ពិនិត្យ​ឈ្មោះ​អ្នក​បោះឆ្នោត​ ត្រូវ​ធ្វើ​នៅ​ឃុំ​សង្កាត់​ ហើយ​នៅ​ពេល​មាន​ការ​តវ៉ា​ ឬ​វិវាទ​ ទាក់ទង​នឹង​ការ​ចុះឈ្មោះ​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ត្រូវ​ដោះស្រាយ​ទំនាស់​ដំបូង។

លោក​ប៊ិន​ឈិន​ បន្តថា​ មាត្រា ​៥៤ ​បាន​កំណត់​ថា ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ប្រជាពលរដ្ឋ​ ត្រូវ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ​បើ​ក្នុង​ករណី​ពុំទាន់​មាន​អត្តសញ្ញាណ​ប័ណ្ណ ​បាត់​ ឬ​ខូច​ គឺ​ត្រូវ​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ ដោយ​មាន​ការ​ធានា​ដោយ​ប្រជាពលរដ្ឋ​ ២នាក់​ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ​ ទៅ​ធានា​នៅពេល​ចុះឈ្មោះ។

លោក ​ប៊ិន ឈិន ​បាន​បញ្ជាក់​បន្ត​ថា​ "ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​ឲ្យ​ប្រជាពលរដ្ឋ ​ប្រើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​សម្រាប់​ប្រើពេល​បោះឆ្នោត​ ដោយ​ពុំ​ចាំបាច់​មាន​ប័ណ្ណ​បោះឆ្នោត​ផ្សេង​ទេ​ ហើយ​រដ្ឋាភិបាល​ នឹង​ខិតខំ​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នា។ ​ចំណែក​កម្មករ​ ឬ​អ្នក​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រុង​ភ្នំពេញ​ ឬ​ខេត្ត​នានា​ ត្រូវ​ចេញ​លិខិត​បញ្ជាក់​ដោយ​មេឃុំ​ ចៅ​សង្កាត់​ ពី​កន្លែង​ស្នាក់​នៅ ​ដោយ​មាន​អ្នក​ធានា ​២នាក់​ ជា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត"។

ចំណែក​លោក​ គួយ ​ប៊ុនរឿន​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ ក្រុម​ការងារ​បាន​ពិភាក្សា​លើ​សមត្ថកិច្ច​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ ដែល​ចែង​ពី​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ ក្នុង​នាម​តំណាង​ គជប​ ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​ គឺ ​គជប​ ជា​អ្នក​ទទួល​ខុសត្រូវ​ដដែល​ និង​បន្ត​ឲ្យ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ បន្ត​ការ​ចុះឈ្មោះ​បោះឆ្នោត ​ដើម្បី​ចូលរួម​ដោះស្រាយ​វិវាទ ​ក្នុង​មាត្រា ​៥៣ចាស់។​ ចំពោះ​មាត្រា ​៥៤ចាស់ ​ទាក់ទង​យន្តការ​ នៃ​ការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ ត្រូវ​ធ្វើ​នៅ​សាលាឃុំ​សង្កាត់​ ឬ​បំលាស់​ទី​ចុះឈ្មោះ​ ទៅតាម​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

ក្នុងនោះ​ លោក​ គួយ ប៊ុនរឿន​ បាន​បញ្ជាក់​ថា ​ឯកសារ​សម្រាប់​ចុះឈ្មោះ ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏បាន​យល់​ស្រប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​យក​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជា​គោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ