អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​បក្សប្រឆាំង​​ទាត់​ចោល​​ការ​ពន្យល់​​តាម​​ខ្សែរ​​វីដេអូ​

តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ច្រានចោល​ការបកស្រាយ​រប​ស់​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ពន្យល់ បកស្រាយ ដល់​សាធារណៈជន​បន្ថែមទៀត​ទាក់ទង​ទៅនឹង​ការចោទប្រកាន់​ពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ចំណុច​ខេត្ត​ត្បូងឃ្មុំ។តាមរយៈ​ខ្សែរ​វីដេអូ​ជិត១ម៉ោង មន្ត្រី​រដ្ឋាភិបាល​បានលើកឡើងពី​ភាពច្បាស់លាស់​នៃ​ការការពារ​ព្រំដែន​កម្ពុជា​និង​ការកំណត់​ព្រំដែន​ជាក់លាក់​ជាមួយ​ប្រទេសជិតខាង។ក៏ប៉ុន្តែ​តំណាងរាស្ត្រ​បក្សប្រឆាំង​នៅតែ​ត្រូវការ​វត្តមាន​តំណាង​រដ្ឋាភិបាល​ចូលទៅក្នុង​រដ្ឋសភា​ដដែល។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ខេត្ត សៀមរាប
លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ មណ្ឌល​ខេត្ត សៀមរាប សហការី
ផ្សាយពាណិជ្ជកម្ម

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​មើលឃើញថា​ខ្សែ​វីដេអូ​របស់​រដ្ឋាភិបាល​ដែល​បង្ហាញ​ពី​ការបកស្រាយ​ជុំវិញ​បញ្ហា​ព្រំដែន​ដែល​បាន​កើតឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ​ថា​មិនអាច​ទទួលយក​បានទេ។ លោក អ៊ុំ សំអាន បាន​ហៅ​ការពន្យល់​របស់ មន្ត្រី​រដ្ឋាភិបាល​តាមរ​យៈ​ខ្សែរ​វីដេអូ​នេះ​ថា​បំផ្លើសការពិត​ច្រើន ដូចជា​ករណី​ផែនទី​ជាដើម។

អត្ថាធិប្បាយ​​របស់​​អ្នក​តំណាងរាស្ត្រ​​គណបក្ស​ប្រឆាំង​​រូប​នេះ​បាន​​ធ្វើ​ឡើង​​បន្ទាប់​ពី​ការ​​ បក​​ស្រាយ​​ ពន្យល់​​របស់​​មន្ត្រី​ជាន់ខ្ពស់​​រដ្ឋាភិបាល​ អំពី​​បញ្ហា​​ព្រំដែន​​កម្ពុជា​-វៀតណាម​ នៅ​ស្រុក​​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ តាមរយៈ​​ការបង្ហាញ​​វីដេអូ​វេទិកា​តុ​មូល​មួយ​ មាន​​រយៈពេល​​ជាង៤០​នាទី។​

វីដេអូ​វេទិកា​តុមូល​នោះ មាន​វាគ្មិន​បី​រូប​គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា និង លោក​កែវ រ៉េមី សម្របសម្រួល​ដោយ លោក ផៃ ស៊ី​ផាន ដែល​មន្ត្រី​ទាំងពីរ​រូបនេះ​តំណាង​ឲ្យ​ទីស្តី​ការ​គណ​រដ្ឋ​មន្ត្រី​។ ខ្សែ​វីដេអូ ដែល​បាន​ថត​ទុក និង​សំរិតសំរាំង​រួចហើយនោះ ត្រូវបានផ្សព្វផ្សាយ​ដល់​​កាសែត​ និង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ក្នុងស្រុក​កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ម្សិលមិញ។

ជាមួយគ្នានេះ លោក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​អ៊ំ សំអាន អះអាងថា នឹង​នៅតែ​ប្រកាន់​ជំហរ​កោះហៅ​លោក  ហោ ណាំហុង និង​លោក វ៉ា គឹមហុង ទៅ​ឆ្លើយ​បំ​ផ្លឺ​នៅក្នុង​​សភា​ពេញ​អង្គ​ដដែល បើ​ទោះណាជា​មានការ​បកស្រាយ​តាមរយៈ​ខ្សែរ​វីដេអូ​នាពេលនេះ​ទៅហើយ ក៏ដោយ។ លោ​កថា​ក្នុងតំណាក់កាល​នេះ​កំពុងតែ​ស្វែងរក​ហត្ថលេខា​ពី​សមាជិកសភា​បន្ថែម ដើម្បី​ស្នើ​ឲ្យ​មានការ​កោះហៅ។

ម្យ៉ាងទៀត លោក​បញ្ជាក់ថា​លោក​គាំទ្រ​និង​រង់​ចាំមើល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី លើក​រឿងនេះ​ទៅ​ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​វប្បធម៌​សន្ទនា។

ទោះ​យ៉ាងនេះ​ក្តី តាមរយៈ​ខ្សែរ​វីដេអូ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា ការការពារ​បូរណភាព​ទឹក​ដី​​កម្ពុជា មិន​មែន​ជា​​សិទ្ធិ​ផ្តាច់មុខ​​របស់​​គណ​បក្ស​ណា​ឬ​បុគ្គល​ណា​ទេ។ រដ្ឋាភិបាល​កម្ពុជា​ តាំង​ពី​​ឆ្នាំ១៩៧៩ ក្រោយ​ផ្តួលរំលំ​របប​ខ្មែរក្រហម រដ្ឋាភិបាល​តែង​ធ្វើការ​​ដោយ​​យក​ចិត្តទុកដាក់​បំផុត​ ដើម្បី​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ