អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​កំពុង​សិក្សា​លទ្ធភាព​កាត់​ប្រាក់ខែ​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះជាតិ​ក្រោយ​ពហិកា​

រដ្ឋសភា​កម្ពុជា កំពុង​ឈាន​មួយ​ជំហាន​ទៀត​ហើយ ទាក់ទង​នឹង​ការ​សិក្សា​លទ្ធភាព​ផ្នែក​ច្បាប់ ដើម្បី​កាត់​ប្រាក់​ខែ​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ទំាង​ ៥៥រូប ​ដែល​បាន​ប្រកាស​ពហិកា​មិន​ចូល​ប្រជុំ​សភា​ តាំងពី​ចុងខែ​ឧសភា ឆ្នាំ២០១៦។ យ៉ាងណា​ក៏​ដោយ​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ប្រតិកម្ម​តបថា បក្ស​ប្រឆាំង​នៅ​កម្ពុជា ធ្វើ​ការងារ​ មិន​ចាប់​អារម្មណ៍​នឹង​រឿង​ប្រាក់​ខែ​នោះ​ទេ។

លោក​សម រង្ស៊ី ​និងលោក កឹម សុខា តំណាង​បក្ស​​គណបក្ស​​សង្រ្គោះ​ជាតិ​​
លោក​សម រង្ស៊ី ​និងលោក កឹម សុខា តំណាង​បក្ស​​គណបក្ស​​សង្រ្គោះ​ជាតិ​​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គណៈកម្មការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ សវនកម្ម (​គណៈកម្មការ​ទី​២) នៃ​រដ្ឋសភា កំពុង​សិក្សា​លទ្ធភាព​ផ្នែក​ច្បាប់ និង​រៀបចំ​របាយការណ៍ ដើម្បី​សម្រេច​ក្នុង​ការ​ដាក់​ពិន័យ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ប្រកាស​ធ្វើ​ពហិកា​ មិន​ចូលរួម​ប្រជុំ​សភា តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ មក​ទល់​ពេល​នេះ​។ បើ​យោង​តាម ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាង​រាស្រ្ត និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា តំណាង​រាស្រ្ត​ ដែល​អវត្តមាន​គ្មាន​ច្បាប់ ត្រូវ​ពិន័យ​ ព្រមាន ស្តី​បន្ទោស បង្កក់​ប្រាក់​បៀរវត្ស កាត់​ប្រាក់​ខែ ឬ​បញ្ឈប់​លែង​អោយ​ធ្វើ​តំណាង​រាស្រ្ត​។ អ្នកនាំពាក្យ​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែម​ថា គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា នឹង​ប្រជុំ​សម្រេច តើ​ថា​ត្រូវ​ពិន័យ​យ៉ាង​ណា ចំពោះ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ទាំង​៥៥​រូប?

 
មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃ អ៊ាង បាន​ប្រតិកម្ម​តប​ថា តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ មិន​ដែល​ខ្វល់ខ្វាយ រឿង​ប្រាក់​ខែ​នោះ​ទេ បើ​ទោះ​បី​ជា​រដ្ឋសភា​ធ្លាប់​កាត់​ប្រាក់​ខែ ១០​ខែ កន្លង​មក​ក៏​ដោយ។ លោក អេង ឆៃអ៊ាង បាន​បន្ថែម​ថា បក្សសង្រ្គោះ​ជាតិ ​នៅ​មិន​ទាន់​សម្រេច​ថា គួរ​ចូលរួម​ប្រជុំ​សភា នៅ​ពេល​បវេសនកាល ខែ​តុលា ខាង​មុខ ឬ​យ៉ាង​ណា​ទេ?

គួរ​ជម្រាប​ថា នេះ​ជា​ជំហាន​ទីពីរ ដើម្បី​កាត់​ប្រាក់​ខែ តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ បន្ទាប់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​ពិភាក្សា និង​ប្រគល់​ជូន គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ដើម្បី​សិក្សា​ផ្នែក​ច្បាប់​ ចំពោះ​ករណី​សមាជិក​​សភា​មក​គណបក្ស​សង្គ្រោះជាតិ (CNRP) ដែល​មិន​ចូល​ប្រជុំ​សភា ហើយ​មាន​គម្រោង​ដាក់​ពិន័យ ចំពោះ​ការ​ប្រើប្រាស់​រថយន្ត សភា​ខុស​គោលការណ៍ និង​កាត់​ប្រាក់​ខែ។ មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះ​ជាតិ ធ្លាប់​បាន​លើក​ឡើង​ថា កុ្រម​តំណាង​រាស្រ្ត​របស់​ខ្លួន នឹង​មិន​ចូល​ប្រជុំ​សភា​នោះ​ទេ ប្រសិន​បើ​ស្ថានការ​នយោបាយ​មិន​វិល​មក​រក​ភាព​ប្រក្រតី​វិញ ​ខណៈ​មេដឹកនាំ​គណបក្ស គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​ជាប់​បណ្តឹង​តុលាការ​ជា​បន្ត​បន្ទាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ