អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាជ្ញាធរ​បញ្ជូន​មេ​បក្ស​ប្រឆាំង​ខេត្ត​ពោធិ៍សាត់​ទៅ​តុលាការ ខណៈដែល​សកម្មជន ៥​នាក់​ទៀត​ចូល​តុលាការ​នៅ​ថ្ងៃ​ស្អែក

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា​នេះ បាន​បញ្ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ពោធិសាត់​ទៅ​កាន់​តុលាការ​បន្ទាប់​ពី​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍។ ទន្ទឹម​នឹង​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប​ប្រចាំ​ខេត្ត​តាកែវ​ក៏​ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​៣១​ឧសភា​ផង​ដែរ។ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះ​អាង​ថា​នេះ​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ។

លោក យ៉ាន់ សេងហ៊ត ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ខេត្ត​​ពោធិ៍សាត់
លោក យ៉ាន់ សេងហ៊ត ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ខេត្ត​​ពោធិ៍សាត់
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ពោធិ៍សាត់ លោក យ៉ាន សេង​ហ៊ត​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​កាន់​តុលាការ​ពី​បទ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​មាត្រា​៨៣ ស្តី​ពី​ច្បាប់​ចរារចរណ៍។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​បញ្ជូន​ក្តី​នេះ​ថា ជា​រឿង​នយោបាយ​ដែល​មិន​បាន​ផ្អែក​លើ​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា សមាជិក​បក្ស​មិន​បាន​បើកឡាន​ទៅ​បុក​កុមារ​ដែល​រង​គ្រោះ​នោះ​ទេ គឺ​កុមារ​នោះ​ជា​អ្នក​រត់​មក​ចូល​ឡាន​ដោយ​ខ្លួន​ឯង។ លោក​អេង ឆៃអ៊ាង​ហៅ​ទង្វើ​នេះ​ថា ការ​ភាព​អយុត្តិធម៌។ សូម​រំលឹក​ថា​កាល​ពី​រសៀល​ថ្ងៃ​ទី ២៧ ឧសភា​កន្លង​ទៅ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​ដែល​បាន​បណ្តាល​ឱ្យ​កុមារា​ម្នាក់​អាយុ ៦​ឆ្នាំ បាន​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ ក្រៅ​ពី​សំណុំ​រឿង​នៅ​ខេត្ត​ពោធិ៍សាត់ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប​នៅ​ខេត្ត​តាកែវ​ដែល​ជា​បេក្ខភាព​ឃុំ ព្រៃ​ខ្លា និង​សមាជិក​ក៏​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​ទី​៣១ ឧសភា​ក្នុង​បណ្តឹង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ជេរ​ប្រមាថ ជា​សាធារណៈ​នឹង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ក្នុង​រឿង​ទាស់​សម្តី​គ្នា​ជាមួយ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ឃោស​នា​ទី​២០​ឧសភា។ លោក យ៉ង់ គឹមអេង អ្នក​នាំ​ពាក្យ​បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះ​ឆ្នោត បាន​ញែក​ករណី​នេះ​ជា​ពីរ។ តាម​លោក ករណី​ខេត្ត​ពោធិ៍សាត់​គឺ​ជា​រឿង​អនុវត្ត​ច្បាប់​ប្រសិន​បើ​អ្នក​ជន​បង្ក​បាន​បើក​រថយន្ត​រត់​គេច​មែន។ ប៉ុន្តែ​ករណី​ខេត្ត​តាកែវ ការ​បញ្ជូន​បណ្តឹង​ទៅ​កាន់​តុលាការ គឺ​ជា​រឿង​នយោបាយ​តែម្តង​ព្រោះ​ថា វា​បាន​រំលោភ​លើ​កិច្ច​ការងារ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​គួរ​តែ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។

សូម​បញ្ជាក់​ថា ការ​ប្តឹង​ផ្តល់​របស់​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​នេះ​មាន​ប្រមាណ ៥៦​បណ្តឹង។ ហើយ​ជា​បណ្តឹង​តូច​តាច​ដែល​ត្រូវ​បាន​ដោះ​ស្រាយ​អស់​មួយ​ភាគ​ធំ​ទៅ​ហើយ។ ទន្ទឹម​នឹង​នេះ លោក​យ៉ង់ គឹមអេង អ្នក​នាំ​ពាក្យ​បន្ទប់​ស្ថានការណ៍ បាន​វាយ​តម្លៃ​ថា ស្ថានការណ៍​នៃ​ការ​ឃោសនា​បោះ​ឆ្នោត គឺ​ជា​មាន​សភាព​ស្ងប់​ស្ងាត់ និង​វិជ្ជមាន ដោយ​ឡែក​វិន័យ​ក្នុង​ពេល​ហែ​ក្បួន​ក៏​ល្អ​អាច​ទទួល​យក​បាន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ