អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា នឹង​ក្លាយ​ជា​ប្រធាន ខណៈ​មាន​អនុ​ប្រធាន​បី​រូប

គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក បាន​សម្រេច​ជ្រើស​រើស​បេក្ខភាព​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស​ថ្មី​នោះ​ គឺ​លោក កឹម សុខា លោក​អេង ឆៃអ៊ាង លោក​ស្រី​មួរ សុខហួរ និង​លោក​ប៉ុល ហំម។ បេក្ខភាព​ទាំង​នេះ នឹង​ត្រូវ​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ជា​ផ្លូវ​ការ។ ក្រុម​អ្នក​តាមដាន​អះអាង​ថា​បេក្ខភាព​នេះ នឹង​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។

គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក បានសម្រេចជ្រើសរើសបេក្ខភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីនោះ គឺលោក កឹម សុខា លោកអេង ឆៃអ៊ាង លោកស្រីមួរ សុខហួរ និងលោកប៉ុល ហំម។
គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក បានសម្រេចជ្រើសរើសបេក្ខភាពក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីនោះ គឺលោក កឹម សុខា លោកអេង ឆៃអ៊ាង លោកស្រីមួរ សុខហួរ និងលោកប៉ុល ហំម។ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​រើស​បាន​បេក្ខជន​ប្រធាន និង​អនុប្រធាន​គណបក្ស​ថ្មី​ហើយ។ លោក​កឹម សុខា នឹង​ត្រូវ​ឡើង​ជា​ប្រធាន​បក្ស ដោយ​ឡែក​សមាសភាព​អនុ​ប្រធាន​មាន​ចំនួន​បី គឺ​លោក​អេង ឆៃ​អ៊ាង លោក​ស្រី​មួរ សុខហួរ និង​លោក​ប៉ុល ហំម។ ទាំងនេះ​គឺ​ជា​បេក្ខភាព​ ដែល​នឹង​ត្រូវ​ដាក់​ជូន​សមាជ​បោះឆ្នោត​លើក​ដៃ​សម្រេច​នៅ​ថ្ងៃ​ទី​២ មីនា​ស្អែក ដែល​ជា​ការ​សម្រេច​ផ្លូវ​ការណ៍ និង​ស្ថាពរ។ បេក្ខភាព​នេះ គឺ​ជា​ការ​សម្រេច​របស់​គណៈអចិន្ត្រៃយ៍ និង​គណៈ​កម្មការ​នាយក​របស់​គណបក្ស​ទាំង​មូល។

លោក​អេង ឆៃអ៊ាង អ្នក​នាំ​ពាក្យ​គណបក្ស​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា តំណែង​អនុ​ប្រធាន​គណបក្ស​នេះ​ គឺ​មិន​បាន​បែង​ចែក​ជា​អនុ​ប្រធាន​ទី១ ទី២ និង​ទី៣​នោះ​ទេ ពោល​គឺ​អនុប្រធាន​ទាំង​បី​មាន​ឋានៈ​ស្មើ​គ្នា មិន​មាន​អនុប្រធាន​រូប​ណា​ធំ​ជាង​រូប​ណា​នោះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​សមាជ​បក្ស​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ១០០០​នាក់ មក​ពី​គ្រប់​ខេត្ត​ក្រុង​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​បន្ទាប់​ពី​លោក សម រង្ស៊ី ដែល​ជា​បុគ្គល​ល្បី​ និង​ប្រជាប្រិយភាព​ក្នុង​បក្ស​បាន​លាលែង​ចេញ​ពី​តំណែង។ លោក​អេង ឆៃអ៊ាង បាន​បន្ថែម​ទៀត​ថា ដើម្បី​ឱ្យ​គណបក្ស​មាន​អនុប្រធាន​ចំនួន​ ៣​នាក់​នោះ គណបក្ស​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​លក្ខ័ខ័ណ្ឌតិកៈ​បទបញ្ជា​ផ្ទៃ​ក្នុង​គណបក្ស។ លក្ខ័ខ័ណ្ឌ​តិកៈ​ចាស់​ ដែល​បាន​ចែង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រធាន​ ១​រូប និង​អនុ​ប្រធាន​មួយ​រូប។

ក្រុម​អ្នក​វិភាគ​នៅ​កម្ពុជា បាន​មើល​ឃើញ​ថា បេក្ខភាព ដែល​បាន​សម្រេច​ដោយ​គណៈ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​នេះ គឺ​នឹង​មិន​ផ្លាស់ប្តូរ​នោះ​ទេ។ សមាស​ភាព​ដឹកនាំ​នេះ គឺ​នឹង​មិន​បាន​ជួយ​អ្វី​ច្រើន​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ព្រោះ​ថា​សមាភាព​ក្បាល​ម៉ាស៊ីន​នេះ​ គឺ​គ្រាន់​តែ​ជា​ការ​តម្រូវ​ទៅ​តាម​ច្បាប់​បោះឆ្នោត។ ច្បាប់​ដែល​តម្រូវ​ឱ្យ​សង្គ្រោះ​ជាតិ​ត្រូវ​តែ​មាន​ប្រធាន​គណបក្ស​ច្បាស់​លាស់ បន្ទាប់​ពី​តំណែង​ប្រធាន​គណបក្ស​បាន​ទំនេរ​អស់​រយៈ​ពេល​ជិត​កន្លះ​មក​ហើយ​ក្រោយ​ការ​លាលែង​ពី​លោក សម រង្ស៊ី។  

យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត​សុខ ទូច​បាន​មើល​ឃើញ​ថា ការ​រៀប​ចំ​សមាសភាព​ថ្មី​នេះ ក្រុម​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា មាន​ប្រៀប​ជាង​ដោយ​សារ​លោកកឹម សុខា ជា​ប្រធាន​បក្ស ហើយ​មាន​អនុប្រធាន ១​បន្ថែម​ទៀត ដោយ​ឡែក​ក្រុម​គណបក្ស​សម រង្ស៊ី ចាស់ គឺ​បាន​ចាញ់​ប្រៀប​ដោយសារ​តែ​ទទួល​បាន​តែ​អនុ​ប្រធាន ២​នាក់ នោះ​អំណាច​ក្នុង​បក្ស​នឹង​ធ្លាក់​លើ​លោក​កឹម សុខា ដែល​ជា​ប្រធាន តាម​ធម្មានុរូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ