អានតួអត្ថបទ
កម្ពុជា-នយោបាយ

បញ្ជី​ឈ្មោះ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ប្រឈម​ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ត្រូវ​បាន​គេ​ទម្លាយ

បញ្ជី​ឈ្មោះ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​សរុប​១២៥​រូប ដែល​ប្រឈម​មុខ​នឹង​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ត្រូវ​បាន​គេ​ទម្លាយ​ជា​សាធារណៈ​ កាល​ពី​រសៀល​ថ្ងៃ​ទី ០៦ វិច្ឆិកា តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា។ នៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​ទាំង​នោះ រួម​មាន សមាសភាព​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​២៦​រូប និង​សមាជិក​គណៈកម្មាធិការ​នាយក​សរុប​ចំនួន​១២៥​រូប។ ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​សិទ្ធិ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ ពិត​ជា​ត្រូវ​រំលាយ​មែន​នោះ។

រូបភាព​តំណាង៖​ បញ្ជី​​ឈ្មោះ​​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ប្រឈម​ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ត្រូវ​បាន​គេ​ទម្លាយ
រូបភាព​តំណាង៖​ បញ្ជី​​ឈ្មោះ​​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ប្រឈម​ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ត្រូវ​បាន​គេ​ទម្លាយ
ផ្សាយពាណិជ្ជកម្ម

យោង​តាម​បញ្ជី​ឈ្មោះ​ដែល​បាន​បែក​ធ្លាយ​នេះ បាន​បញ្ជាក់​អំពី​ឈ្មោះ​របស់​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​នីមួយៗ ដែល​ម្ខាង​មក​ពី​កូតា​គណបក្ស សម រង្ស៊ី និង​ម្ខាង​ទៀត​មក​ពី​កូតា​គណបក្ស​សិទ្ធិ​មនុស្ស។ អ្នក​ទាំង​នោះ​ខ្លះ​បាន​លា​ឈប់ និង​ខ្លះ​ទៀត​បាន​ទទួល​មរណភាព។ ហើយ​ក្នុង​នោះ ​ក៏​មាន​ឈ្មោះ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​លា​លែង, លោក អ៊ុំ សំអាន អនិកជន​ខ្មែរ-អាមេរិក​កាំង លោក មៀច សុវណ្ណារ៉ា អានិកជន​ខ្មែរ-អាមេរិក ដែល​កំពុង​ជាប់​ពន្ធនាគារ និង​ដែល​បាន​លា​លែង​ពី​គណបក្ស ក្រោម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នា​ពេល​កន្លង​មក។ ក្រៅ​ពី​នោះ នៅ​មាន​កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​របស់​លោក កឹម សុខា និង​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍ -សមាជិក​គណៈកម្មាធិការ​នាយក​សរុប​១២៥​រូប។ ពួក​គេ​នឹង​ប្រឈម​ការ​ដក​ហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ត្រូវ​រំលាយ​នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា សប្តាហ៍​ក្រោយ។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល កំណត់​បើក​សវនការ​ជំនុំ​ជម្រះ​ក្តី លើ​បណ្តឹង​សុំ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្តឹង​ដោយ​ក្រសួង​មហា​ផ្ទៃ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ទម្លាយ​បញ្ជី​ឈ្មោះ​នេះ​ លោក ប៉ុល ហំម អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ។ លោក ប៉ុល ហំម ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី ០៧ វិច្ឆិកា បាន​ប្រកាស​ថា លោក​នឹង​ចូល​និវត្តន៍​ពី​ឆាក​នយោបាយ​ភ្លាម ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ​មែន​នោះ។

គួរ​ជំរាប​ជូន​ថា ការ​ទម្លាយ​បញ្ជី​ឈ្មោះ​គណៈកម្មាធិការ​អចិន្រ្តៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្រឈម​នឹង​ការ​ដក​ហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​នេះ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ០៤ វិច្ឆិកា។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង បន្ត​ចុះ​ចូល​នឹង​លោក ឲ្យ​បាន​មុន​ថ្ងៃ​ទី ១៦ វិច្ឆិកា ដែល​ជា​ថ្ងៃ​តុលាការ​កំពូល​បើក​សវនការ​នោះ។ លោក ហ៊ុន សែន បាន​សន្យា​ថា នឹង​រក្សា​តំណែង​និង​តួ​នាទី​របស់​ពួក​គេ​ឲ្យ​នៅ​ដដែល ប្រសិន​បើ​ពួក​គេ​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង។

សូម​បញ្ជាក់​ថា បើ​ផ្អែក​តាម​ពាក្យ​បណ្តឹង​របស់​ក្រុម​មេធាវី​ក្រសួង​មហា​ផ្ទៃ ក្រៅ​ពី​ប្តឹង​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ​នោះ ក្រុម​មេធាវី​ក៏​បាន​ប្តឹង​សុំ​ឲ្យ​តុលាការ​កំពូល ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ពី​សមាជិក​គណៈអចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ