អានតួអត្ថបទ
កម្ពុជា

លោក​មាជ​ សុវណ្ណារ៉ា​ ប្រកាស​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ នៅ​គុក​ព្រៃស

ពី​គុក​ព្រៃស ​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ នៅ​ថ្ងៃ​សុក្រ ​ទី​៥​ខែ​ធ្នូ​នេះ​ថា ​លោក​នឹង​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ និង​មិនទទួល​ជួបភ្ញៀវ​និង​ក្រុមគ្រួសារ​ឡើយ​។ កូដកម្ម​នេះ ​នឹង​​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​សៅរ៍​ស្អែក រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​។ ​ ការ​ប្រកាស​របស់​លោក​មាជ សុវណ្ណារ៉ា​ដូច្នេះ ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សាលា​ឧទ្ធរណ៍​ គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​​ឃុំ​របស់​លោក​ នៅ​ថ្ងៃ​ទី​១២​ធ្នូ​ខាង​មុខ​នេះ​។

លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ។
លោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ។ @Meach Sovannara CNRP
ផ្សាយពាណិជ្ជកម្ម

កូដកម្ម​បង្អត់​អាហារ​របស់​លោក​មាជ សុវណ្ណារ៉ា​ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ដោយ​ដៃ​ចុះ​​ថ្ងៃទី​៥​ធ្នូ​នេះ ធ្វើ​ឡើង​ដើម្បី​បង្រួម​ចិត្តស្ងប់​ ទាមទារឲ្យ​បញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព​នៅកម្ពុជា​។ គោលដៅ​សំខាន់​មួយ​ទៀត​ គឺ​ដើម្បី​រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នានា​ ដែល​កំពុង​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ប្រឆាំង​នឹង​ការ​រើសអើង​ និង​អំពើហិង្សា​លើ​ស្ដ្រី​និង​កុមារ​ នៅ​ក្នុង​ខែ​ធ្នូ​នេះ​ផង​ដែរ​។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃគណបក្ស​ប្រឆាំង​រូប​នេះ ​បាន​ហៅខ្លួន​ឯង​ថា ​ជាអ្នក​ទោស​នយោបាយ​ និង​បាន​បរិហារ​ថា ​អ្នក​ដឹក​នាំ​កម្ពុជា​ មិន​ទាន់​មាន​សុឆន្ទៈ​ជា​អ្នក​ដឹក​នាំ​មាន​គុណធម៌​ នៅ​ឡើយ​ទេ​។ លោក​បន្ត​ទៀត​ថា ​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ស្រមោល​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ​ បើ​ទោះ​បីជា​កម្ពុជា​បានទទួល​ស្គាល់​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣​តុលា​ ឆ្នាំ១៩៩១​ហើយ​ក៏​ដោយ​ចុះ​។

មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​បើក​ចិត្ត​ទទួល​ស្ដាប់ និង​ពិចារណា​លើ​យោបល់​សង្គម​ស៊ីវិល និង​អ្នក​កាសែត​ឯករាជ្យ​ ដោយ​ចិត្ត​ស្មោះ។ សង្គម​ស៊ីវិល ​និង​អ្នក​កាសែត​ឯករាជ្យ ទាំង​ជាតិ​និង​អន្ដរជាតិ ដែល​លោក​មាជ សុវណ្ណារ៉ា គូស​បញ្ជាក់​ថា ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​តម្លាភាព​ និង​យុត្តិធម៌​សង្គម​។

គួរ​ជម្រាប​ជូន​ថា ការ​ប្រកាស​របស់​លោក​មាជ សុវណ្ណារ៉ា​ដូច្នេះ​ បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍ ​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ​នៅ​ថ្ងៃ​ទី​១២​ធ្នូ​ខាង​មុខ​នេះ​។ ​លោក​មាជ សុវណ្ណារ៉ា​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ កន្លង​ទៅ ​នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​។​ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ដឹក​នាំ​ធ្វើ​កុបកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់​ទោស នៅ​ក្នុងបាតុកម្ម​រំដោះ​ទីលាន​ប្រជា​ធិបតេយ្យ ​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ