អានតួអត្ថបទ
កម្ពុជា

តុលាការ​លើក​ពេល​សវនាការ​ម្តងទៀត​ លើ​ករណី​លោក​មាជ សុវណ្ណារ៉ា ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ

បន្ទាប់​ពី​ការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១៣​មេសា​រួច​មក ​គឺ​នៅ​ព្រឹក​ថ្ងៃចន្ទ​ ទី​២០​មេសា​នេះ ​ចៅក្រម​តុលាការ​សាលាដំបូង​ រាជធានីភ្នំពញ​ បាន​សម្រេច​លើក​ពេល​សវនាការ​ ជា​លើក​ទី​៣ ​លើ​អង្គ​សេចក្តី​ ក្នុង​ករណី​លោក​មាជសុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ ១១ នាក់ ​ពាក់ព័ន្ធ​នឹង​រឿង​បាតុកម្ម​ថ្ងៃ​១៥កក្កដា។​ មូលហេតុ​នៃ​ការ​សម្រេច​លើក​ពេល​សវនាការ​នោះ ​មិនត្រូវ​បាន​បញ្ជាក់​ទេ​ ហើយ​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​ ក៏​មិន​ត្រូវ​បាន​ប្រកាស​ដែរ។

លោកមាជ សុវណ្ណារ៉ា​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ។​
លោកមាជ សុវណ្ណារ៉ា​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ។​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

ជា​ការ​សម្រេច​ភ្លាមៗ​របស់​ចៅ​ក្រម​ ដែល​បាន​សម្រេច​លើក​ពេល​សវនាការ​ ដោយ​គ្មាន​កំណត់​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២០​មេសានេះ។​ សេចក្តី​សម្រេច​ដូច្នេះ ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​ដោះលែង​លោក​មាជសុវណ្ណារ៉ា​ និង​សកម្មជនគណបក្ស​សង្គ្រោះជាតិ​ ៤​ រូប​ផ្សេង​ទៀត​ ឲ្យ​នៅ​ក្រៅ​ឃុំ ​កាល​ពី​ថ្ងៃ​ទី​១៣មេសា។

លោក មាជ សុវណ្ណារ៉ា ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ សរុប​ ១១ ​នាក់​ ជាប់​ចោទ​ក្នុង​រឿង​បាតុកម្ម​ថ្ងៃ​១៥​កក្កដា​ ឆ្នាំ​២០១៤​។

យ៉ាង​ណា​ក៏​ដោយ​ លោក ចាន់ ចេន ​មេធាវី​ការពារ​លោក​មាជសុវណ្ណារ៉ា ​បាន​ស្នើ​ដល់ចៅក្រម គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ដោយ​មិន​ចង់​និយាយ​ពី​ខុស​ត្រូវ​អ្វី​ទៀត​ទេ ​ក្នុង​រឿង​បាតុកម្ម​នោះ។​

លោក​មេធាវី ចាន់ ចេង ​បាន​បញ្ជាក់​ថា ​“ក្នុង​នាម​ខ្ញុំ​ជា​មេធាវី​ការពារ​សិទ្ធិ​លោក​មាជសុវណ្ណារ៉ា​ ខ្ញុំ​យល់​ថា​ តុលាការ​ គួរ​តែ​ទម្លាក់​បទ​ចោទ​ បិទ​សំណុំ​រឿង​តែ​ម្តង​ទៅ​ ហើយ​មិនឲ្យ​វែង​ ហួស​ពី​នឹង​ទៀត​ទេ។ ការ​ពិត​យើង​មិន​ចង់​និយាយ​ថា​ ខុស​ ឬ​ក៏​ត្រូវ​អ្វីទេ។ ​គ្រាន់​តែ​ថា​ ជា​គំនិត​របស់​ខ្ញុំ​ថា ​គួរតែ​តុលាការ​ទម្លាក់​ចោល ​មាន​ន័យថា ​លើកលែង​ចោទ​លើកូន​ក្តី​ខ្ញុំ​ កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​តទៅ​ទៀត”។

ដោយ​ឡែក​លោក​ អំ សំអាត ​សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ​ ដែល​តាម​ឃ្លាំ​មើល​សំណុំ​រឿង​ក្តី​នេះ​ បាន​ស្នើ​ដល់​ចៅក្រម​ គួរតែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រោះ​ថា​ សំណុំ​រឿង​ក្តី​បាតុកម្ម​ ថ្ងៃ​១៥​កក្កដា ​ឆ្នាំ​២០១៤​ តាម​លោក​អំ សំអាត​ ជា​រឿង​នយោបាយ។

លោក​ អំ សំអាត ​បាន​លើក​ឡើង​ថា​ “​តាម​ពិត​ទៅ​ រឿង​គាត់​ទាំង​អស់​គ្នា​នឹង​ វា​សុទ្ធ​តែកើត​ចេញ​ពី​បញ្ហា​នយោបាយ​ទាំងអស់​ ហើយ​បើ​យើង​និយាយ​ឲ្យ​ចំទៅ​ គាត់​ក៏​ជា​ចំណាប់​ខ្មាំង​សម្រាប់​ការ​ចរចា​ផ្នែក​នយោបាយ​ ប៉ុន្តែ​ឥឡូវ​ នយោបាយ​មាន​សភាព​ធូរស្រាល​ ហើយ​ជា​ពិសេស​ទៀត​ ការ​បង្កើត​នូវ​វប្បធម៌​នៃ​ការ​សន្ទនា​ រវាង​មេដឹកនាំ ​នៃគណបក្ស​ទាំងពីរ​ហើយ ​ហើយ​អីចឹង​ទាក់ទង​នឹង​បញ្ហា​ទាំង​អស់​នេះ ​យើង​គួរ​តែ​បញ្ចប់ ​គួរតែ​មាន​ការ​លើក​លែង។ ​កាលណា​យើង​ទុក​របៀប​នេះ ​ហើយ​អូសបន្លាយ​ ឬ​ក៏​ពន្យារ​ពេល​នោះ​ គឺ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​ទេ​ ថា​នៅ​ពេល​ណា​តានតឹង​ អ្នក​ទាំងអស់​នឹង​ ត្រូវ​គេ​កោះហៅ​មកវិញ​ ឬ​ក៏​ត្រូវ​កោះ​ហៅ​ចូល​តុលាការ​ ឬ​ក៏​ដំណើរ​ការនីតិ​វិធី​តុលាការ​ឡើង​វិញ។ ​អានឹង​ នាំ​តែ​គេ​ចោទ​ប្រកាន់​ថា​ ការ​ដែល​យើង​ចរចា​ ការ​ដែល​វប្បធម៌​នៃ​ការ​​សន្ទនា​នឹង​ វា​មិន​ប្រកប​ដោយ​សុក្រឹត្យ​ភាព​នោះ​ទេ”។

យ៉ាង​ណា​ក៏​ដោយ​ ការ​សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣​ នៅ​ពេល​នេះ​ មិន​មាន​ការ​ពន្យល់​ណាមួយ​ពី​តុលាការ​នោះ​ទេ​ ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​ ចាត់​ទុកថា​ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។ ​ចៅក្រម​ ដែល​បាន​សម្រេច​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​លោក​មាជសុវណ្ណារ៉ា​ សរុប​ ៥ នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ កាល​ពី​ថ្ងៃ​ទី​១៣ មេសា ​តាម​ការ​ព្រមព្រៀង​រវាង​មេដឹកនាំ​នយោបាយ​ លោកហ៊ុនសែន​ និង​លោក​សមរង្ស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ