អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រឆាំង ស្នើ​ឱ្យ​អាជ្ញាធរ​ដក​បំរាម​បិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត

គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី ១៦​ឧសភា​នេះ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ សាក​ល្បង​គិត​ជា​ថ្មី​លើ​បំរាម​របស់​ខ្លួន​ដែល​បាន​សម្រេច​បិទ​ផ្លូវ​ ​ទី​ធ្លា​សាធារណៈ និង​ទី​ផ្សារ​ធំៗ​ចំនួន ៦​នៅ​ក្នុង​ក្រុង​ភ្នំពេញ មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​ឆ្លង​កាត់។ សំណើ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​រវាង​តំណាង​គណបក្ស​សង្រ្គោះ​ជាតិ ជាមួយ​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប នៅ​ព្រឹក​មិញ​នេះ។

គណបក្ស​ប្រឆាំង ស្នើ​ឱ្យ​អាជ្ញាធរ​ដក​បំរាម​បិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត
គណបក្ស​ប្រឆាំង ស្នើ​ឱ្យ​អាជ្ញាធរ​ដក​បំរាម​បិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ពិសេស​រវាង​គណបក្ស​សង្រ្គោះ​ជាតិ និង​តំណាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប នៅ​ព្រឹក​មិញ​នេះ លោក យឹម សុវណ្ណ ដែល​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ បាន​ដាក់​សំណើ​ទៅ​កាន់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ឱ្យ​ពិចារណា​ឡើង​វិញ លើ​បំរាម ដែល​បាន​ហាម​ឃាត់ មិន​ឲ្យ​គណបក្ស​នយោបាយ​ឃោសនា​នៅ​តាម​ដង​វិថី និង​ទី​ប្រជុំជន​មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ។

បើ​តាម​លោក យឹម សុវណ្ណ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ​ថា​ គ.ជ.ប បាន​ទទួល​យក​សំណើ​របស់​គណបក្ស​ប្រឆាំង​ទៅ​ពិចារណា​និង​ធ្វើ​ការ​សម្រេច​ជា​ថ្មី។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២០​ឧសភា​ខាង​មុខ​នេះ​ត​ទៅ ហើយ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ០២ មិថុនា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១២​ចូល​រួម។ ប៉ុន្តែ អាជ្ញាធរ​ទី​ក្រុង​ភ្នំពេញ​បាន​ចេញ​បំរាម​ជា​មុន​ថា ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នឹង​មិន​ឲ្យ​ឆ្លង​កាត់​តាម​មហាវិថី​សំខាន់ៗ​មួយ​ចំនួន​នោះ​ទេ។ បំរាម​ដែល​រង​ការ​រិះគន់​ពី​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង​នេះ ក៏​បាន​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​នៅ​តាម​ទីធ្លា​សាធារណៈ ទី​ប្រជុំជន និង​ទីផ្សារ​ធំៗ​ចំនួន ៦ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ភាគី​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា បំរាម​បិទ​ផ្លូវ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ដោយ​លើក​ហេតុ​ផល​កក​ស្ទះ​ចរាចរ ឬ​បញ្ហា​សន្តិសុខ​នោះ​មិន​សម​ហេតុ​ផល​នោះ​ទេ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នេះ លោក យឹម សុវណ្ណ ក៏​បាន​ស្នើ​ឲ្យ គ.ជ.ប កំណត់​និយមន័យ​នៃ​ការ​ហែ​ក្បួន​ឲ្យ​បាន​ច្បាស់​លាស់ និង​ការ​រើស​អើង​ចំពោះ​ការ​លើក​ស្លាក​គណបក្ស​នយោបាយ ដែល​លោក​យឹម សុវណ្ណ បាន​អះអាង​ថា នៅ​កន្លែង​ខ្លះ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​កាន់​អំណាច​លើក​ស្លាក​បាន តែ​គណបក្ស​ផ្សេង​មិន​អាច​លើក​បាន​ជា​ដើម។ ក្រៅ​ពី​នេះ គណបក្ស​ប្រឆាំង​ក៏​បាន​ស្នើ​សុំ​ឲ្យ គ.ជ.ប បង្កើន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ ឲ្យ​ប្រញ៉ាប់​ទៅ​ធ្វើ​លិខិត​អត្តសញ្ញាណ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ចាប់​ពី​ថ្ងៃ​ទី ៤ ឧសភា ដល់​ថ្ងៃ​ទី ៤ មិថុនា ដើម្បី​ប្រើ​សម្រាប់​ទៅ​បោះ​ឆ្នោត។ លើ​ករណី​ជួល​ម៉ោង​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ឯកជន​វិញ លោក យឹម សុវណ្ណ ក៏​បាន​បញ្ជាក់​ដែរ​ថា រហូត​មក​ទល់​នឹង​ពេល​នេះ មិន​មាន​ទូរទស្សន៍​ឯកជន​ណា​មួយ ក្រៅ​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) បាន​ប្រកាស​លក់​ម៉ោង​ផ្សាយ​ជា​សាធារណៈ​ឲ្យ​គណបក្ស​នយោបាយ​សម្រាប់​ឃោសនា​បោះ​ឆ្នោត​ដែល​មាន​រយៈ​ពេល ១​ខែ​នេះ​នៅ​ឡើយ​ទេ។ បើ​តាម​លោក យឹម សុវណ្ណ ដើម្បី​ស្មើ​ភាព​គ្នា លោក​បាន​ស្នើ​ឲ្យ គ.ជ.ប ជូន​ដំណឹង​ទៅ​ទូរទស្សន៍​ឯកជន ហាម​មិន​ឲ្យ​លក់​ម៉ោង​ផ្សាយ​ជូន​គណបក្ស​នយោបាយ​ទាំង​អស់​តែ​ម្តង។

យ៉ាង​ណា​ក៏​ដោយ សំណើរ​ទាំង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ភ្លាមៗ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ