អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​បក្ស​កាន់​អំណាច រឿង​ឲ្យ​សុំ​កែ​តម្រូវ​ខ្លឹម​សារ​ពាក្យ​ស្លោក

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​ប្តឹង​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​កាន់​តុលាការ​ ក្នុង​ករណី​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​កែ​តម្រូវ​ខ្លឹម​សារ​ពាក្យ​ស្លោក​ថា “ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្រ្ត”។ សម្រាប់​គណបក្ស​កាន់​អំណាច ពាក្យ​ស្លោក​នេះ​ មាន​ចរិក ញុះ​ញង់ បង្ក​ហេតុ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់​ធ្ងរ ដល់​មន្ត្រី​ឃុំ​សង្កាត់​នៅ​ទូ​ទាំង​ប្រទេស។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ បាន​អះ​អាង​ថា ពាក្យ​ស្លោក​នេះ មិន​មែន​សំដៅ​លើ​មេ​ឃុំ​របស់​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក
សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិនាពេលកន្លងមក
ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​កោះពេជ្រ​ពី​ម្សិល​មិញ ដោយ​បាន​រិះ​គន់​ទៅ​លើ​គោល​នយោបាយ​អាទិភាព ៥​ចំណុច​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា មាន​ចរិត​បង្ក​ហេតុ​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទៀត ដោយ​ទទូច​ឲ្យ​គណបក្ស​ប្រឆាំង​កែ​តម្រូវ​ខ្លឹម​សារ​ពាក្យ​ស្លោក​នោះ​ជា​បន្ទាន់។ ជា​ពាក្យ​ស្លោក​ថា “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត ដែល​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា​មាន​ចរិត​ញុះញង់ បង្ក​ហេតុ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​មន្រ្តី​ឃុំសង្កាត់​ទូទាំង​ប្រទេស ដែល​បាន​ខិត​ខំ​បម្រើ​ប្រជាជន​ស្រប​តាម​តួ​នាទី​របស់​ខ្លួន ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​សោះ​ឡើយ។ សេចក្តី​ថ្លែង​ការណ៍​នេះ បាន​ព្រមាន​ប្តឹង​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​កាន់​តុលាការ ក្នុង​ករណី​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ មិន​កែ​តម្រូវ​ខ្លឹម​សារ​នេះ​ជា​បន្ទាន់។

 
គួរ​រំលឹក​ជូន​ថា តាម​រយៈ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ថ្ងៃ​ទី ២ មីនា សប្តាហ៍​មុន គណបក្ស​ប្រឆាំង​បាន​ដាក់​ចេញ​គោល​នយោបាយ​អាទិភាព ៥​ចំណុច​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​រួម​មាន ការ​ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ, ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ, ការ​ផ្តល់​សេវា​សាធារណៈ សន្តិសុខ និង​ការ​ទម្លាក់​ថវិកា ៥០​ម៉ឺន​ដុល្លារ​ទៅ​ដល់​ឃុំ​សង្កាត់​នីមួយៗ នៅ​ពេល​ដែល​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ឆ្នោត​ជា​ដើម។ គោល​នយោបាយ​អាទិភាព​ទាំង​៥ គឺ​ស្ថិត​នៅ​ក្រោម​ពាក្យ​ស្លោក​យ៉ាង​ខ្លី​ថា “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្រ្ត”។ បើ​តាម​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ថា សារ​នយោបាយ​នេះ​ខ្លី និង​ងាយ​ស្រួល​ចង​ចាំ។

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កាន់​អំណាច លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ថា ខ្លឹមសារ​នេះ​មិន​បាន​សំដៅ​ដល់​មេឃុំ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក​បាន​ស្នើ​ត្រលប់​ទៅ​កាន់​គណបក្ស​ប្រជាជន​វិញ​ថា​សុំ​ឲ្យ​គណបក្ស​កាន់​អំណាច​ពិនិត្យ​លើ​ខ្លឹមសារ​នេះ​ឡើង​វិញ។ លោក​ថា ខ្លឹមសារ​នេះ​មិន​ខុស​ច្បាប់​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ