អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​មហាផ្ទៃលុប​ឈ្មោះ​បក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវ​ការ ខណៈ គជប ចាប់​ផ្ដើម​ពិភាក្សា​ពី​រូបមន្ត​បែង​ចែក​អាសនៈ

មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ពោល​គឺ​នៅថ្ងៃ​សុក្រ ទី​១៧​វិច្ឆិកានេះ​តែ​ម្ដង ក្រសួង​មហាផ្ទៃ​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវ​ការ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​រាជធានី​ទូទាំង​ប្រទេស អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) NEC
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១៧​វិច្ឆិកា លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​​អភិបាល​ខេត្ត​រាជធានី​ទូទាំង​ប្រទេសផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល។ ជា​សាល​ដីកា​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចុះ​​ថ្ងៃ​ទី​១៦​វិច្ឆិកា​។ លោក ស ខេង ក៏​បាន​ចេញ​បញ្ជាផង​ដែរ ឲ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ណែនាំ​ដល់​ស្នាក់ការ​បក្ស​ប្រឆាំង​ក៏​ដូច​ជា​លំនៅ​ដ្ឋាន​និង​សំណង់​អគារ​នានា ឲ្យ​ទម្លាក់​ស្លាក​សញ្ញា បដា ពាក្យ​ស្លោក​ផ្សេង​ៗ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​នានា​ពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិឡើយ​។

គួរ​កត់​សម្គាល់​ថា បញ្ជា​របស់​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​។ បន្ថែម​ពី​លើ​ការ​រំលាយ​គណបក្ស តុលាការ​កំពូល​ក៏​បាន​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នេះ ចំនួន​១១៨​នាក់ថែម ទៀត​។

ទន្ទឹម​នឹង​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឯ​ណោះ​វិញ បាន​ចាប់​ផ្ដើម​ពិភាក្សា​ផ្ទៃ​ក្នុង​អំពី​រូបមន្ត​បែង​ចែក​អាសនៈ​។ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គជប បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិថា រហូត​មក​ទល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ គជប មិន​ទាន់​សម្រេច​អំពី​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ផ្សេង​នៅ​ឡើយ​។ លោក ឯម​សូផាត សមាជិក គជប បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ​ថា គជប កំពុង​តែ​រង់​ចាំ​មើល​លិខិត​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​ជា​មុន​សិន ទាក់​ទង​នឹង​សមាសភាព​ដែល​ដាក់​ជំនួស​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

បើ​តាម​លោក ឯម ​សូផាត ដរាប​ណា​ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​ទេ​នោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​អាច​បន្ត​ការងារ​របស់​ខ្លួន​ជា​ធម្មជាតិ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ