ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
កម្ពុជា

មន្ត្រី​អតីត​បក្ស​សង្គ្រោះជាតិ៖ ខ្លះ​ត្រៀម​ដាក់​សំណើ​ធ្វើ​នយោបាយ​ឡើង​វិញ តែ​ខ្លះ​នៅ​រារែក​មិនទាន់​សម្រេច​ចិត្ត

media រូបតំណាងៈ បដា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅមុខ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ REUTERS

មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន នៅ​រារែក​ចិត្ត ចាំ​មើល​សភាពការណ៍ តែ​ខ្លះ​ត្រៀម​ខ្លួន​ដាក់​សំណើ​សុំ​ធ្វើនយោបាយ​ឡើង​វិញ។ នេះ​គឺជា​អ្វី​ដែល​ពួក​គេ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្ងៃ​ដែល​​រដ្ឋសភា​អនុម័ត​ជា​ស្ថាពរ​លើ​វិសោធនកម្ម​ច្បាប់ ដែល​អាច​បើក​ផ្លូវ​ឱ្យ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​នយោបាយ​ឡើង​វិញ។

«ដាក់​សំណើ​ម្នាក់​ម្ដង​ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​គឺ​ប្រៀប​ដូច​ជា​សម្ពាធ​ដែល​នាំ​ឲ្យ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិរារែក​ចិត្ត»។ នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាង​រាស្ត្រ​នៃ​អតីត​បក្ស​ប្រឆាំង ដែល​បានថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ការ​លើក​ឡើង​របស់​​លោក អ៊ូ ច័ន្ទរ័ត្ន អំពី​សម្ពាធ​ដូច្នេះ ធ្វើ​ឡើង​បន្ទា​ប់​ពី​លោក សម រង្ស៊ី ប្រកាស​ថា អ្នក​ណា​ធ្វើ​នយោបាយ​ឡើង​វិញ តាម​រយៈ​ការ​ស្នើ​សុំ​ជា​ឯកជន គឺ​ស្មើ​នឹង​ការ​ក្បត់​បក្ស។ លោក អ៊ូ ច័ន្ទរ័ត្ន យល់​ថា គួរ​តែ​មាន​ការ​រៀបចំ​ជា​កញ្ចប់​ដើម្បី​ដាក់​ស្នើ​តែ​ម្ដង​ជា​ការ​ស្រេច ព្រោះ​នៅ​ពេល​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ តុលា​ការ បាន​ដាក់ចេញ​ជា​កញ្ចប់​ទាំង​១១៨​នាក់ មិន​គួរ​តម្រូវ​ឲ្យ​ដាក់​សំណើ​ម្ដង​ម្នាក់​បែប​នេះ​ទេ​។

លោក គង់ គាំ អះ​អាង​ផ្សេង​ថា ការ​ដាក់​សំណើ​ម្ដង​ម្នាក់​មិនមែនជា​រឿង​លំបាកឡើយ​។ រូបលោក គង់ គាំ ផ្ទាល់ បាន​ត្រៀមដាក់​សំណើ​ដើម្បី​សុំ​ធ្វើ​នយោ​បា​យ​ឡើង​វិញ​នៅ​ពេល​ដែល​វិសោធនកម្ម​នេះ​ចូល​ជា​ធរមាន ក្រោយ​ព្រះ​មហាក្សត្រ ឡាយ ព្រះ​ហស្ត​លេខា​​។ អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​រំពឹង​ថា សំណើ​លោក​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជ​មាន។ បន្ថែមលើ​នេះ លោក​ក៏​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ បើក​ផ្លូវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទាំង១១៨​នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក គង់ សភា កូន​ប្រុស​លោក គង់ គាំ បាន​បង្ហាញ​ជំហរ​ផ្ទុយ​ពី​ឪពុក។ តាម​រយៈ​សារ​សរសេរ​លើ​បណ្ដាញ​សង្គម អតីតអ្នក​តំណាង​រាស្ត្រ​រូប​នេះ ស្នើ​ឲ្យ​សមាជិក​ឯ​ទៀត​រក្សា​ជំហរ​ឲ្យ​បាន​រឹង​មាំ​ដើម្បី​បន្ត​ការ​តស៊ូ។ ការតស៊ូដែល លោក គង់ សភា សំដៅ​ដល់​នោះ គឺ​ការ​ដាក់​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរ​ជាតិ ឈាន​ទៅ​រក​ការ​សម្រប​សម្រួ​លនយោបាយ ដើម្បី​ឲ្យ​ព្រះ​អាទិត្យ​រះ​ឡើង​វិញ។

ដោយឡែក លោក កង គឹមហាក់ អតីត​អ្នក​តំណាង​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​វិញ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា លោក​នៅ​រង់​ចាំ​មើល​សេចក្ដី​សម្រេច​ទាំង​មូល​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មុន​សិន​។ និង​ថា ខណៈពេល​នេះ លោក​មិន​ទាន់​មាន​គម្រោង​ដាក់​សំណើ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ