អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្រ្គោះ​ជាតិ​បញ្ជាក់​ជា​ថ្មី​ថា នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

ជំហរ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះ​លែង​លោក​កឹម សុខា គឺ​ជា​ការ​យល់​ឃើញ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក សុន ឆ័យ ដែល​បាន​ធ្វើ​សន្និសីទ​កាសែត​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ លោក​សុន ឆ័យ បាន​ថ្លែង​បន្ថែម​ថា​គណបក្ស​ប្រឆាំង នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ ទោះ​បី​ជា​ខ្លួន​ប្រឈម​នឹង​ការ​លំបាក​នា​ពេល​នេះ​ក្តី។

លោក ​សុន ឆ័យ ​មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​ប្រឆាំង​
លោក ​សុន ឆ័យ ​មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​ប្រឆាំង​ @facebook
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កញ្ញា លោក​សុន ឆ័យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា សម្តី​នៃ​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ មិន​មែន​ជា​សម្តី​របស់​គណបក្ស​ទេ លើក​លែង​តែ​ជា​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​សេចក្តី​សម្រេច​របស់​គណៈកម្មការ​នាយក និង​សេចក្តី​សម្រេច​របស់​សមាជ​បក្ស។

លោក​សុន​ ឆ័យ ក៏​សូម​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ការ​បញ្ចេញ​មតិ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​នីមួយៗ នូវ​ពាក្យ​ពេចន៍​ទាំង​ស្រុង និង​ស្ថាន​ភាព​ប្រឈម​ក្នុង​កាលៈទេសៈ​មួយ ជៀស​វៀង​ការ​ប្រើ​ប្រាស់​មួយ​ផ្នែក​នៃ​សម្តី ដើម្បី​ប្រកាស​ថា ជា​ជំហរ ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

ការ​ថ្លែង​បញ្ជាក់​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អនុប្រធាន​គណបក្ស គឺ​លោក​ស្រី​មូរ សុខហួរ បាន​ថ្លែង​ពី​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ថា គណបក្ស​ប្រឆាំង​ត្រូវ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ត្រឹម​ត្រូវ​និង​យុត្តិធម៌ ហើយ​ប្រសិន​បើ លោក​កឹម សុខា មិន​ត្រូវ​បាន​ដោះ​លែង នោះ​គណបក្ស​មិន​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ដែល​មិន​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឡើយ ព្រោះ​នោះ​គឺ​ជា​ការ​ធ្វើ​ខុស​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (NICFEC) លោក សំ គន្ធាមី ស្វាគមន៍​ចំពោះ​ជំហរ​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ លោក​បន្ថែម​ថា​ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​ត្រឹម​ត្រូវ​ ព្រោះ​គាត់​គិត​ពី​ផល​ប្រយោជន៍​រួម​ច្រើន ហើយ​ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ ក៏​ជា​ប្រយោជន៍​សម្រាប់​អ្នក​គាំទ្រ​គណបក្ស​ដែរ។

ដោយ​ឡែក លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​ថ្លែង​ថា ការ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ឬ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត គ្មាន​អ្នក​ណា​បង្ខិត​បង្ខំ​គណបក្ស​ណា​មួយ​ទេ វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​គណបក្ស​នោះ។ លោក​ក៏​បន្ថែម​ថា​ទោះ​បី​គណបក្ស​ប្រឆាំង​មួយ​នេះ មិន​បាន​ចូល​រួម ក៏​របប​សេរី​ពហុ​បក្ស​នៅ​កម្ពុជា នៅ​តែ​ដំណើរ​ការ​ធម្មតា។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ការ​មាន​មតិ​ខុស​គ្នា​រវាង​មន្ត្រី​សំខាន់​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​បាន​ន័យ​ថា​បក្ស​កំពុង​បាត់​បង់​ម្ចាស់​ការ​ហើយ​នា​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ