អានតួអត្ថបទ
កម្ពុជា

ទូរ​ទស្សន៍​សង្គ្រោះជាតិ ​មាន​ពន្លឺ​ស្រពិចស្រពិល ខណៈ​មន្ត្រី​គណបក្ស​រំពឹង​ទៅលើដីថ្មីមួយ​កន្លែងផ្សេង​ទៀត​!

ទូរ​ទស្សន៍​ព្រះ​អាទិត្យ ​​Sun TV បន្ទាប់​ពី​ខក​ខាន​មិន​អាច​សាង​សង់​នៅ​លើ​ដី​ចំនួន​២​កន្លែង​រួចហើយ នៅ​ពេល​នេះ មន្ត្រី​បក្ស​ប្រឆាំង​កំពុង​តែ​រំពឹង​ទៅ​លើ​ដី​ថ្មី​មួយ​កន្លែង​ ផ្សេង​ទៀត​ក្នុង​ក្រុង​ភ្នំពេញ។ មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​សង្គ្រោះ​ ជាតិបាន​ប្រាប់​វិទ្យុ​បារាំង​ថា ដី​ថ្មី​នេះជា​អំណោយ​របស់​សប្បុរស​ជន​ដែល​ គាំទ្រ​បក្ស​ហើយ​គណបក្ស​កំពុង​តែ​រត់​ការ និង​ធ្វើ​បែប​បទ​ផ្ទេរ​កម្ម​សិទ្ធិ​ដីធ្លី។ 

ទូរទស្សន៍ព្រះអាទិត្យ Sun TV
ទូរទស្សន៍ព្រះអាទិត្យ Sun TV @CNRP Twitter
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​បង្ហើប​ថា​មាន​ដី​ថ្មី​សម្រាប់​សង់សង​ស្ថានីយ​ទូរ​ទស្សន៍​ព្រះអាទិត្យ​ហើយ​ក្តីក៏​​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិលោកអេងឆៃ​អ៊ាង​សុំ​មិន​បញ្ជាក់​ឲ្យ​ច្បាស់​ថានៅ​ម្តុំ​ណា​ឬ​កន្លែងណា​ឲ្យ​ប្រាកដ​នោះ​ទេព្រោះ​បារម្ភ​ពី​ការ​វាយ​ស្មៅ​បង្អើល​ពស់។ ដូច្នេះ​លោក​សុំ​លាក់ទីតាំង​ថ្មី​​សិន​ដោយ​​ត្រឹម​តែ​បង្ហើប​ថាដី​ថ្មី​នោះគឺ​ស្ថិត​នៅ​ក្នុង​ក្រុង​ភ្នំពេញ​តែ​ម្តង។ កន្លែង​នោះ គឺ​ទទួល​បាន​ពី​សប្បុរស​ជន​ដែល​មាន​សមាន​ចិត្ត​ទៅ​លើ​បក្ស​ប្រឆាំងហើយ​ពេលនេះបក្ស​កំពុង​តែ​ចាត់​ចែង​ផ្ទេរ​កម្ម​សិទ្ធិ​។

គួរ​រម្លឹក​ជូន​ថា​ទូរ​ទស្សន៍​សង្គ្រោះ​ជាតិ ​Sun TV ​បាន​ទទួល​អាជ្ញា​ប័ណ្ណពី​ក្រសួង​ព័ត៌​មាន​តាំងតែ​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ ​ប៉ុន្តែ​ត្រូវ​បាន​​ជួប​ឧបសគ្គ​ជា​បន្ត​បន្ទាប់​។ ​ដំបូង​ឡើយ​បក្ស​ប្រឆាំង​គ្រោង​សាង​សង់​នៅ​ទួល​គោកតែ​ក៏​ត្រូវ​ផ្អាក​ទៅ​វិញ​ដោយ​សារ​តែ​មាន​ការ​តវ៉ា​មិន​ឲ្យ​លើក​អង់​តែន​។ ក្រោយ​មក​បក្ស​ប្រឆាំង ក៏​ប្តូរ​ទៅ​ទិញ​ដី​នៅ​ក្រុង​តា​ខ្មៅ​អស់​ជាង​១០ម៉ឺន​៧​ពាន់​ដុល្លារតែ​ក៏​ត្រូវ​រាំង​ស្ទះ​ដោយ​សារ​តែ​ការ​ផ្ទេរ​កម្ម​សិទ្ធិនិង​រឿង​ហេតុ​ផ្សេងៗ​ទៀត​ដូច​ជា​ការ​ទាម​ទារ​ដក​លុយ​វិញ​ពី​សំណាក់​អ្នក​ចូល​លុយ​ពីមុនៗ​។

សូម​បញ្ជាក់ថា តាម​គម្រោង​ដំបូង គឺបក្ស​ប្រឆាំង​គ្រោង​ចំណាយ​លុយ​៣​លាន​ដុល្លារ​សម្រាប់​បង្កើត​ទូរ​ទស្សន៍​ថ្មី​នេះ​ ហើយ​ក៏​បាន​រៃ​អង្គាស​ប្រាក់​ពី​សប្បុរស​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចំនួន​៨០​ម៉ឺន​ដុល្លារ​។ លុយ​នេះ ត្រូវ​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា កំពុង​តែ​តម្កល់ទុក​នៅ​ធនាគារ​នៅ​ឡើយ​ទេ។

ចំពោះ​អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខ្លះ លើក​ឡើង​ថា លុយ​កាក់​ដំណើរ​ជា​រឿង​លំបាក​មួយ ហើយ​បញ្ហា​​ធនធាន​មនុស្ស​និង​បច្ចេក​ទេស គឺជា​ចំណោទ​ធំ​ថែម​ទៀត​សម្រាប់​ទូរទស្សន៍​នេះ។ ក៏​ប៉ុន្តែ​លោក អេង ឆៃអ៊ាង បញ្ជាក់ថា បក្ស​បាន​ត្រៀម​ខ្លះៗ​មក​ហើយ។

តាម​ប្រភព​ដដែល បើ​ការ​ផ្ទេរ​សិទ្ធិ​សម្រាប់​ដីថ្មី​បា​នសម្រេច​ហើយ បក្ស​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ដំឡើង​អង់តែន​ថែម​ទៀត ដែល​នេះ ត្រូវ​លោក អេង ឆៃ​អ៊ាង មើល​ឃើញ​ថា ក៏​ជា​ការ​លំបាក​ថែម​ទៀត តែ​វា​​អាស្រ័យ​ទៅ​លើ​ដង្ហើម​នៃ​សន្ទុះ​នយោបាយ។

ចំពោះ​ពេល​វេលា​សាង​សង់​ទូរទស្សន៍​នេះ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្លាស់​ប្តូរ​ក្តី​សង្ឃឹម​ជា​ច្រើន​ដងដូច​ជា​រំពឹង​ថា​នឹង​សាង​សង​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ​នេះ​ឲ្យ​​ជោគជ័យ​នៅ​ចុង​ ឆ្នាំ​២០១៥ តែ​ត្រូវ​ពន្យារ​ពេល។ នៅ​ពេល​ជិត​ដាច់​ឆ្នាំ​២០១៦​នេះ​ទៅ​ហើយ ក៏នឹង​ត្រូវ​​បន្ត​លើក​ពេល​ទៅ​ទៀត។ ត្បិ​ត​យ៉ាង​នេះ​ក្តីមន្ត្រី​បក្ស​ប្រឆាំង​ធ្លាប់​បាន​អះ​អាង​ថានឹង​ធ្វើ​ឲ្យ​រួច​រាល់​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧។ ជា​មួយ​គ្នា​នេះលោក អេង ឆៃអ៊ាង លើក​ឡើង​ថា​ចំពោះ​ពេលវេលា​សម្រាប់​សង់​ឲ្យ​រួច​រាល់​អាច​នឹង​មាន​ការ​បត់បែន​ទៅតាម​ស្ថានភាព​នយោបាយ។

កន្លង​ទៅ​គេ​បាន​ដឹង​ត្រួស​ៗពីរចនា​សម្ព័ន្ធ​ក្រុមហ៊ុន​ទូរទស្សន៍​នេះ អ្នក​គ្រប់​គ្រង គឺ​ជា​ភរិយា​របស់​​អតីត​​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ីលោក ​ហុង សុខ​ហួរ។​ លោក​ ហុង​ សុខ​ហួរ​ ដែល​​កំពុង​ជាប់​ឃុំ​នៅគុក​​ព្រៃ​សរ​។

មន្ត្រី​បក្ស​សង្គ្រោះជាតិ​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង​ថា បើ​ទូរទស្សន៍​ព្រះអាទិត្យចេញ​ជា​រូប​រាង គឺ​នឹង​ផ្សាយ​ព័ត៌មាន​ពិតហើយ​នឹង​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​និង​បារី​នោះ​ទេ។ ហើយ​ផ្តោត​លើ​ការអប់រំ ​លើក​កម្ពស់​ចំណេះ​ដឹង​អប់រំ​ឲ្យ​សីលធម៌និង​គុណធម៌​។រឿង​ដែល​ទូរ​ទស្សន៍​នេះ នឹង​ផ្សាយ​មុនគេ​​គឺ ​រឿង​កាប់​បំផ្លាញ​ព្រៃឈើរឿង​ពុក​រលួយរឿង​ជម្លោះ​ព្រំ​ដែននិង​ជីវភាព​វេទនា​របស់​កម្មករ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ