ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 28/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT
កម្ពុជា

សង្គ្រោះ​ជាតិ​ជ្រើស​រើស​អនុប្រធាន ៣​រូប​ដោយ​គ្មាន​ការ​កែ​ប្រែ បើ​ទោះ​បី​ជា​មាន​ការ​បដិសេធ​ច្រើន​លើក

media  
រូបភាព​ចាស់៖ លោក កឹម សុខា ប្រធាន​​បក្ស​​សង្គ្រោះ​​ជាតិ មាន​​ប្រសាសន៍​​នៅ​​ក្នុង​​សមាជ​​វិសាមញ្ញ​​លើក​​ទី ២ របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ។ @Kem Sokha fb

គណៈកម្មាធិការ​នាយក​គណបក្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី ១៧ ឧសភា​នេះ​ដើម្បី​ជ្រើស​រើស​អនុប្រធាន​ទាំង ៣​រូប​ដែល បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​ជា​ផ្លូវការណ៍​កាល​ពី​ថ្ងៃ​ទី ២៥ មេសា។ ក្រោយ​កិច្ច​ប្រជុំ​បេក្ខភាព​អនុប្រធាន​ទាំង​បី​គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។

លោក​អេង ឆៃអ៊ាង លោក​ស្រី​មូរ សុខហួរ និង​លោក​ប៉ុល ហំម​នៅ​តែ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល បន្ទាប់​ពី​ការ​បដិសេធ​ជា​ច្រើន​លើក​របស់​ក្រសួង​មហាផ្ទៃ។ គណៈកម្មាធិការ​នាយក​គណបក្ស​នៅ​ថ្ងៃ​ទី ១៧​ ឧសភា​បាន​សម្រេច​ដោយ​សំឡេង​ស្ទើរ​ជា ​ឯកច្ឆន្ទ​ក្នុង​ចំណោម​សមាជិក​ប្រមាណ ៩៨​នាក់ ជ្រើស​រើស​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ទាំង ៣​រូប​នេះ។ ​ក្នុង​ការ​ជ្រើស​រើស​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​បាន​ធ្វើ​ជា​អធិបតី​ភាព។

សូម​បញ្ជាក់​ថា ទំរាំ​បាន​ក្លាយ​ជា​ប្រធាន និង​អនុប្រធាន​ពេញ​សិទ្ធិ​ដូច​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួង​មហាផ្ទៃ​ឆ្លង​កាត់​ការ​ផ្ទុះ​វោហារសាស្ត្រ​ដាក់​គ្នា​ជា​ច្រើន​លើក ជា​ច្រើន​សារ។
 
ក្រោយ​លោក​សម រង្ស៊ី បាន​ចាក់​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី ១៦ កុម្ភៈ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី​០២ មិនា​ដើម្បី​ជ្រើស​រើស​ប្រធាន និង​អនុប្រធាន​គណបក្ស​ដោយ​ប្រើ​ប្រាស់​រូបមន្ត ប្រធាន ១​រូប និង​អនុប្រធាន​ចំនួន​៣​រូប។ ប៉ុន្តែ​កាល​ណោះ​ក្រសួង​មហាផ្ទៃ​មិន​ព្រម​ទទួល​ស្គាល់​ព្រោះ​តែ​ខុស​លក្ខន្តិកៈ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ត្រង់​ប្រការ ៤៧​ចាស់។ ប្រការ​នេះ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជ្រើស​រើស​អនុប្រធាន​គណបក្ស​រហូត​ដល់​បី​រូប​នោះ​ទេ។
 
វា​ជា​ពេល​ដែល ក្រសួង​មហាផ្ទៃ និង​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​ដល់​ចំណុច​តាន​តឹង​មួយ និង​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​រិះ​គន់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។ ប៉ុន្តែ​ក្រោយ​មក​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ទន់​ឥរិយាបថ​សម្រប​សម្រួល​ធ្វើ​សមាជ​កែ​ប្រែ​ប្រការ ៤៧​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៥ មេសា ឱ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ មាន​អនុប្រធាន​លើស​ពី​ ១​ដែល​ជា​ការ​សម្រេច​នយោបាយ​ផ្ទៃ​ក្នុង​របស់​បក្ស និង​បាន​ផ្ញើរ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ឱ្យ​ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​នេះ។ ទើប​ថ្ងៃ​ទី​០៣ ឧសភា​ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ទទួល​ស្គាល់។​
 
លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ចាប់​ពី​ពេល​នេះ ត​ទៅ​គណបក្ស​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដូច​អ្វី​ដែល​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ដែល​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​មាន​ការ​រៀប​រយ​ចំពោះ​កិច្ចការ​ផ្ទៃ​ក្នុង​មុន​ថ្ងៃ​ទី ៥ មិថុនា។ សូម​បញ្ជាក់​ថា ការ​ជ្រើស​រើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​ធ្វើ​ឡើង​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការ​ចាប់​ផ្តើម​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ឧសភា​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ