អានតួអត្ថបទ
កម្ពុជា

គ.ជ.ប មិន​បាន​លើក​រឿង​លោក​នី ចរិយា ជជែក​ជាមួយ​គណៈ​ប្រតិភូ​មូលនិធិ​កូហ្វីអាណាន់

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មូល​និធិ​កូហ្វី​អាណាន់។ ការ​ពិភាក្សា​គ្នា​នោះ​ បាន​ផ្តោត​ជា​សំខាន់​តែ​ទៅ​លើ​ស្ថាន​ភាព​នៃ​ការ​រៀបចំ​ការបោះឆ្នោត និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ ចំណែក​ករណី​លោក​នី ចរីយា អគ្គលេខាធិការ​រង​គ.ជ.ប មិន​ត្រូវ​បាន​ភាគី​ទាំង​ពីរ​នេះ​លើក​មក​ពិភាក្សា​គ្នា​នោះ​ទេ។

លោក​ ​​នី ចរីយា ​អគ្គលេខាធិការ​​រង​​គ.ជ.ប​។
លោក​ ​​នី ចរីយា ​អគ្គលេខាធិការ​​រង​​គ.ជ.ប​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​ប្រតិភូ​មូលនិធិ​កូហ្វីអាណាន់ ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រាន់​តែ​បង្ហើប​ប្រាប់​រឿង​លោក​នី ចរិយា ត្រូវ​បាន​ចាប់​ខ្លួន​ដល់​ប្រតិភូមូលនិធិ​កូហ្វីអាណាន់​ប៉ុណ្ណោះ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាន​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​ណា​មួយ​នោះ​ទេ​ជុំវិញ​រឿង​នេះ។ លោក​ថា គ.ជ.ប ជា​ស្ថាប័ន​អព្យាក្រិត។ ដូច្នេះ​គ.ជ.ប មិន​លូក​ដៃ​ចូល​ទៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​ណា​មួយ​នោះ​ឡើយ។

 
ចំណែក​លោក​ Alan Boss នាយក​ប្រតិបត្តិ​មូលនិធិ​កូហ្វីអាណាន់​វិញ បាន​បញ្ជាក់​ថា លោក​ទើប​តែ​មក​ដល់​ប្រទេស​កម្ពុជា ដូច្នេះ​លោក​មិន​បាន​ដឹង​ច្បាស់​អំពី​ករណី​ចាប់​ខ្លួន និង​ឃាត់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នេះ​ទេ។ តែ​ទោះ​យ៉ាង​ណា ភាគី​ទាំង​ពីរ អាច​នឹង​ពិភាក្សា​គ្នា​អំពី​រឿង​នេះ​ឡើង​វិញ​ បន្ទាប់​ពី​ប្រតិភូមូលនិធិ​កូហ្វី​អាណាន់​ជួប​ពិភាក្សា​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ហង្ស ពុទ្ធា។

គួរ​ជម្រាប​ជូន​ថា លោក​នី ចរិយា អតីត​មន្ត្រី​សិទ្ធិ​មនុស្ស និង​ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដែល​ទើប​ចូល​កាន់​តំណែង​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​ផង​នោះ កំពុង​ត្រូវ​បាន​ឃុំ​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ “សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្ស៊ី” នៅ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដល់​ស្មុគស្មាញ​រវាង​កញ្ញា​ខុម ចាន់តារាទី​ ហៅ​ស្រី​មុំ និង​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ។

ក្រោម​ហេតុ​ផល​ថា មិន​ចង់​លូក​ដៃ​ចូល​កិច្ច​ការ​របស់​ស្ថាប័ន​ដទៃ មក​ទល់​នឹង​ពេល​នេះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​មិន​បាន​ចាត់​វិធានការ​តាម​និតីវិធី​ច្បាប់​ណាមួយ ដើម្បី​ជួយ​ដល់​លោក​នី ចរិយា​នោះ​ទេ​។ ក៏​ប៉ុន្តែ​បើ​តាម​លោក​ហង្ស ពុទ្ធា នៅ​ពេល​ខាង​មុខ​នេះ លោក​ គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប នឹង​ដឹកនាំ​អ្នក​ច្បាប់​ចំនួន ៤​រូប និង​សមាជិក គ.ជ.ប ៣​រូប​ទៀត ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ លោក នី ចរិយា នៅ​ក្នុង​ពន្ធនាគារ​ក្រុង​ភ្នំពេញ(PJ)។

ក្រៅ​ពី​ករណី​លោក​នី ចរិយា​នេះ លោក រ៉ុង ឈុន សមាជិក​គ.ជ.ប​ កូតា​ខាង​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​សើរើ​ករណី​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េង​ស្រេង​ផង​ដែរ។ គឺ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ទៅ​កាន់​លោក រ៉ុង ឈុន ដោយ​បាន​បញ្ជាក់​ប្រាប់​ថា​សំណុំ​រឿង​របស់​លោក ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​ជំនុំ​ជម្រះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត បាន​អះអាង​ថា ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​ទាំងពីរ​របស់​ខ្លួន​នេះ កំពុង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់​ក៏​ដោយ ក៏​មិន​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​គ.ជ.ប​នោះ​ដែរ ព្រោះ​ថា គ.ជ.ប​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​គ.ជ.ប​កំណែ​ទម្រង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ