អានតួអត្ថបទ
កម្ពុជា

យុវ​សិស្ស​ស្លាប់​នៅ​កោះពេជ្រ ល្ងាចមិញ​ ដោយសារ​ស្ទះ​ខ្យល់​ដង្ហើម​

ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​​យុវជន​ម្នាក់​នៅ​កោះពេជ្រល្ងាចមិញនេះបងស្រីសពជន​រងគ្រោះ បាន​បញ្ជាក់តាមសម្តីរបស់​វេជ្ជបណ្ឌិតថាប្អូនប្រុសរបស់ខ្លួន ពិត​ជា​ស្លាប់ដោយស្ទះខ្យល់​ពិត​មែន​។ គឺ​មិន​មែន​ដោយ​ជាតិ​គីមី​ពុល​អ្វីទេ។ ចំណែក​តំណាង​ក្រុម​ហ៊ុន​ទូរស័ព្ទ Metfone ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ព័ណ៌នោះ​ បាន​យក​ប្រាក់​​២០០០ដុល្លារ​​សហរដ្ឋ​អាមេរិក​ ចូល​បុណ្យ​សព​។ សពយុវសិស្ស​ថ្នាក់​ទី​១២នោះ ​បូជានៅ​វត្ត​ទួល​សង្កែ នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ​។

កម្មវិធី ​Color Race​ កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ​ឆ្នាំ​២០១៥។
កម្មវិធី ​Color Race​ កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ​ឆ្នាំ​២០១៥។ សហការី
ផ្សាយពាណិជ្ជកម្ម

គ្រូពេទ្យ​ដែល​ធ្វើ​កោសល្ល​វិច្ច័យ​សាក​សព​ បាន​បញ្ជាក់​ប្រាប់​គ្រួសារ​ជន​រងគ្រោះ​ថា​ យុវសិស្ស​ម្នាក់​នេះ​ បាន​ស្លាប់​ដោយ​ស្ទះ​ខ្យល់​ដង្ហើម​ និង​ពុំមែន​មក​ពី​ពុល​ជាតិ​គីមី​អ្វី​ទេ។ ក៏​ប៉ុន្តែ​គ្រួសារ​សព​និង​អ្នក​ជិត​ខាង​នៅ​តែ​មិន​ទាន់​អស់​ចិត្ត​សោះ​ ព្រោះ​អ្នក​ស្លាប់​ទើប​តែ​មាន​អាយុ​១៨​ឆ្នាំ​ មាន​កម្លាំង​មាំមួន​ និង​មិន​ធ្លាប់​មាន​ជំងឺ​ខ្សោយ​បេះដូង​ពី​មុន​មក​ទេ។ នេះ​បើ​តាម​ប្រភព​ពី​បងស្រី​ជន​រងគ្រោះ ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ទាំង​អួល​ដើមក។ បង​ស្រី​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នា​ពេល​នេះ​ ខាង​ក្រុម​គ្រួសារ​នៅ​មិន​ទាន់​រៀប​ចំ​ប្តឹង​ផ្តល់ ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នេះ​នៅ​ឡើយ​ទេ​ ព្រោះ​គ្រួសារ​កំពុង​រៀប​ចំ​ពិធី​បុណ្យ​បូជា​សព​សិន។
 
ចំណែក​លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ដែល​បាន​ធ្វើ​ការ​ស្និទ​ជាមួយ​វេជ្ជបណ្ឌិត​និង​អាជ្ញាធរ​នោះ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ យុវជន​ម្នាក់​នេះ​បាន​ស្លាប់​ដោយសារ​មាន​បញ្ហា​ខ្សោយ​បេះដូង​ និង​ខ្យល់​គរ។
 
គួរ​ជម្រាប​ជូន​ថា​ នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ឧសភា ​ក្រុមហ៊ុន Metfone ដែល​មាន​ស្នាក់​ការ​ធំ​នៅ​ប្រទេស​វៀតណាម បាន​រៀបចំ​ការ​ប្រគំតន្ត្រី ​និង​ព្រឹត្តិការណ៍​រត់​ប្រណាំង​ព័ណ៌ ​Color Race ដោយ​មាន​យុវជន​ចូលរួម​រាប់​ម៉ឺន​នាក់។ កម្មវិធី​នេះ បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ និង​បាន​ត្រូវ​ជួយ​សម្រួល​ចរាចរណ៍ សន្តិសុខ​សណ្តាប់​ធ្នាប់​ និង​មាន​ឡាន​ពេទ្យ​ ពី​សាលាក្រុង​ជា​ដើម។ ប៉ុន្តែ​ក្រុមហ៊ុន​ខាង​លើ​នេះ​ មិន​បាន​ឲ្យ​ដំណឹង​ ឬ​សុំ​ជំនួយ​សហការ​ផ្នែក​បច្ចេកទេស​ ពី​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នោះ​ទេ។ នេះ​បើ​តាម​ លោក វ៉ាត់ ចំរើន អគ្គលេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។
 
ទោះ​យ៉ាង​នេះ​ក្តី​ លោក ឡុង ឌីម៉ង់ និង​លោក​ វ៉ាត់ ចំរើន បាន​លើក​ឡើង​ថា​ សូម​កុំ​យក​ការ​ស្លាប់​របស់​យុវជន​ម្នាក់​នេះ​ទៅ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​កេង​ចំណេញ​នយោបាយ​ ឬ​បង្ក​ការ​លាប​ពណ៌ឲ្យ​ប្រកាន់​ពូជសាសន៍​ នៅ​លើ​គំនរ​ទុក្ខ​របស់​គ្រួសារ​ជន​រងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ