ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 27/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 27/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 27/09 12h00 GMT
កម្ពុជា

ខុមហ្វ្រែល​៖ តំណាង​រាស្ត្រ​CNRP សកម្ម​ជាង CPP តែ​ក៏​រងការ​គំរាម​កំហែង​ច្រើន​

media  

នៅ​ព្រឹក​ថ្ងៃ​ទី ១៨​កុម្ភៈ​នេះ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បាន​ចេញ​ផ្សាយ​របាយការណ៍​សង្កេត​រដ្ឋសភា និង​តំណាង​រាស្ត្រ​ ឆ្នាំ​ទី​២ នៃ​នីតិកាល​ទី៥។ ហើយ​តាម​របាយការណ៍​នេះ បាន​បង្ហាញ​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ភាព​សកម្មជាង តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ពួក​គេ​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​គម្រាម​កំហែង​ ករណី​ហិង្សា​ ​ការ​បំពាន​លើ​អភ័យ​ឯក​សិទ្ធិ​ និង​ការ​ដក​តំណែង​ជាដើម​។ របាយការណ៍​ដែល​បាន​ធ្វើ​ការ​សង្កេត​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ខែ​តុលា ឆ្នាំ ២០១៥ ក៏​បាន​បញ្ជាក់​ថា ទោះ​បី​ជា​គណបក្ស​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​មាន​២ ប៉ុន្តែ​រាល់​ការ​ពិភាក្សា​ ការ​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់ និង​សេចក្តី​ព្រាង​ច្បាប់​ភាគ​ច្រើន គឺ​ត្រូវ​បាន​អន្តោម័ត ដោយ​គណបក្ស​កាន់​អំណាច​តែ​មួយ។

តាម​របាយការណ៍​សង្កេត​រដ្ឋសភា​ និង​តំណាង​រាស្ត្រ ឆ្នាំ​ទី​២ នីតិកាល​ទី៥ ក្នុង​ឆ្នាំ ២០១៥ របស់​ខុមហ្វ្រែល បាន​បង្ហាញ​ថា បញ្ញត្តិ​ខ្លះ​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ត្រូវ​បាន​កែ​លម្អ។ ហើយ​សកម្មភាព​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​ចំនួន​នៃ​ការ​ឡើង​បញ្ចេញ​មតិ​របស់​តំណាង​រាស្ត្រ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ មាន​ការ​កើន​ឡើង ប៉ុន្តែ​សកម្ម​ភាព​ចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ក្នុង​របាយការណ៍​ឆ្នាំ​ទី​១ ឆ្នាំ ២០១៤។
 
ក្រៅ​ពី​នោះ របាយការណ៍ ក៏​បាន​សង្កេត​ឃើញ​ថា ទោះបី​ជា​ការ​កើន​ឡើង​នូវ​ការ​បញ្ចេញ​មតិ​របស់​តំណាង​រាស្ត្រ ប៉ុន្តែ​ការ​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់ និង​សេចក្តី​ព្រាង​ច្បាប់​ជា​ច្រើន គឺ​ខ្វះ​តម្លា​ភាព មិន​សូវ​មាន​គុណភាព ព្រម​ទាំង​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់។ មាន​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៥ ត្រូវ​បាន​អនុម័ត​ដោយ​សម្លេង​តែ​មួយ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ 
 
និយាយ​ពី​សកម្មភាព​របស់​គណៈ​កម្មការ​ជំនាញ​របស់​រដ្ឋសភា​វិញ គឺ​មាន​ការ​កើន​ឡើង​ច្រើន ទាំង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​រយៈពេល ​ចាប់​ពី​ខែ​វិច្ឆិកា ២០១៤ ​ដល់​ខែ​តុលា ២០១៥ គឺ​មាន​សកម្មភាព​រហូត​ដល់ ១០៥​លើក។ ប៉ុន្តែ​ក្នុង​ចំណោម​សកម្មភាព​របស់​គណៈកម្មការ​ជំនាញ​ទាំង​អស់ គឺ​គណៈកម្មការ​ជំនាញ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សកម្មភាព​ច្រើន​ជាង​ស្ទើរ​តែ​ជិត​ ២ដង នៃ​សកម្មភាព​របស់​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ គណៈកម្មការ​ដែល​មាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដឹកនាំ បាន​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​ក្នុង​គណៈកម្មការ​ជំនាញ និង​ជួប​ពិភាក្សា​តាម​សាមី​ក្រសួង​ពាក់ព័ន្ធ មាន​រហូតដល់ ៦៦​លើក ខណៈ​ខាង​បក្ស​កាន់​អំណាច មាន​តែ​ ៣៩​លើក។ មាន​រដ្ឋ​មន្ត្រី​ចំនួន ៨រូប ត្រូវ​បាន​ហៅ​មក​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​ក្នុង​ក្រសួង​សាមី។
 
យ៉ាង​ណា​ក៏​ដោយ របាយការណ៍​នេះ បញ្ជាក់​ថា​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សកម្មភាព​ច្រើន​នោះ កំពុង​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង អំពើ​ហិង្សា ការ​រំលោភ​បំពាន​លើ​ការ​ដក​អភ័យ​ឯកសិទ្ធិ​ពី​រដ្ឋសភា និង​ពី​តុលាការ ការ​ដក​តំណែង និង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។​ 
 
គួរ​ជម្រាប​ជូន​ថា ខុម​ហ្វ្រែល បាន​តាម​ដាន​ពី​សកម្មភាព​របស់​តំណាង​រាស្ត្រ​គណបក្ស​ជាប់​ឆ្នោត​ទាំង ២ បន្ទាប់​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ព្រម​ដឹក​ដៃ​គ្នា​ដើរ​ចូល​រដ្ឋសភា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣។ ខុម​ហ្វ្រែល នឹង​ធ្វើ​ការ​សង្កេត​របៀប​នេះ រហូត​ដល់​ការ​បោះឆ្នោត​អណត្តិ​ក្រោយ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត បាន​​យល់​ដឹង​ពី​សកម្មភាព​របស់​តំណាង​រាស្ត្រ​បក្ស​ជាប់​ឆ្នោត​នីមួយៗ ក្នុង​រដ្ឋសភា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ