អានតួអត្ថបទ
កម្ពុជា

អង្គការខុមហ្វ្រែល បដិសេធ​ការ​ភ្ជាប់​សកម្មភាព​របស់​ខ្លួន​ទៅ​នឹង​បដិវត្តន៍​ពណ៌

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ផ្សារ​ភ្ជាប់​សកម្មភាព​សង្កេតការណ៍​បោះ​ឆ្នោត​របស់​ខ្លួន ទៅ​នឹង​បដិវត្តន៍​ពណ៌​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៧​តុលា ខុមហ្វ្រែល​បាន​គូស​បញ្ចាក់​ថា ខុមហ្វ្រែល​ជា​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល មិន​ទទួល​ឥទ្ធិពល និង​មិន​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។

រូប​សញ្ញា​គណៈកម្មាធិការដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល
រូប​សញ្ញា​គណៈកម្មាធិការដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល Comfrel
ផ្សាយពាណិជ្ជកម្ម

ការ​បដិសេធ​របស់ ខុមហ្វ្រែល ធ្វើ​ឡើង​ក្រោយ​ពី​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី បង្ហោះ​ផ្សាយ​វីដេអូ​មួយមាន​ខ្លឹម​សារ​ចង្អុល​ដាក់​ខុមហ្វ្រែល​ថា ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​សង្កេតការណ៍​បោះ​ឆ្នោត​ដើម្បី​ឈាន​ទៅ​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។

តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ​របស់​ខ្លួន ខុមហ្វ្រែល បាន​សម្ដែង​ការ​ខក​ចិត្ត និង​អះអាង​ថា ខ្លួន​មិន​អាច​ទទួល​យក​បាន​ទេ ការ​ចោទ​ប្រកាន់​នេះ។ បើ​តាម​អង្គការ​ខុមហ្វ្រែល សកម្ម​ភាព​សង្កេតការណ៍​បោះ​ឆ្នោត​របស់​ខ្លួន តាំង​ពី​ឆ្នាំ​១៩៩៨ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​គោលដៅ​រួម​ចំណែក​ពង្រឹង​ជំនឿ​លើ​សុចរិតភាព ទៅ​លើ​ការ​ចាត់ចែង និង​ការ​ប្រើ​ប្រាស់​សម្ភារៈ​បោះ​ឆ្នោត​។

នៅ​ឆ្នាំ​២០១៣ ខុមហ្វ្រែល​បញ្ជាក់​ថា ការ​ធ្វើ​ពិសោធ​លើ​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​សម្រាប់​ការ​បោះ​ឆ្នោត ថា​តើ​លុប​ជ្រះ​ឬ​អត់ មាន​ការ​ចូល​រួម​ពី គជប និង​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ជា​ច្រើន​។ ហើយ​តាម​រយៈ​ការ​រក​ឃើញរបស់​ខុមហ្វ្រែល​ពី​​ហានិភ័យនៃ​​ការ​លុប​ទឹក​ខ្មៅ​ជ្រះ​នៅ​ឆ្នាំ​២០១៣​នោះ បាន​ជំរុញ​ឲ្យ គ.ជ.ប បង្កើត​វិធានការណ៍​៥​ចំណុច​ដើម្បី​ទប់ស្កាត់ នៅ​ឆ្នាំ​២០១៧​។ នេះ​បើ​តាម ខុមហ្វ្រែល​។

ចំណែក​ការ​ធ្វើ​របាយការណ៍ និង​ការ​វាយ​តម្លៃ ដើម្បី​រក​ចំណុច​វិជ្ជមាន ឬ​អវិជ្ជមាន និង​ផ្ដល់​អនុសាសន៍​នានា​សម្រាប់​ការ​បោះ​ឆ្នោត ខុមហ្វ្រែល លើក​ឡើង​ថា ខ្លួន​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ ស្រប​តាម​និយាម​ជាតិ​និង​អន្ដរជាតិ​យ៉ាង​ច្បាស់​លាស់ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ ឬ​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។ ក្នុង​ន័យ​នេះ ខុមហ្វ្រែល បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី បញ្ឈប់​ការ​ផ្សារ​ភ្ជាប់​សកម្មភាព​ស្រប​ច្បាប់​នៅ​ក្នុង​ការ​សង្កេតការណ៍​បោះ​ឆ្នោត​របស់​ខុមហ្វ្រែល ថា​ជា​សកម្មភាព​បដិវត្តន៍​ពណ៌​ទៀត​ទៅ​។

គួរ​ជម្រាប​ជូន​ដែរ​ថា មិន​មែន​មាន​តែ​អង្គការ​ខុមហ្វ្រែល​ទេ ដែល​ត្រូវ​បាន​អង្គភាព​ប្រតិកម្ម​រហ័ស ចង​ភ្ជាប់​ទៅ​នឹង​បក្ស​ប្រឆាំង ក៏​ដូច​ជា​សកម្មភាព​បដិវត្តន៍​ពណ៌​។ អង្គការ NDI ដែល​ត្រូវ​បាន​បិទ, កាសែត The Cambodia Daily, វិទ្យុ​អន្ដរជាតិ​ផ្សាយ​ជា​ភាសា​ខ្មែរ​មួយ​ចំនួ និង​អង្គការ​សង្គម​ស៊ីវិល​ទទួល​ជំនួយ​ពី​លោក​ខាង​លិច​ខ្លះ​​ទៀត ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​វីដេអូ​របស់​អង្គភាព​ប្រតិកម្ម​រហ័ស ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បដិវត្តន៍​ពណ៌​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ