អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ចង់​ឲ្យ​ក្រសួង​វប្បធម៌​បំភ្លឺពី​ការងារ​ចំនួន​៤របស់​អាជ្ញាធរ​អប្សរា

គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ចង់​ឲ្យ​ក្រសួង​វប្បធម៌​បំភ្លឺ​ជា​សាធារណៈ​ពី​ការងារ​ចំនួន​៤របស់​អាជ្ញាធរ​អប្សរា​។ នេះ​បើ​តាម​លិខិត​ដែល​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជូន​ទៅ​កាន់​រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ លោក ស្រី ភឿង សកុណា​ នៅ​ថ្ងៃ​ទី​២៦​មេសា​។ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ បាន​លើក​ឡើង​ថា សំណើ​សុំ​ឲ្យ​ក្រសួង​វប្បធម៌​បំភ្លឺ​ពី​ការងារ​របស់​អាជ្ញាធរ​អប្សរា​ដូច្នេះ ធ្វើ​ឡើង​​ឆាប់​រហ័ស​ពេក ប៉ុន្តែ​លោក​ថា ក្រសួង​វប្បធម៌​រីករាយ​នឹង​បំភ្លឺ​ជូនសភា​អំពី​ការងារ​របស់​ខ្លួន​ដោយ​មោទន​បំផុត​។

លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ
លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ
ផ្សាយពាណិជ្ជកម្ម

មាន​រឿង​សំខាន់​យ៉ាង​ហោច​ណាស់​៤ពាក់ព័ន្ធ​នឹង​ការងារ​របស់​អាជ្ញាធរ​អប្សរា ដែល​អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា លោក សុន ឆ័យ ចង់​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌​បំភ្លឺ​ជា​សាធារណៈ​។

ទី​១ បញ្ហា​គ្រប់​គ្រង់​តំបន់​ប្រាង្គប្រាសាទ៖ គណៈកម្មការ​ទី​២​ចង់​ដឹង​ពី​ការ​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​ធ្ងន់​នៅ​ក្បែរ​ប្រាសាទ​មួយ​ចំនួន។ ទី​២ គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​រុះរើ​សំណង់​តូចតាច​របស់​​ប្រជាពលរដ្ឋ​ដើម្បី​ជំរិត​ទារ​ប្រាក់​ក្រៅ​ផ្លូវ​ការ​។ បញ្ហា​ទី​៣ គឺ​ការ​ចាយវាយ​ថវិការបស់​អាជ្ញាធរ​អប្សរា ដែល​​កើន​ឡើង​ពី​១៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០ រហូត​ដល់​២​៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​៖ លោក សុន ឆ័យ ចង់​ឲ្យ​ក្រសួង​វប្បធម៌​តាមដាន​ថា ខ្ទង់​​ចាយវាយ​ដ៏​ច្រើន​​នេះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ ខណៈ​ជួសជុល​ប្រាសាទ​ធំ​ៗ​មួយ​ចំនួន រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ជំនួយ​ពី​បរទេស​រួច​ហើយ​នោះ​។ បញ្ហា​ទី​៤ ពាក់ព័ន្ធ​នឹង​ការ​លក់​ជួល​ដី​របស់​អាជ្ញាធរ​អប្សរា៖ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​ចង់​ដឹង​ថា​ថវិកាបាន​មក​ពី​ការ​លក់​ជួល​ដី​នោះ​​នៅ​ឯណា? ជាក់​ស្ដែង អាជ្ញាធរ​បាន​ជួល​ដី​ដែល​រឹប​អូស​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុនលោក សុខ គង់ ​ចំនួន ២៣​ហិកតារ ក្នុង​តម្លៃជិត​១០​លាន​ដុល្លារ រយៈពេល ៩៩​ឆ្នាំ ដែល​លោក សុន ឆ័យ ចាត់​ទុក​ថា ជា​តម្លៃដ៏​ថោក ខណៈ​តម្លៃ​ដី​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាច​មាន​តម្លៃ​ដល់​ទៅ​៦៩​លាន​ដុល្លារ​ឯ​ណោះ​។

លោក សុន ឆ័យ អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​សៅរ៍​នេះ​ថា ក្រសួង​វប្បធម៌​មាន​ពេល​១​សប្ដាហ៍​ដើម្បី​ឆ្លើយ​តប ក្រោយ​ពេល​បាន​ទទួល​លិខិត​ពី​ប្រធាន​រដ្ឋសភា​។

លោក ថៃ នរៈសត្យា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ បាន​អះអាង​ថា លោក​បាន​ទទួល​ដំណឹង​ពី​លិខិត​នេះ​ហើយ​។ ប៉ុន្តែ​សម្រាប់​រូប​លោក សំណើ​​​សុំ​ឲ្យ​ក្រសួង​វប្បធម៌​បំភ្លឺ​ពី​ការងារ​របស់​អាជ្ញាធរ​អប្សរា​ដូច្នេះ ធ្វើ​ឡើង​​ឆាប់​រហ័ស​ពេក ខណៈ​​ដែល​រដ្ឋាភិបាល​ទើប​តែ​ផ្ទេរ​អាជ្ញាធរ​អប្សរាមក​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កាល​ពី​ចុង​ខែ​មីនា​ប៉ុណ្ណោះ ហើយ​ក្រសួង​ក៏​កំពុង​តែ​សិក្សា​ស្វែង​យល់​ពី​ការងារ​របស់​ស្ថាប័ន​នេះ​នៅ​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ​គូស​បញ្ជាក់​ថា ក្រសួង​វប្បធម៌​រីករាយ​នឹង​បង្ហាញ​កិច្ចការរបស់​ខ្លួន​​ដោយ​មោទនភាពបំផុត ទៅ​តាម​សំណើ​របស់​សភា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ