អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រុម​ការងារ​សិក្សា​ពី​ការ​កែ​រដ្ឋធម្មនុញ្ញ គ្រោង​នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ

ក្រុម​ការងារ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សិក្សា​ពី​ចំណុច​ដែល​ត្រូវ​កែ​រដ្ឋធម្មនុញ្ញ គ្រោង​នឹង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ស្វែង​រក​ចំណុច​រួម និង​ជាក់​លាក់​ ថា គួរ​តែ​ដក​ឬ​ដាក់​ចំណុច​ណា​ខ្លះ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ជំនួប​អាច​នឹង​ធ្វើ​ឡើង នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ទិវា​ជ័យ​ជម្នះ​៧ មករា។

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ @សហការី
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី ០១ ធ្នូ នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ស្វែង​រក​ចំណុច​រួម ស្តី​ពី វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ផ្តួច​ផ្តើម​គំនិត​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ ជំនួប​របស់​ក្រុម​ការងារ​ដែល​មាន​សមាជិក​១២​រូប ដឹក​នាំ​ដោយ​លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ នេះ អាច​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ ៧ មករា ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។

លោក ខៀវ សុភ័គ អ្នក​នំា​ពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ​ ក្រុម​ការងារ​កំណែ​ទម្រង់​មួយ​ទៀត​នឹង​ជួប​ប្រជុំ​គ្នា​ផង​ដែរ ស្តី​ពី ការ​ប្រព្រឹត្ត​ទៅ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។ ក្រុម​ការងារ​នេះ មាន​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ធ្វើ​ជា​ប្រធាន។

គួរ​រំលឹក​ជូន​ថា រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ០១ ធ្នូ ឆ្នាំ​មុន បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហាញ​បំណង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​កាល​​ពី​មុន​ដំណាច់​ឆ្នាំ​២០១៧ ពី​ការ​កាត់​បន្ថយ​ចំនួន​ក្រុម​ប្រឹក្សា​គណៈរដ្ឋមន្រ្តី​របស់​លោក ឲ្យ​នៅ​សល់​តិច​បំផុត។ ក្រុម​ការងារ​នេះ មាន​លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ធ្វើ​ជា​ប្រធាន លោក ឆេង សារឿន រដ្ឋលេខាធិការ​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច, លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​លោក កើត រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ជា​អនុប្រធាន និង​អម​ដោយ​សមាជិក​៨​រូប​ទៀត ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​ច្បាប់​មក​ពី​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ក្រសួង​មហា​ផ្ទៃ​ជា​ដើម។

កាល​ពី​សប្តាហ៍​មុន លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​មាន​ចំនួន​៣​ចំណុច រួម​មាន ទី​១. ការ​កាត់​បន្ថយ​សមាសភាព​រាជរដ្ឋាភិបាល ឬ​ការ​ផ្តល់​តួនាទី​រដ្ឋលេខាធិការ នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ, ទី​២. ការ​គិត​អគតិ​មក​លើ​កម្ពុជា​ឬ​ប្រៀប​ប្រដូច​កម្ពុជា​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​មាន​សង្រ្គាម​ហែក​ហួរ និង​ទី​៣. ទប់​ស្កាត់​ការ​ជ្រៀត​ជ្រែក​គោលការណ៍​ប្រឆំាង​មក​ពី​ប្រទេស​ខាង​ក្រៅ​ជា​ដើម។ ពិសេស​ជាង​នេះ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី នឹង​មាន​ការ​បន្ថែម​ការ​កំណត់​ទោស​ឲ្យ​ធ្ងន់​ធ្ងរ ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​ផង​ដែរ។

នេះ​គឺ​ជា​លើក​ទី​០៩​ហើយ ចាប់​តាំង​ពី​បាន​បង្កើត​នៅ​១៩៩៣​មក ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ