អានតួអត្ថបទ
កម្ពុជា

ត្រីមាស​​ទី១​ឆ្នាំនេះ​៖​ទុន​​វិនិយោគ​​លើ​​វិស័យ​​សំណង់​​ធ្លាក់​ចុះ​​ជាង​២២% ​តែ​​ក្រសួង​​ថា​​បង្កើត​​ការងារ​​បាន​​ច្រើន​

នៅក្នុង​រយៈពេល៣ខែ​ដើមឆ្នាំ២០១៧នេះ ការសាងសង់​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន៧៨៦គម្រោង គឺមាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំទៅ​ដែលមាន​តែ៤៧៣គម្រោង​ប៉ុណ្ណោះ។ ចំណែក​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​វិញ​គឺមាន​ប្រមាណ​ជាង១ពាន់២រយ​លាន​ដុល្លារ(១.២៨២.១៥៨.២៨៨) បាន​ធ្លាក់ចុះ២២.១៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៦ដែល​តម្លៃ​ជាង១ពាន់៦រយ​លាន​ដុល្លារ(១.៦៤៧.៣០៤.៨៧៤)។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី១ឆ្នាំ២០១៧ និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​ដែនដី។

ត្រីមាស​​ទី១​ឆ្នាំនេះ​៖​ការ​វិនិយោគ​​លើ​​វិស័យ​​សំណង់​​ធ្លាក់​ចុះ​​ជាង​២២% ​តែ​​ក្រសួង​​ថា​​បង្កើត​​ការងារ​​បាន​​ច្រើន​
ត្រីមាស​​ទី១​ឆ្នាំនេះ​៖​ការ​វិនិយោគ​​លើ​​វិស័យ​​សំណង់​​ធ្លាក់​ចុះ​​ជាង​២២% ​តែ​​ក្រសួង​​ថា​​បង្កើត​​ការងារ​​បាន​​ច្រើន​ RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​កម្រាស់៦ទំព័រ​របស់ខ្លួន ក្រសួង​ដែនដី​បាន​បង្ហាញថា ភាគច្រើន​នៃ​ការផ្តល់​គម្រោង​សំណង់ គឺធ្វើឡើង​តាមរយៈ​សមត្ថកិច្ច​សាលា​រាជធានី-ខេត្ត ដែលមាន​ចំនួន៧៣១គម្រោង និង​មានតម្លៃ​ទុនវិនិយោគ​ប្រមាណ​ជាង១៧០លាន​ដុល្លារ​អាមេរិក(១៧០.៨៨៦.៧៥៨)។ តម្លៃ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ គឺ​បាន​កើនឡើង៦៣,៥៣ភាគរយ។ ចំណែក​សមត្ថកិច្ច​ក្រសួង​វិញ បានផ្តល់​គម្រោង​ចំនួន៥៥គម្រោង​ក្នុងចំណោម​គម្រោង​ទាំងអស់​ចំនួន៧៨៦គម្រោង។ រីឯ​តម្លៃ​ទុនវិនិយោគ គឺ​ប្រមាណ​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក(១.១១១.២៧១.៥៣០.) គឺ​បាន​ធ្លាក់ចុះ២៧,៩៧ភាគរយ។

លោក​សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​មិន​ព្រម​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​នេះ​នោះទេ ដោយ​លោក​បាន​បញ្ជាក់ថា របាយការណ៍​នេះ គឺ​គ្រាន់តែ​ធ្វើ​នៅត្រឹម​ក្របខណ្ឌ​អគ្គនាយកដ្ឋាន​សំណង់​ប៉ុណ្ណោះ ពោល គឺ​ត្រូវ​យកមក​ផ្ទៀងផ្ទាត់​និង​ត្រួតពិនិត្យ​ឡើងវិញ​នៅក្នុង​ក្របខណ្ឌ​ក្រសួង​សិន។

បើទោះបី​តម្លៃ​វិនិយោគ​ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៧នេះ មានការ​ធ្លាក់ចុះ​ដល់​ទៅ​ជាង២២ភាគរយ​យ៉ាងណាក៏ដោយ ក៏​ក្រសួង​ដែនដី​បានលើកឡើង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​ថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​ដែល​គិត​ជា​មធ្យម​គឺ​ប្រមាណ​ជា៤ម៉ឺន៨ពាន់​នាក់​ទៅ៥ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​កម្មករសំណង់​ប្រមាណ​ជា២ម៉ឺន២ពាន់​នាក់​ទៅ២ម៉ឺន៣ពាន់​នាក់​ក្នុង​មួយថ្ងៃ។

តាម​របាយការណ៍​ដដែល ក្រសួង​ដែនដី​ក៏បាន​សិក្សា​ស្រាវជ្រាវ​ឃើញថា តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ​ក្នុង១ថ្ងៃ​ទទួលបាន ៣ម៉ឺន៥ពាន់​រៀល​ទៅ៤ម៉ឺន​រៀល ខណៈ​កម្មករ​មាន​ជំនាញ និង មេជាង​វិញ ក្នុង១ថ្ងៃ​ទទួលបាន​តម្លៃ​ពលកម្ម ៥ម៉ឺន​រៀល ដល់៧ម៉ឺន៥ពាន់​រៀល។ ចំណែក​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញផ្សេងៗទៀត​វិញ ក្នុង១ខែ ទទួលបាន​ប្រាក់បៀវត្ស ពី៤០០ដុល្លារ​អាមេរិក ទៅ២ពាន់​ដុល្លារ​អាមេរិក។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ២០១៦កន្លងទៅ គម្រោង​សាងសង់​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន២៦៣៦គម្រោង ស្មើនឹង​តម្លៃ​វិនិយោគ​ចំនួន​ជាង៨.៥ពាន់​លាន​ដុល្លារ​អាមេរិក(៨.៥៣៤.០៥៨.៣៨៩) គឺ​បាន​កើនឡើង​ដល់​ទៅ១៥៥,៦៨ភាគរយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១។ ដោយឡែក​គិត​ចាប់ពី​ឆ្នាំ២០០០រហូតដល់​ខែមីនា ឆ្នាំ២០១៧នេះ សំណង់​ដែល​បាន​សាងសង់​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន៣ម៉ឺន៧ពាន់៦រយ៣៧គម្រោង​ស្មើនឹង​ទឹកប្រាក់​វិនិយោគ​ចំនួន​ជាង៣២.៦ពាន់​លាន​ដុល្លារ​អាមេរិក(៣២.៦២៤.៩៦៧.០១៩)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ