អានតួអត្ថបទ
កម្ពុជា

KTV កំពុង​រំលោភ​សិទ្ធិ​អ្នក​និពន្ធ​យ៉ាង​ខ្លាំង!

នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ កន្លែង​កម្សាន្ត​ Karaoke ឬ KTV កំពុង​ដុះ​រីក​ដូច​ផ្សិត ហើយ​កន្លែង​ទាំង​នោះ ក៏​កំពុងតែ​រំលោភ​សិទ្ធិ​អ្នកនិពន្ធ ​យ៉ាង​ខ្លាំង​ណាស់​​។ ចំណែក​អ្នក​និពន្ធ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ គួរ​ប្រមូល​ចង​ក្រង​គ្នា​ ដើម្បី​ទាមទារ​ឲ្យ​កន្លែង​សប្បាយ​ទាំង​នោះ ចូលរួម​ចំណែក​បង់​វិភាគ​ទាន​សម្រាប់​សិទ្ធិ​និពន្ធ។ ធ្វើ​ដូច្នេះ គឺ​ក្រៅ​ពី​ពង្រឹង​ច្បាប់ ហើយ​ក៏​អាច​ជួយ​លើក​ស្ទួយ​ជីវភាព​អ្នកនិពន្ធ​បាន​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​វប្បធម៌ នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល នៅ​ថ្ងៃទី​ ១៩តុលា​នេះ។

KTV កំពុងរំលោភសិទ្ធិអ្នកនិពន្ធយ៉ាងខ្លាំង!
KTV កំពុងរំលោភសិទ្ធិអ្នកនិពន្ធយ៉ាងខ្លាំង! google
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សិក្ខាសាលា​នេះ លោក លឹម យូសួរ អគ្គនាយក​រង​រដ្ឋ​បាល​ និង​ហិរញ្ញ​វត្ថុ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ថ្លែង​ថា មាន​ Karaoke KTV រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​កំពុង​រំលោភ​បំពាន​យ៉ាង​ច្រើន​ចំពោះ​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​លើ​បទ​ចម្រៀង​រាប់​សិប​ពាន់​បទ​។ លោក​បាន​សង្កត់​ធ្ងន់​ថា គឺ​មាន​តែ​អ្នក​និពន្ធ​ទេ​ ដែល​មាន​សិទ្ធិ​ធ្វើ​អាជី​វកម្ម​លើ​ស្នាដៃ​របស់​ខ្លួន ក្រៅ​ពី​នោះ ទាល់​តែ​សុំ​សិទ្ធិ​អ្នក​និពន្ធ​ជា​មុន​សិន។

តាម​ប្រភព​ដដែល​ មិន​ត្រឹមតែ​កន្លែង​កម្សាន្ត​ Karaokeតែ​មួយ​មុខ​ទេ ដែល​កំពុង​បំពាន​សិទ្ធិ​នេះ គឺនៅ​មាន​អង្គការ​ទូរផ្សាយ ​ទូរទស្សន៍ វិទ្យុ ក្រុមហ៊ុន​ទូរសព្ទ ក្រុមហ៊ុន​អ៊ីនធើណិត កន្លែង​ប្រគំ​តន្រ្ដី បារ រង្គសាល សណ្ឋាគារ​ រោង​កុន ផ្សារ​ទំនើប​ និង​កន្លែង​ថត​ចម្លង ជា​ដើម ក៏​កំពុង​តែ​កេញ​ប្រវញ្ច​លើ​សិទ្ធិ​អ្នកនិពន្ធ ទាំង​ដឹង​ខ្លួន​ និង​មិន​ដឹង​ខ្លួន​ក្តី។

ជា​ដំណោះស្រាយ​ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​វប្បធម៌​រូប​នេះ បាន​ក្រើន​រម្លឹក​ដល់​រាជការ និង​មន្ទីរ​​ក្រោម​ឱវាទ ឲ្យ​ចុះ​ត្រួត​ពិនិត្យ​ និង​សុំ​បង្កើន​កិច្ច​សហការ​ជាមួយ​ម្ចាស់​កន្លែង​ទាំង​អស់​នោះ។ លោក​ឧទាហរណ៍​ថា​ បើ​កន្លែង​កម្សាន្ត​ទាំង​នោះ ផ្តល់​វិភាគទាន​តែ​មួយ​កន្លែង​ ៥០​ដុល្លារ​ក្នុង​មួយ​ខែ​ ក៏​អ្នក​និពន្ធ​ខ្មែរ​មាន​ជីវភាព​គ្រាន់​បើ​ជា​សព្វ​ថ្ងៃ​នេះ​ដែរ។​

ថែម​ពី​នេះ លោក លឹម យូសូរ ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នកនិពន្ធ​ទាំង​អស់​រួប​រួម​គ្នា ចូល​ជា​សមាជិក​អង្គភាព​គ្រប់​គ្រង​សិទ្ធិរួមរបស់​ក្រសួង ដើម្បី​មាន​កម្លាំង​ធំ និង​រឹងមាំ​​ សម្រាប់​តាម​ដាន និង​ត្រួតពិនិត្យ​ការ​អនុវត្តសិទ្ធិអ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល​។ បើ​តាម​ប្រភព​ដដែល​ កិច្ច​ការ​នេះ បើ​ដំណើរ​ការប្រព្រឹត្ត​ទៅល្អ គឺ​នឹង​ធ្វើ​ឲ្យ​អ្នក​និពន្ធ​មាន​ទឹក​មាត់​លេប ហើយ​អាច​ផលិត​ស្នាដៃ​ថ្មី​ច្រើន​ និង​មាន​គុណភាព​ផងដែរ។​

ត្បិត​យ៉ាង​នេះក្តី តែ​ ​អង្គភាព​គ្រប់​គ្រង​សិទ្ធិរួម នៅ​មិន​ទាន់​មាន​ដំណើរ​ការសកម្មភាព​នៅឡើយ​ទេ ដែល​នេះ​ត្រូវការ​កិច្ច​សហការឲ្យ​សកម្ម​​ពីក្រសួងសាមី​ ​ក្រុម​អ្នកនិពន្ធខ្លួន​ឯងផ្ទាល់ និង​ម្ចាស់​ផលិត​កម្មនានា​៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ