អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ករណី​រំលោភ​ដីធ្លី នៅ​កោះរុង​៖ ACU រក​ឃើញ​ថា មន្ត្រី​រួម​ដៃ​បន្លំ​ឯកសារ​ចំនួន ៦​មុខ​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU នៅ​ថ្ងៃ​សុក្រ​ទី ២៨ មិថុនានេះ បាន​ធ្វើ​សន្និសិទ​កាសែត​មួយ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ឃាត់​ខ្លួន​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥នាក់ និង លោក​ឧកញ៉ា សុខ ប៊ុន ម្នាក់​ផង ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​ដី​ខុស​ច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ បើ​តាម ACU អ្នក​ទាំង​៦នាក់​នេះ បាន​កែ្លង​បន្លំ​ឯកសារ ដើម្បី​រំលោភ​យក​ដីធ្លី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​ចំនួន​៥២៨​ហិកតា ដែល​មាន​តម្លៃ​គិត​ជា​ទឹក​ប្រាក់ ចំនួន​រាប់​លាន​ដុល្លារ​អាមេរិក​។ 

ឧទ្យានជាតិសមុទ្រដំបូងគេ នឹងត្រូវបង្កើតលើឧទ្យានជាតិកោះរ៉ុង ក្នុងខេត្តព្រះសីហនុ
ឧទ្យានជាតិសមុទ្រដំបូងគេ នឹងត្រូវបង្កើតលើឧទ្យានជាតិកោះរ៉ុង ក្នុងខេត្តព្រះសីហនុ @សហការី
ផ្សាយពាណិជ្ជកម្ម

ជន​សង្ស័យ​ទាំង ៦នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​រួម​មាន ឈ្មោះ អ៊ុង និត ប្រធាន​ក្រុម​ប្រឹក្សា ក្រុងកោះរ៉ុង, ឈ្មោះ សេង ហួលាង ចៅ​សង្កាត់​កោះរ៉ុង, ឈ្មោះ ហែម សាឡេះ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​កោះរ៉ុង, ឈ្មោះ កែ សោម ចៅ​សង្កាត់​រង​ទី២ ក្រុង​កោះរ៉ុង និង ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុង រួម​នឹង​ លោក​ឧកញ៉ា សុខ ប៊ុន អគ្គ​នាយក សុខ ប៊ុន គ្រុប ដែល​ធ្លាប់​មាន​រឿង​អាស្រូវ​វ៉ៃតប់​សិល្បការនី​ អ្នក​នាង សាសា កាល​ពី​ពេល​កន្លង​មក​។

បើ​តាម ACU ​មុន​ឈាន​ដល់​ការ​ចោទ​ប្រកាន់​នេះ ACU បាន​រក​ឃើញ​ភស្តុតាង​ជា​ឯកសារ​ក្លែង​បន្លំ​ដី​ធ្លី​ចំនួន ៦ មុខ របស់ លោក ឧកញ៉ា សុខ ប៊ុន និង មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥​នាក់​នោះ​។ ក្នុង​នោះ​រួម​មាន​ពាក្យ​ស្នើរ​សុំ​កាន់​កាប់​ដីធ្លី កិច្ចសន្យា កិច្ច​សន្យា​ផ្ទេរ​សិទ្ធិ​បណ្តោះ​អាសន្ន ពាក្យ​សុំ​កាន់​កាប់ និង ប្រើ​ប្រាស់​ដីធ្លី និង លិខិត​បញ្ជាក់​ពី​ស្ថានភាព​ដី​របស់ លោក សុខ ប៊ុន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់ ឈ្មោះ អ៊ុង និត ពីបទ «បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត, វីតិ​ក្រម, ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ ក្លែង​ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាល​ពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា»។ ដោយ​ឡែក​ឈ្មោះ សេង ហូលាង, ឈ្មោះ ហែម សាឡេះ, ឈ្មោះ កែវ សោម, ឈ្មោះ កែវ ពៅ ពីបទ «បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត, ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ